រាជធានីភ្នំពេញ ៖ បន្ទាប់ពីជូនកូនស្រីម្នាក់អាយុ២នាក់ទៅដល់ស្រុកកំណើតឯខេត្តព្រៃវែងរួចហើយ បុរស៣នាក់បានជិះម៉ូតូមួយគ្រឿងឌុបគ្នាចេញពីខេត្តព្រៃវែងចូលមកភ្នំពេញវិញទាំងកណ្ដាលយប់ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ លុះមកដល់ចំណុចភូមិស្វាយតាអុក ក៏បានវ៉ារថយន្តមិនចាំម៉ាកមួយគ្រឿង តែមិនផុត ក៏ជ្រុលទៅបុកជាមួយរថយន្តឈ្នួលមួយគ្រឿងផ្សេងទៀតដែលកំពុងធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យបុរស២នាក់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ចំណែកម្នាក់ទៀតរបួសធ្ងន់ ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំង៣នាក់ខាងលើរួមមាន ១-ឈ្មោះ សុម វិចិត្រ ហៅចា ភេទប្រុស អាយុ២៣ឆ្នាំ កម្មកររោងចក្រ ជាម្ចាស់ម៉ូតូ និងជាអ្នកបើកបរម៉ូតូ ស្នាក់នៅផ្ទះជួលនៅជិតធនាគារកាណាឌីយ៉ា ផ្លូវវេងស្រេង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិព្រៃស្ទាំង ឃុំនគររាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង បានបាត់បង់ជីវិត ២-ឈ្មោះ ចឺត រស់នៅភូមិជិតគ្នា ជាអ្នករួមដំណើរដែលអង្គុយនៅកណ្តាល បានបាត់បង់ជីវិត និង៣-ឈ្មោះ រាត្រី អាយុ១៧ឆ្នាំ រស់នៅភូមិជិតគ្នា ជាអ្នករួមដំណើរដែលអង្គុយក្រោយគេ បានរងរបួសធ្ងន់ ។ ជនរងគ្រោះទាំង៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1R-៨៩៩០ ។

ចំណែករថយន្តមួយគ្រឿងខាងលើម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AQ-១៩៤៧ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់។

យោងតាមប្រភពត៌មានពីបុរសម្នាក់ត្រូវជាប្អូនជីដូនមួយរបស់ជនរងគ្រោះឈ្មោះ សុម វិចិត្រ ហៅចា បានអោយដឹងថា មុនកើតហេតុ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ជនរងគ្រោះទាំង៣នាក់ រួមនឹងក្មេងស្រីម្នាក់ អាយុ២ឆ្នាំ ត្រូវកូនរបស់ជនរងគ្រោះឈ្មោះសុម វិចិត្រ បានជិះម៉ូតូមួយគ្រឿងធ្វើដំណើរចេញពីភ្នំពេញទៅកាន់ខេត្តព្រៃវែង ក្នុងគោលបំណងជូនកូនស្រីទៅស្រុកកំណើតវិញ ដោយឱ្យនាងរស់នៅជាមួយយាយតា ហើយជនរងគ្រោះទាំង៣នាក់ក៏នៅលេងនៅទីនោះរហូតដល់យប់ ទើបនាំគ្នាជិះម៉ូតូត្រឡប់មកភ្នំពេញវិញ ។

តាមប្រភពដដែលបានបន្តថា លុះពេលត្រឡប់មកភ្នំពេញវិញ ជនរងគ្រោះទាំង៣នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នា ហើយក៏មានប្អូនជីដូនមួយចំនួ២នាក់ជិះម៉ូតូមួយគ្រឿងផ្សេងទៀតតាមក្រោយ ធ្វើដំណើរចេញពីខេត្តព្រៃវែងជាមួយគ្នា ដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីខេត្តព្រៃវែងចូលមករាជធានីភ្នំពេញ លុះពេលមកដល់ចំណុចកើតហេតុខាងលើ ជនរងគ្រោះក៏បានជិះម៉ូតូវ៉ារថយន្តមិនចាំម៉ាកមួយគ្រឿង តែមិនផុតក៏ជ្រុលទៅបុកជាមួយរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ជារថយន្តឈ្នួល ដែលកំពុងធ្វើដំណើរពីភ្នំពេញទៅផ្សារទ្រា ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹង ។

តាមប្រភពដដែលបានបន្តទៀតថា ក្នុងហេតុការណ៍នោះដែរ បណ្តាលឱ្យម៉ូតូខ្ទាតជាង៣០ម៉ែត្រ រងការខូចខាតមួយកំណាត់មុខទាំងស្រុង ចំណែកបុរស២នាក់បានបាត់បង់ជីវិត និងម្នាក់ទៀតរបួសធ្ងន់សន្លប់ស្ដូកស្ដឹង ត្រូវបានប្រជាពលរដ្ឋទាក់ទងហៅរថយន្ត
សង្គ្រោះមន្ទីរពេទ្យបង្អែកច្បារអំពៅមកដឹកយកជនរងគ្រោះទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យផងដែរ ។ ដោយឡែក រថយន្តឈ្នួលវិញបានរងការខូចខាតមួយកំណាត់មុខផ្នែកខាងស្តាំ និងគេចម៉ូតូឆ្លងចូលទៅគន្លងផ្លូវម្ខាងទៀត រួចអ្នកបើកបរក៏ទុករថយន្ដចោល នាំគ្នារត់គេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចទាក់ហៅសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតរៀងៗខ្លួន ចំណែកជនរងគ្រោះរបួសធ្ងន់ម្នាក់ទៀតកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ ។

បច្ចុប្បន្ន រថយន្តនិងម៉ូតូត្រូវកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងធ្វើការវាស់វែងយកទៅរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយបន្តទៀតនៅពេលក្រោយ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ