ខេត្តកណ្តាល ៖ មានករណីក្មេងស្រីអាយុ១ខួប៨ខែម្នាក់ បានលង់ទឹកអាងក្នុងបន្ទប់ទឹក បណ្តាលឱ្យបាត់បង់ជីវិត បង្កអោយមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៦យប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។
ក្មេងស្រីរងគ្រោះឈ្មោះស៊ីថា នីកា អាយុ១ឆ្នាំ៨ខែ មានឪពុកឈ្មោះ ជួប ស៊ីថា អាយុ២៥ឆ្នាំ និងម្តាយឈ្មោះ ចិន្តា ចន្ទី អាយុ២៤ឆ្នាំ ។ គ្រួសារនេះរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីសាក្សីបានអោយដឹងថា មុនពេលកើតហេតុ ស្ត្រីជាម្តាយក្មេងរងគ្រោះកំពុងតែមើលកូនតូចនៅក្នុងផ្ទះ ស្រាប់តែក្មេងស្រីរងគ្រោះបានចេញមករត់លេងខាងក្រៅផ្ទះដូចសព្វដង ដោយនៅជិតៗនោះសុទ្ធតែផ្ទះបងប្អូន ។
តាមប្រភពដដែលបានបន្តថា រហូតដល់វេលាម៉ោងកើតហេតុខាងលើ ដោយសារមិនឃើញក្មេងស្រីរងគ្រោះ ទើបបងប្អូននាំគ្នាដើររក ហើយស្ត្រីឈ្មោះ ជ័យ ស្រីអូន ជាត្រូវជាជីដូនរបស់ក្មេងស្រីរងគ្រោះ ដែលមានផ្ទះនៅជាប់គ្នាចំហៀងខាងកើត បានទៅមើលក្នុងបន្ទប់ទឹករបស់ខ្លួន ស្រាប់តែប្រទះឃើញក្មេងស្រីរងគ្រោះនៅក្នុងទឹកអាងក្នុងបន្ទប់ទឹក ហើយក៏នាំគ្នាស្រង់ក្មេងស្រីរងគ្រោះមកធ្វើចលនា និងយកទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកស្រុកខ្សាច់កណ្តាលដែរ ប៉ុន្តែក្មេងស្រីរងគ្រោះបានបាត់បង់ជីវិតបាត់ទៅហើយ ។
បន្ទាប់ពីកើតហេតុ ក្រុមគ្រួសាររបស់ក្មេងស្រីរងគ្រោះបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាមាក់ ហើយផ្នែកជំនាញជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិគ្រូពេទ្យ និងក្រុមគ្រួសារដើម្បីធ្វើការពិនិត្យសពក្មេងស្រីរងគ្រោះ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ ទើបសមត្ថកិច្ជជំនាញសន្និដ្ឋានថា ក្មេងស្រីរងគ្រោះបានបាត់បង់ជីវិតដោយសារលង់ទឹកអាងក្នុងបន្ទប់ទឹកប្រាកដមែន ។
ក្រោយពេលពិនិត្យរួច សមត្ថកិច្ចជំនាញបានប្រគល់សពក្មេងស្រីរងគ្រោះឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ