រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីគ្រោះថ្នាក់រវាងរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងបុកអូសម៉ូតូមួយគ្រឿងជាប់ពីក្រោមរថយន្ត និងកិនស្ត្រីម្នាក់ជាម្ចាស់ម៉ូតូ បណ្តាលឱ្យខ្ទេចសាច់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ បន្ទាប់ពីកើតហេតុ អ្នកបើកបររថយន្តក្រឡុកស៊ីម៉ង់ត៍ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនភ្លាមៗផងដែរ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី១០ កក្កដា ឆ្នាំ២០២០ នៅចំណុចស្តុបស្រាបៀរ តាមបណ្តោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះឈ្មោះឆៃយា អាយុ៣១ឆ្នាំ មុខរបរលក់មាន់ មានទីលំនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅខេត្តព្រៃវែង ។ ចំណែកជនសង្ស័យឈ្មោះសម្បត្តិ ឃុង ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅសង្កាត់សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅភូមិបាក់ត្រាង ស្រុកក្រវាញ ខេត្តពោធិសាត់ ជាអ្នកបើកបររថយន្តក្រឡុកស៊ីម៉ង់ត៍ ពាក់ស្លាកលេខ ភ្នំពេញ ៥A-២៤២៣ ។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តក្រឡុកស៊ីម៉ង់ត៍ត្រូវបានសមត្ថកិច្ចនាំទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាល ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា)







ចែករំលែកព័តមាននេះ