ខេត្តកំពង់ធំ ៖កាលពីពេល ថ្មីៗកន្លងមក រាជបណ្ឌិត្យសភាកម្ពុជា បានស្រាវជ្រាវដល់ទីតាំងអតីតរាជធានីខ្មែរ សំខាន់ៗនៅក្នុងទឹកដីនៃខេត្តកំពង់ធំ និងខេត្តសៀមរាប ។ គោលបំណងនៃការស្រាវជ្រាវគឺដើម្បីសិក្សាពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ ក៏ដូចជាប្រមូលព័ត៌មាន និងទិន្នន័យ ថ្មីៗបន្ថែម សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំនិងចងក្រងឯកសារប្រវត្តិសាស្ត្រខ្មែរមួយស្តីពី«ប្រវត្តិអតីតរាជធានីនិងទីក្រុងបុរាណនៃអាណាចក្រខ្មែរ»។
ឯកឧត្តមបណ្ឌិតជូ ច័ន្ទដារី អគ្គលេខាធិការរងនៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំសមាជិកស្រាវជ្រាវ គឺលោកបណ្ឌិត ហេង ហុកវេន លោកសាន សុរាវនិត លោកហៀង លាងហុង និងលោកហូត រ៉ា ។
យោងតាមការផ្សាយរបស់ផេករាជបណ្ឌិតសភាកម្ពុជាឲ្យដឹងថា ក្រុមស្រាវជ្រាវគម្រោងបានចុះសិក្សាដល់ទីតាំងអតីតរាជធានីខ្មែរបុរាណ ដូចខាងក្រោម៖
១.រាជធានីឦសានបុរៈ កសាងក្នុងរាជ្យព្រះបាទឥសានវរ្ម័នទី១ នាពាក់កណ្តាលទី១ នៃសតវត្សទី៧ (គ.ស. ៦១៦ ដល់៦៣៧) ដែលសព្វថ្ងៃស្ថិតក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ភាពល្បីល្បាញនៃអតីតរាជធានីឦសានបុរៈ គឺ បណ្តុំនៃប្រាសាទបុរាណជាច្រើនដែលសង់ឡើងអំពីឥដ្ឋ លើកលែងតែសមាសធាតុតុបតែងលម្អខ្លះ ដូចជា ផ្តែរទ្វារ សសរពេជ្រ មេទ្វារ ជាដើម គឺធ្វើអំពីថ្មភក់។ លក្ខណៈពិសេសនៃសិល្បៈនិងស្ថាបត្យកម្មរបស់សំណង់ប្រាសាទក្នុងសម័យកាលនេះ ត្រូវបានគេចាត់ទុកជារចនាបថសិល្បៈខ្មែរ ហៅថា «រចនាបថសំបូរព្រៃគុក»។ ក្រុមប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់ក្នុងបញ្ជី បេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ នៅថ្ងៃទី៨ ខែកក្កដា គ.ស.២០១៧ ។
២. រាជធានីហរិហរាល័យ គឺជាអតីតរាជធានីអង្គរដ៏ធំដំបូងគេនៃអាណាចក្រអង្គរ ដែលកសាងឡើងក្នុងរាជព្រះបាទ ជ័យវរ្ម័នទី២ នាដើមសតវត្សទី៩ (គ.ស.៨០២ ដល់ ៨៥០) ។ អ្នកស្រាវជ្រាវបានចាត់ទុកព្រះបាទជ័យវរ្ម័នទី២ជាក្សត្រស្ថាបនិកទី១នៃអាណាចក្រអង្គរ ។ មានព្រះរាជាចំនួន៣ព្រះអង្គ បានសោយរាជ្យជាបន្តបន្ទាប់នៅរាជធានីហរិហរាល័យ ក្រោយការចូលទីវង្គតរបស់ព្រះបាទជ័យវរ្ម័នទី២ គឺព្រះបាទជ័យវរ្ម័នទី៣ (គ.ស.៨៥០ ដល់ ៨៧៧) ជាព្រះរាជបុត្រារបស់ព្រះបាទជ័យវរ្ម័នទី២ ព្រះបាទឥន្ទ្រវរ្ម័នទី១ (គ.ស.៨៧៧ ដល់ ៨៨៩) និង ព្រះបាទយសោវរ្ម័នទី១ (គ.ស.៨៨៩ ដល់ ៩០០) ជាបុត្រារបស់ព្រះបាទឥន្ទ្រវរ្ម័នទី១ ។
៣.រាជធានីមហេន្ទ្របព៌ត (ភ្នំគូលែន) ក្រោយការកសាងនិងរៀបចំរាជធានីហរិហរាល័យ ដែលជាមូលដ្ឋាននៃការគ្រប់គ្រងរដ្ឋបានរួចរាល់ហើយ ព្រះបាទជ័យវរ្ម័នទី២ បានយាងទៅប្រារព្ធពិធីទេវរាជានៅលើភ្នំគូលែន (សិលាចារឹកស្តុកកក់ធំ K. ២៣៥ ចារឹកថា មហេន្ទ្របវ៌ត) ។ ហើយព្រះអង្គបានគង់នៅរាជធានីមហេន្ទ្របព៌តនេះ បន្ទាប់មកបានយាងត្រលប់មកគង់នៅរាជធានីហរិហរាល័យវិញ ។ ក្នុងរយៈពេលព្រះអង្គគង់នៅមហេន្ទ្របព៌ត ព្រះអង្គបានកសាងព្រះរាជវាំងសង់អំពីឥដ្ឋ (ដែលអ្នកស្រាវជ្រាវជាតិនិងអន្តរជាតិបានកំណាយរកឃើញថ្មីៗកន្លងទៅ) ព្រមទាំងសង់ប្រាសាទតូចធំជាច្រើននៅរាយប៉ាយគ្រប់ទីកន្លែងសំខាន់ៗលើខ្នងភ្នំគូលែន ៕
ចែករំលែកព័តមាននេះ