រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋចំនួនជាង១០គ្រួសារបាននាំគ្នាបញ្ចេញប្រតិកម្មយ៉ាងខ្លាំងតបតទៅនឹង សកម្មភាពរបស់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដែលបានដាក់គ្រឿងចក្រទៅវាយកម្ទេចរបងផ្ទះ ខណៈដែលម្ចាស់ផ្ទះខ្លះយល់ព្រមរុះរើដោយខ្លួនឯង និងរុះរើខ្លះៗទៅហើយនោះ។ ពួកគាត់ក៏បានបញ្ជាក់ ថា ការតវ៉ានេះពុំមែនជាការជំទាស់ ឬរារាំងផែនការអភិវឌ្ឍន៍របស់អាជ្ញាធរនោះទេ អ្នកដែលប៉ះពាល់តម្រូវ ឲ្យរុះរើមានទាំងសងខាងផ្លូវពុំមែនមានតែខាងពួកគាត់ម្ខាងនោះ។

ពួកគាត់ព្រមរុះរើពេលណាក៏បាន ប៉ុន្តែសុំឲ្យអាជ្ញាធរធ្វើអ្វីទៅតាមគោលការណ៍ច្បាប់ និងការស្មើភាពគ្នា កុំមកវាយរុះរើតែខាងពួកគាត់ រីឯអ្នកដែលស្ថិតនៅចំណែកផ្លូវម្ខាងទៀតប៉ះពាល់ដូចគ្នាដែរមិនព្រមរុះរើសោះបែបនេះ។ ហេតុការណ៍តវ៉ានេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋបាននិយាយថា ពួកគាត់មិនបានជំទាស់ទៅនឹងការអភិវឌ្ឍន៍នោះទេ ផ្ទុយទៅវិញមានតែ ត្រេកអរខ្លាំងណាស់ ដែលបានផ្លូវធំសម្រាប់ប្រើប្រាស់ ប៉ុន្តែអាជ្ញាធរក៏ពុំគួរធ្វើអ្វីស្រេចតែចិត្តបែបនេះដែរ ត្រូវមានការចូលរួមសហការណ៍ពីសំណាក់ពួកគាត់ឲ្យបានត្រឹមត្រូវផង ទើបការអភិវឌ្ឍន៍ទទួលបាន ភាពជោគជ័យ និងរលូនហើយមានភាព សុខសាន្តទាំងអស់គ្នាទៅបាន មិនមានអ្នកសើចហើយក៏គ្មានអ្នកយំ។

ប៉ុន្តែការធ្វើឡើងនាពេលនេះគឺអាងអំណាចទាំងស្រុង និងខ្វះធម៌មេត្តា ខ្វះសុជីវធម៌ និងការប្រាស្រ័យទាក់ទងគ្នាពេកហើយ នេះគឺពួកគាត់មិនចង់និយាយដល់ ពាក្យអ្វីលើសពីនេះទៀតទេ ឆ្លៀតពេលដែលពួកគាត់មិននៅបែរជានាំគ្នាដាក់គ្រឿងចក្រវាយខ្ទេចខ្ទី បណ្ដាលឲ្យបាត់បង់ទ្រព្យសម្បត្តិ ដូចជាម៉ាស៊ីនភ្លើងគាត់ថែមទៀតផង។ ប្រជាពលរដ្ឋខាងលើបានបន្ត ទៀតថា អាជ្ញាធរខណ្ឌបានជូនដំណឹងឲ្យធ្វើការរុះរើកាលពី២សប្ដាហ៍មុន ក្រោយមកបានហៅទៅចូលរួម ក្នុងវេទិការសាធារណៈនៅក្នុងវត្តពោធិ៍ចិនតុង អំពីការរុះរើពង្រីកផ្លូវ ពេលនោះពួកគាត់មិនបានជំទាស់ឡើយ តែសុំរុះរើដោយខ្លួនឯងពុំមែនឲ្យអាជ្ញាធរវាយកម្ទេច បែបនេះឡើយ។

ម្យ៉ាងសុំឲ្យអាជ្ញាធរធ្វើអ្វីស្របទៅតាមគោលការណ៍ច្បាប់ និងធ្វើដោយស្មើភាពគ្នាត្រូវរុះរើរាល់ផលប៉ះពាល់ទូទៅទាំងសងខាងផ្លូវ ហើយផលប៉ះពាល់ពុំមែនតែផ្ទះ ពួកគាត់ផ្ទះអ្នកដទៃផ្សេងទៀតនោះទេ តែក៏នៅមានរបងសាលារៀន និងរបងវត្តក៏តម្រូវឲ្យរុះរើផងដែរ ។ ពួកគាត់បាននិយាយប្រាប់អាជ្ញាធរហើយប្រាប់ទៀតថា ឲ្យតែរុះទាំងអស់គ្នាគឺពួកគាត់មិនជំទាស់ដាច់ខាត តែទោះជាយ៉ាងណា រហូតមកដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ពួកគាត់ក៏បាននាំគ្នារុះរើខ្លះៗហើយដែរ ព្រោះមិនចង់ឲ្យអាជ្ញាធរវាយកម្ទេចនាំឲ្យខូចខាត និងបាត់បង់ទ្រព្យសម្បត្តិ។

តែបន្ទាប់ពីរុះរើបានខ្លះ ពួកគាត់បានសម្រាកសិនរង់ចាំពេលទំនេររុះបន្តទៀត ស្រាប់តែនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ខណៈដែលពួកគាត់ខ្លះរវល់ចេញក្រៅអាជ្ញាធរក៏បានដាក់គ្រឿងចក្រទៅវាយរបងខ្ទេចខ្ទីរដោយពុំបាន ប្រាប់មួយម៉ាត់ ហើយនិយាយឡើងការអភិវឌ្ឍន៍ តែរុះរើត្រង់នេះបន្តិចត្រង់នោះបន្តិច មិនស្មើភាពគ្នាសោះ ខាងណារុះបានរុះតែខាងនោះ ឯខាងណាម្ចាស់គេតឹងរ៉ឹងអត់ហ៊ានរុះរបស់គេឡើយ។ ដោយឡែកអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានចេញលិខិតជូនដំណឹងមួយឲ្យរុះរើរួចហើយតាំងពីថ្ងៃទី២៦ ខែមិថុនាមកម្ល៉េះ ជម្រាបជូនដល់ម្ចាស់រោងចក្រសហគ្រាស និងបងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន នៅអមសងខាងផ្លូវលេខ២០០៩ ក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១នោះ។
ធ្វើការរុះរើសំណង់ប៉ះពាល់ចេញ ព្រោះរដ្ឋបាលសាលារាជធានីភ្នំពេញមានគម្រោងពង្រីកផ្លូវទំហំ១០ម៉ែត្រ និងដាក់លូ១ខ្សែតាមបណ្ដោយផ្លូវដែលមានបណ្ដោយ ប្រវែង៧៥០ម៉ែត្រ រហូតដល់ព្រំប្រទល់ខណ្ឌសែនសុខ រហូតពេលនេះដល់កំណត់ត្រូវរុះរើក៏ដាក់គ្រឿងចក្រវាយរុះរើតែម្ដង ដើម្បីឲ្យអ្នកមិនទាន់រុះនាំគ្នារុះចេញតែម្ដង៕ ដោយ ៖ យន់ ស៊ីថា
ចែករំលែកព័តមាននេះ