រាជធានីភ្នំពេញ ៖ ជីវិតមនុស្សពិតជាផុយស្រួយខ្លាំងណាស់ ជាក់ស្ដែងបុរសម្នាក់ខណៈកំពុងជិះម៉ូតូមួយគ្រឿងធ្វើដំណើរតាមផ្លូវសុខៗ ស្រាប់តែមានរថយន្តធុនធំដឹកគ្រឿងចក្រ១គ្រឿងបើកមកដល់បុកពីក្រោយយ៉ាងពេញទំហឹង និងអូសម៉ូតូជាង១០០ម៉ែត្រ បណ្ដាលឱ្យអ្នកបើកបរម៉ូតូបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ចោលប្រពន្ធនិងកូនប្រុសស្រីចំនួន៣នាក់ឱ្យរស់នៅកំព្រា។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

បុរសរងគ្រោះឈ្មោះ ជា សុវណ្ណ អាយុ៣៧ឆ្នាំ មុខរបរជាងកាត់សក់ផង និងបើកបររថយន្តដឹកដីផង សព្វថ្ងៃមានទីលំនៅក្នុងភូមិព្រៃកី«ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាអ្នកបើកបរម៉ូតូ១គ្រឿងម៉ាកហុងដាគុបជ្រុង ធុនសេ៥០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ ២BU-២៣២៧ ។

ចំណែករថយន្តដឹកគ្រឿងចក្រខាងលើនោះម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង ៣A-០២៤១ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។

តាមប្រភពពីអ្នកឃើញហេតុការណ៍បាននិយាយថា នៅមុនពេលកើតហេតុ បុរសរងគ្រោះបានជិះម៉ូតូ១គ្រឿងខាងលើធ្វើដំណើរតែម្នាក់ឯងក្នុងទិសដៅពីជើងទៅត្បូង ចំណែកឯរថយន្តដឹកគ្រឿងចក្របានបើកបរក្នុងទិសដៅស្របទិសគ្នាដែរ។ លុះមកដល់ត្រង់ចំណុចកើតហេតុ ពុំដឹងថា អ្នកបើកបររថយន្តរវល់តែងាកទៅណាទេ ស្រាប់តែរថយន្តនោះបានជ្រុលទៅបុកពីក្រោយម៉ូតូបុរសរងគ្រោះអូសជាង១០០ម៉ែត្រ បណ្តាលឲ្យអ្នកបើកបរម៉ូតូបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ។ រីឯអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុ នគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះទៅវាស់វែង រួចនាំយកទាំងម៉ូតូនិងរថយន្តទៅរក្សាទុករង់ចាំការចាត់ការតាមច្បាប់ ចំណែកសពជនរងគ្រោះត្រូវក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា)

ចែករំលែកព័តមាននេះ