រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញផង បានឆ្មក់ចូលទៅក្នុងផ្ទះមួយកន្លែងដែលបានស្រាវជ្រាវដឹងថា ម្ចាស់ផ្ទះនោះគឺជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មនិងស្ទើរតែដុះស្លែទៅហើយនោះ។

ក្រោយពេលសម្រុកចូលទៅដល់ក្នុងផ្ទះ បានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់រួមនឹងកូនប្រុសម្នាក់ ប៉ុន្តែរកឃើញថ្នាំញៀនត្រឹមតែ២កញ្ចប់ រួមជាមួយនិងថង់សម្រាប់ច្រកវេចខ្ចប់គ្រឿងញៀនមួយចំនួនតែប៉ុណ្ណោះ។

ប្រតិបត្តិការបង្ក្រាបករណីខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង៣និង២៥នាទីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ១៨០ ក្រុមទី៧ ស្ថិតនៅក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នគរបាលបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់នោះ ស្ត្រីជាម្ដាយឈ្មោះងួន សំបូរ អាយុ៤៩ឆ្នាំ និងកូនប្រុសឈ្មោះ លី ហាក់ឡេង អាយុ១៨ឆ្នាំ អ្នកទាំង២នេះស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ ។ នៅក្នុងពេលនោះដែរកម្លាំងនគរបាលដកហូតបានថ្នាំញៀនចំនួន២កញ្ចប់ ព្រមទាំងថង់សម្រាប់ច្រកវេចខ្ចប់ថ្នាំញៀននិងវត្ថុតាងមួយចំនួនផ្សេងទៀតផងដែរ។

តាមប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា កម្លាំងនគរបាលបានធ្វើការស្រាវជ្រាវ ច្រើនថ្ងៃកន្លងមកហើយ បន្ទាប់ពីទទួលបានការផ្ដល់ព័ត៌មានពីសំណាក់មហាជនដែលបានប្រាប់ ប៉ុន្តែរហូតពេលនេះទើបកំណត់បានច្បាស់លាស់នូវមុខសញ្ញាខាងលើនេះ។បន្ទាប់មកកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅធ្វើការបង្ក្រាបនិងចាប់ខ្លួនបានទាំង២នាក់ម្ដាយនិងកូន ហើយក៏បានរកនិងដកហូតវត្ថុតាងខាងលើផងដែរ។

ក្រោយពេលកើតហេតុ ជនសង្ស័យទាំង២នាក់ត្រូវបាននាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕ (កែសម្រួលដោយ ៖ ធីតា)





ចែករំលែកព័តមាននេះ