បើតាម ព្រះធម្មបាលោ ជន ចំណាន បានមានថេរដីកាថា ជនណាជាអ្នកពោលលើកគុណខ្លួនឯង ហើយបន្តុះបង្អាប់អ្នកដទៃ ជាអ្នកស្វែងរកកំហុសគ្នាទៅវិញទៅមក តែងត្រេកអរចំពោះពាក្យឥតប្រយោជន៍ ជាអ្នកស្វែងរកការផ្ចាញ់សម្តីនៃគ្នានិងគ្នា បុគ្គលនោះឈ្មោះថាជាទុទិដ្ឋិបុគ្គល ឬជាពាលបុគ្គល ។
ចំណែកឯជនជាសប្បុរសមិនប្រព្រឹត្តការគិតពោលដូច្នោះទេ ។ បើសប្បុរសប្រាថ្នានឹងនិយាយ ក៏ជាអ្នកឈ្លាស ស្គាល់កាល និយាយតែពាក្យសម្តីដែលប្រកបដោយធម៌ ជាសម្តីដែលអរិយជនធ្លាប់ប្រព្រឹត្តមកហើយ ជាអ្នកមានប្រាជ្ញា មិនក្រោធខឹង មិនលើកខ្លួន ឥតមានមានះ មិនលើកកម្ពស់ខ្លួន លោកជាអ្នកមិនមានឫស្យានិងសេចក្តីប្រកាន់ខ្លួន និងជាអ្នកដឹងពិតហើយទើបនិយាយ ។
កាលបើសម្តីដែលជនដទៃនិយាយត្រូវ ក៏អនុមោទនា តែបើគេនិយាយខុស ក៏មិនដេញដោល មិនប្រុងប្រណាំងប្រជែង មិនអាងហេតុចាប់ខុសគេ មិននិយាយប៉ប៉ាច់ប៉ប៉ោច មិននិយាយសង្កត់សង្កិនគេ មិននិយាយបាតដៃជាខ្នងដៃ នេះជាចរិតរបស់សប្បុរស ។ សាន សារិន
ចែករំលែកព័តមាននេះ