ខេត្តកណ្តាល៖ យុវជនម្នាក់បានដុតបំផ្លាញផ្ទះខ្លួនឯង រួចដេកកណ្តាលផ្លូវរារាំងមិនអោយរថយន្តពន្លត់អគ្គិភ័យចូលទៅពន្លត់ទៀត លុះអនុប៉ុស្តិ៍ម្នាក់ចូលទៅហៅឱ្យក្រោកចេញ ស្រាប់តែជនសង្ស័យផ្ទុះកំហឹងក៏បានយកខ្សែក្រវ៉ាត់វាយទៅលើអនុប៉ុស្តិ៍រូបនោះ បណ្តាលឱ្យរងរបួសបែកក្បាលឈាម បន្ទាប់មកជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួន ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលា១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះផន លីកូ ភេទប្រុស អាយុ២៧ឆ្នាំ ជាអនុប៉ុស្តិ៍តាក្តុល មានទីលំនៅភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល បានរងរបួសក្បាលដេ៣ថ្នេរ ។ ចំណែកជនសង្ស័យឈ្មោះ ថន សម្បត្តិ ភេទប្រុស អាយុជាង២៧ឆ្នាំ មុខរបរនៅផ្ទះ នៅភូមិឃុំកើតហេតុខាងលើ ។
តាមប្រភពពីសាក្សីដែលឃើញហេតុការណ៌បានអោយដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានប្រើប្រាស់គ្រឿងញៀន រួចហើយក៏ត្រូវម្តាយចាក់សោទុកចោលក្នុងផ្ទះ ជាហេតុធ្វើអោយជនសង្ស័យខឹងក៏បានវាយបំផ្លិចបំផ្លាញម៉ូតូរងការខូចខាតអស់ចំនួន២គ្រឿង និងដុតផ្ទះ បណ្តាលអោយឆេះខ្ទេចអស់សម្ភារៈដែលមានក្នុងផ្ទះ បង្កការភ្ញាក់ផ្អើលពេញភូមិ។
តាមប្រភពដដែលបានបន្តថា នៅពេលមានហេតុការណ៍អគ្គិភ័យខាងលើ លោកអនុប៉ុស្តិ៍តាក្តុលបានចុះអន្តរាគមន៍បើកផ្លូវដើម្បីឱ្យរថយន្តពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលចូលទៅបាញ់ទឹកពន្លត់ ស្រាប់តែពេលនោះក៏ឃើញជនសង្ស័យដេកកណ្តាលផ្លូវរារាំងមិនអោយរថយន្តពន្លត់អគ្គិភ័យចូលទៅពន្លត់បាននោះទេ ដោយសារខ្លាចរថយន្តពន្លត់អគ្គិភ័យកិន ទើបលោកអនុប៉ុស្តិ៍ក៏បានដាស់ហៅជនសង្ស័យអោយក្រោកចេញ តែត្រូវជនសង្ស័យដកខ្សែក្រវ៉ាត់វាយទៅលើលោកអនុប៉ុស្តិ៍រូបនោះចំក្បាលខាងឆ្វេង បណ្តាលអោយរងរបួសរយះបែកហូរឈាមតែម្តង។
ក្រោយពេលកើតហេតុ ជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំមកកាន់អធិការដ្ឋានចាត់ការតាមនិតិវិធីតែម្តង ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ