ខេត្តសៀមរាប ៖ ទាហាន២នាក់ធ្វើការនៅកងពលធំអន្តរាគមន៍លេខ ២ វរសេនាតូចកាំភ្លើងត្បាល់100DKZ 75 ជិះម៉ូតូមួយគ្រឿងឌុបគ្នាបើកបរក្នុងល្បឿនលឿន ជ្រុលទៅបុកគោយន្តកន្ត្រៃចតចោលតាមផ្លូវ បណ្តាលឱ្យបាត់បង់ជីវិតម្នាក់ ចំណែកម្នាក់ទៀតបានរងរបួសធ្ងន់ ។

ហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទី រសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខស្ថានីយប្រេងឥន្ធនៈមួយកន្លែង តាមបណ្តោយផ្លូវជាតិលេខ៦៨ ចន្លោះគីឡូម៉ែត្រលេខ២០-២១ ស្ថិតនៅភូមិតាប៉ាង ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ជី បេងជន អធិការនគរបាលស្រុកក្រឡាញ់ បានឱ្យដឹងកាលពីវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ កន្លងមកនេះថា ជនរងគ្រោះទាំង២នាក់ជាទាហានដែលបម្រើការងារនៅកងពលធំអន្តរាគមន៍លេខ ២ វរសេនាតូចកាំភ្លើងត្បាល់100DKZ 75 ក្នុងនោះម្នាក់ឈ្មោះ អៀម ម៉ុន ភេទប្រុស អាយុ២៨ឆ្នាំ ជាអ្នកបើកបរម៉ូតូ រស់នៅភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានបាត់បង់ជីវិត ចំណែកម្នាក់ទៀតឈ្មោះ ក្រឹម រ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជាអ្នករួមដំណើរ រស់នៅភូមិចង្ក្រានយក្ស ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានរងរបួសធ្ងន់ ។ ជនរងគ្រោះទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវអាល់ហ្វា ពណ៍ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1J-9843 ។ រីឯគោយន្តកន្ត្រៃមួយគ្រឿងខាងលើ ពណ៌ក្រហម អ្នកបើកបរមិនស្គាល់អត្តសញ្ញាណនោះទេ ។

លោកអធិការនគរបាលស្រុកបានឱ្យដឹងបន្តថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជាទាហាន២នាក់បានជិះម៉ូតូមួយគ្រឿងឌុបគ្នាធ្វើដំណើរក្នុងល្បឿនលឿនក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើក៏បានជ្រុលបុកពីក្រោយគោយន្តកន្ត្រៃមួយគ្រឿងកំពុងឈប់ចតចោលតាមចិញ្ចើមផ្លូវ បណ្តាលឱ្យអ្នកបើកបរម៉ូតូបាត់បង់ជីវិត ចំណែកអ្នករួមដំណើរបានរងរបួសធ្ងន់ រីឯម៉ូតូបានរងការខូចខាតយ៉ាងដំណំ ។ ចំណែកអ្នកបើកបរគោយន្តកន្ត្រៃបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកគោយន្តកន្ត្រៃដែលរងការខូចខាតស្រាលនៅនឹងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ ទាំងម៉ូតូ និងគោយន្តកន្ត្រៃត្រូវបានកម្លាំងជំនាញយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសែនសុខដើម្បីចាត់ការតាមនីតិវិធី។ ចំណែកជនរងគ្រោះ ដែលរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ រីឯសពជនរងគ្រោះម្នាក់ទៀតត្រូវបានកម្លាំងជំនាញប្រគល់ឱ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ