រាជធានីភ្នំពេញ ៖ កិច្ចប្រតិបត្តការបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតថ្នាំញៀនជិត១គីឡូក្រាម នោះជាការបង្ហាញដោយស្នាដៃ របស់លោកវរៈសេនីយ៍ទោ រ៉ឹម ម៉ិច ដែលទើបនឹងឡើងកាន់តំណែង ជាប្រធានការិយាល័យប្រឆាំងគ្រឿងញៀន ថ្មោងថ្មី។

កិច្ចប្រតិបត្តិការបង្ក្រាបនោះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យមន្ត្រីអនុវត្តច្បាប់ នៃការិយាល័យប្រឆាំងគ្រឿងញៀន ចុះអនុវត្តវិធានញុះញង់ បង្ក្រាបជាក់ស្តែងករណីជួញដូរគ្រឿងញៀនខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យ ម្នាក់ឈ្មោះ សុខ ចន្ថា ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិវៀតណាម មុខរបរ រត់ម៉ូតូកង់បីឥណ្ឌា (ផាសអាប់).

ដកហូតវត្ថុតាង ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ប្រភេទមេតំហ្វេតាមីនចំនួន១កញ្ចប់ធំ ទម្ងន់ ៩២៩.៨៤ ក្រាម (ជិត១គីឡូក្រាម) ម៉ូតូកង់បី១គ្រឿង និងទូរស័ព្ទដៃចំនួន១គ្រឿង។ ក្រោយឃាត់ខ្លួនជនសង្ស័យ នឹងថ្នាំញៀន ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ដោយ ៖ ឃឹម ប៊ុនណាក់
ចែករំលែកព័តមាននេះ