ខេត្តត្បូងឃ្មុំ ៖ រថយន្តដឹកមាន់របស់ក្រុមឈ្មួញដែលលួចនាំចូលពីប្រទេសវៀតណាម តាមច្រកដូនរ័ត្ន ស្រុកមេមត់ ដើម្បីយកមកចែកចាយតាមទីផ្សារនានា បានជួបគ្រោះថ្នាក់ចរាចរណ៍នៅពេលរថយន្តបើកចុះចំណោត ស្រាប់តែជ្រុលធ្លាក់ផ្លូវក្រឡាប់ បណ្តាលឱ្យបុរស២នាក់បាត់បង់ជីវិត ចំណែក៤នាក់ទៀតបានរងរបួស បង្កការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលចរាចរណ៍ស្រុកចុះមកពិនិត្យភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលា១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ កក្កដា ២០២០ ត្រង់ចំណុចភូមិសង្គមមានជ័យចាស់ ឃុំមេមត់ ស្រុកមេមត់ ។

នគរបាលចរាចរណ៍ស្រុកមេមត់បានឱ្យដឹងថា រថយន្តដឹកមាន់មួយគ្រឿងខាងលើជិះគ្នា៦នាក់ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-0737 បើកបរដោយពន្ធ សំណាង ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិព្រៃឈរ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានរងរបួស ។

នគរបាលចរាចរណ៍ស្រុកមេមត់បានឱ្យដឹងបន្តថា រីឯអ្នករួមដំណើរចំនួន៥នាក់ដែលរងរបួសរួមមាន ១-ឈ្មោះរាជ ភេទ ប្រុស អាយុ២១ឆ្នាំ ២-ឈ្មោះដារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ និង៣-ឈ្មោះពៅ ភេទប្រុស អាយុ២៦ឆ្នាំ (ជនរងគ្រោះទាំង៣នាក់រស់នៅភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ) ៤-ឈ្មោះឌី បញ្ញា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិព្រៃឈរ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ និង៥-ឈ្មោះឆាត ភារៈ ភេទប្រុស អាយុ៣០ឆ្នាំ ជាព្រូរថយន្ត រស់នៅភូមិប្រឡាំង ឃុំប្រឡាំង ស្រុកស្ទឹងសែន ខេត្តកំពង់ធំ បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ។។

នគរបាលចរាចរណ៍ស្រុកមេមត់ បានឱ្យដឹងបន្តថា រថយន្តមួយគ្រឿងខាងលើបើកបរក្នុងល្បឿនលឿន លុះដល់ចំណុចផ្លូវចុះចំណោតជាន់ហ្វ្រាំងមិនស៊ី បណ្ដាលអោយធ្លាក់ផ្លូវក្រឡាប់យ៉ាងដូច្នេះ។
មន្ត្រីមូលដ្ឋានបានប្រាប់បន្តឲ្យដឹងទៀតថា ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះទៅដល់ចំណុចកើតហេតុ ដោយបាននាំគ្នាសហការជាមួយប្រជាពលរដ្ឋលើកឡាំងដាក់មាន់ចេញពីរថយន្ត ដើម្បីជួយសង្គ្រោះមនុស្សនៅលើរថយន្តដែរ ប៉ុន្តែជាអកុសលអ្នកបើកបររថយន្ត រួមទាំងព្រូបានបាត់បង់ជីវិតទាំង២នាក់បាត់ទៅហើយ ។ ចំណែករថយន្តនិងមាន់ត្រូវបានកម្លាំងសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកមេមត់ ។
លោកសេង សោភា នាយការិយាល័យផលិតកម្មនិងបសុពេទ្យស្ដីទីខេត្តត្បូងឃ្មុំប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថាមានរថយន្តដឹកមាន់ក្រឡាប់នៅក្នុងស្រុកមេមត់ រូបលោកបានដឹកនាំមន្ត្រីក្រោមឱវាទ ដើម្បីចុះទៅពិនិត្យមើលនិងធ្វើការស្រាវជ្រាវ ។ ជាមួយនោះលោកលើកឡើងថា រថយន្តដឹកមាន់ដែលក្រឡាប់ខាងលើនេះ គឺមាន់ទាំងនោះមិនមានច្បាប់ដឹកជញ្ជូនពីវៀតណាមចូលមកកម្ពុជានោះទេ ហើយក៏នឹងស្រាវជ្រាវឲ្យដឹងថាតើក្រុមហ៊ុនណាមួយដែលហ៊ានលួចនាំចូលមាន់បែបនេះ។
សូមបញ្ជាក់ថា កន្លងមកលោកបណ្ឌិតជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ធ្លាប់មានប្រសាសន៍នៅក្នុងពិធីបំពាក់ឋានន្តរសក្កិជូនដល់មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត ដោយលើកឡើងថា មន្ត្រីសមត្ថកិច្ចនិងស្ថាប័នជំនាញនៅតាមច្រកព្រំដែន ជាប់ជាមួយនឹងប្រទេសវៀតណាម ត្រូវតែទប់ស្កាត់បទល្មើសឆ្លងដែនដោយខុសច្បាប់។
គួររំលឹកថា លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ កន្លងមកបានចេញលិខិតណែនាំដល់មន្ត្រីជំនាញនៅតាមបន្ទាត់ព្រំដែនជាមួយនឹងប្រទេសវៀតណាម ត្រូវតែរួមគ្នាទប់ស្កាត់ការនាំចូលបក្សីដើម្បីចៀសវាងការពារកុំអោយឆ្លងជំងឺផ្ដាសាយបក្សី៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ