ខេត្តកណ្ដាល ៖ នៅប្រទេសកម្ពុជាយើងមានរឿងនិទានច្រើន ដែលរឿងខ្លះជាប់ទាក់ទងទៅនឹងប្រវត្តិសាស្ត្រ ឯរឿងខ្លះទៀតជាប់ទាក់ទងទៅនឹងទំនៀមទម្លាប់ប្រពៃណី មង្គលការ បុណ្យទាន រឿងសាស្ត្រាល្បែង ជាដើម ។ រឿងមួយចំនួនមានការនិទាន តៗគ្នា និងមួយចំនួនទៀតបានចារទុកនៅក្នុងគម្ពីរ សាស្ត្រាស្លឹករឹត ក្រាំង ក្បួនច្បាប់នានា ។ ប៉ុន្តែរឿងដែលជាការចាប់អារម្មណ៍ខ្លាំងសម្រាប់មនុស្សគ្រប់ជំនាន់នោះ គឺរឿងប្រវត្តិសាស្ត្រ ឬទីបុរាណដ្ឋាន ដែលជាទីតាំងរបស់មនុស្សជំនាន់ដើមរស់នៅ ជាពិសេសទីតាំងព្រះរាជវាំង ឬរាជធានី ដែលបង្កើតឡើងដោយព្រះមហាក្សត្រនាសម័យបុរាណកាល ។

ទាក់ទងទៅនឹងប្រវត្តិសាស្ត្រនេះដែរ បើនិយាយពីការដាក់ឈ្មោះភូមិ ឃុំ ស្រុក ខេត្ត និងរាជធានី ជាច្រើន នៅក្នុងប្រទេសកម្ពុជាយើង គឺសុទ្ធតែដាក់ទៅតាមរឿងរ៉ាវនិងព្រះរាជសកម្មភាពរបស់អង្គព្រះមហាក្សត្រ ឬសកម្មភាពរបស់ជន ល្បីៗ និងជនខ្លាំងពូកែនាសម័យបុរាណកាលនោះឯង។

ស្ថិតនៅជាប់ដងផ្លូវជាតិលេខ៥នៅក្នុងភូមិទេពប្រណម្យ ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ចម្ងាយប្រមាណ៤៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ មានទីអារាមព្រះពុទ្ធសាសនា មួយឈ្មោះ «វត្តទេពប្រណម្យ» ។ វត្តមួយនេះជាទីអារាមបុរាណដ្ឋានមួយនាសម័យឧដុង្គ ។ បានជាមានឈ្មោះបែបនេះ ក៏ព្រោះតែវត្តនេះសង់លើទីប្រវត្តិសាស្ត្រមានជាប់ដិតដាមនៅក្នុងរឿងតាដុង្គ យាយជ័យ ដែលនិទានអំពីពេលដែលនាងត្រចើលដោះក្រាលជាកូន បានលុតជង្គង់សំពះប្រណម្យទៅសេនា៤នាក់របស់ព្រះរាជា ដែលបានតាមអង្វរនាងឲ្យព្រមទទួលយកព្រះរាជជាព្រះស្វាមី ។ ត្រង់ទីកន្លែងនោះហើយដែលត្រូវបានអ្នកស្រុកហៅថា «ទេពធីតាប្រណម្យ» លុះក្រោយមកអ្នកស្រុកហៅក្លាយទៅជា «ទេពប្រណម្យ» វិញ ។
កិត្តិនាមតាដុង្គ យាយជ័យ មានរាប់រយឆ្នាំកន្លងមកហើយ មិនតែប៉ុណ្ណោះក៏ជាតំណាងឲ្យឈ្មោះស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងភ្នំឧដុង្គក្នុងស្រុកពញាឮ ខេត្តកណ្ដាល សព្វថ្ងៃនេះផងដែរ ហើយមានឯកសារមួយចំនួនបាននិទានពីប្រវត្តិរឿងនេះ ក្នុងនោះក៏មានសៀវភៅប្រជុំរឿព្រេងខ្មែររបស់ក្រុមជំនុំទំនៀមទម្លាប់ខ្មែរភាគទី៥ ។

ដោយឡែកសភាពជាក់ស្ដែងសព្វថ្ងៃនៅក្នុងវត្តទេពប្រណម្យពុំមានឃើញបន្សល់ទុកស្លាកស្នាម ឬកេរដំណែលកាលពីសម័យកាលបុរាណច្រើនទេ គឺមានតែសមិទ្ធផលដែលទើបកសាងនៅសម័យកាលទំនើបដូចជាព្រះវិហារកុដិ សាលាឆាន់ និងរូបសំណាកឪដុង្គ ម៉ែជ័យជាដើម ។

ក្រៅពីនេះមានមានមន្ទីរធម្មការ និងសាសនាខេត្តកណ្ដាល និងបណ្ណាល័យសាខាពុទ្ធសាសនបណ្ឌិត្យក៏ស្ថិតនៅក្នុងបរិវេណវត្តនេះដែរ ចំណែកនៅប៉ែកខាងកើជាប់របងវត្តមានវិទ្យាល័យមួយឈ្មោះថាវិទ្យាល័យទេពប្រណម្យ គឺបានដាក់ឈ្មោះទៅតាមទីកន្លែងប្រវត្តិសាស្ត្រនេះផងដែរ ។
តាមសេចក្ដីតំណាលមកថា នៅពេលដែលព្រះរាជាស្ដេចទ្រង់ទតឃើញទូកតាដុង្គ យាយជ័យ ចេញឆ្ងាយពីកំពង់ទឹកតំបន់ថ្នល់ដាច់ដែលព្រះអង្គលើកក្នុងពេល១រាត្រីមិនហើយជាប់គ្នានោះ (តំបន់ថ្នល់ដាច់ស្ថិតនៅក្នុងភូមិផ្សារត្រាច និងភូមិត្រពាំងសំរោង ឃុំលង្វែក ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង) ព្រះអង្គក៏គិតស្មានក្នុងព្រះទ័យថា ឪដុង្គម៉ែជ័យមុខជាខឹងនឹងព្រះអង្គ លើកផ្លូវថ្នល់មិនហើយ បានជាមិនចាំជួបនឹងព្រះអង្គ ហើយចុះទូករត់គេចបែបនេះ ។

ព្រះរាជាក៏ចាត់សេនា៤នាក់ឲ្យទៅតាមអង្វរឪដុង្គម៉ែជ័យ និងសូមឲ្យយកនាងត្រចើលដោះក្រាល មកធ្វើជាព្រះទេពីរបស់ព្រះអង្គ។ ក្រោយទទួលបានព្រះរាជបញ្ជាហើយ សេនាទាំង៤នាក់ ក៏តាមទៅជួបនឹងតាដុង្គយាយជ័យ ដែលកំពុងបណ្ដើរនាងត្រចើលដោះក្រាលឡើងសម្ដៅមកផ្ទះ សេនាទាំងនោះបាននិយាយអង្វរតាដុង្គយាយជ័យ តាងព្រះនាមព្រះមហាក្សត្រថា «ព្រះអង្គសូមយកនាងទៅធ្វើជាព្រះទេពីរបស់ព្រះអង្គ» ។

គ្រានោះនាងត្រចើលដោះក្រាល ដែលជាស្រីល្អដូចនាងទេពធីតា ក៏បានលុតជង្គង់សំពះប្រណម្យទៅសេនាទាំង៤នាក់វិញថា «នាងខ្ញុំសូមក្រាបបង្គំទូលព្រះរាជាថា នាងខ្ញុំមិនសុខចិត្តទៅធ្វើជាព្រះទេពីរបស់ព្រះអង្គទេ ព្រោះរូបខ្ញុំជារាស្ត្រ បើព្រះអង្គនៅតែបង្ខំយករូបខ្ញុំ នាងខ្ញុំនឹងសម្លាប់ខ្លួនជាមិនខាន» ។ ខណៈនោះតាដុង្គយាយជ័យបាននិយាយទៅកាន់សេនាទាំង៤នាក់ថា «សូមលោកទូលព្រះរាជាផង កុំឲ្យព្រះអង្គបង្ខំពេក ចាំខ្ញុំលួងលោមចិត្តកូនស្រីខ្ញុំឲ្យបានស្រួលសិន» ។ សេនា៤នាក់ ក៏លាថយត្រឡប់ទៅវិញ ។

ចំណែកតានិងយាយក៏នាំគ្នាចូលទៅក្នុងផ្ទះ ។ ពេលរាត្រីនោះ តាដុងយាយជ័យ នាំនាងត្រចើលដោះក្រាលរត់បណ្ដោះទៅទុកនៅផ្ទះនាងទែនឯភូមិស្រែរនោង ក្នុងខេត្តតាកែវ ហើយតាដុងយាយជ័យ និយាយប្រាប់នាងទែនជាប្អូនតាមរឿងសព្វគ្រប់ នឹងប្រាប់ឲ្យហៅព្រានវិងឲ្យនាំកូនប្រុសឈ្មោះចៅប្រមាញ់វិងស៊ុង ដែលបានស្រឡាញ់គ្នាជាមួយនាងត្រចើលដោះក្រាលជាកូន ដើម្បីរើសរកពេលារៀបការឲ្យហើយ ។

លុះតាយាយផ្ដាំនាងទែន សព្វគ្រប់ហើយក៏វិលថយមកផ្ទះវិញ ហើយចាំរកវិធីទូលដោះសានឹងស្ដេចនៅពេលក្រោយទៀត ។ ត្រង់ទីកន្លែងដែលសេនា៤នាក់ មកតាមអង្វរតាដុងយាយជ័យ សូមនាងត្រចើលដោះក្រាលទៅធ្វើជាព្រះទេពីរបស់ព្រះរាជា ហើយនាងសំពះប្រណម្យទៅសេនាវិញថា នាងមិនសុខចិត្តទៅទេ នោះគេហៅថា «ទេពធីតាប្រណម្យ» ដែលក្រោយមកមានការកសាងវត្តមួយស្ថិតនៅក្នុងកន្លែងនោះដាក់ឈ្មោះថា «វត្តទេពធីតាប្រណម្យ» លុះចំណេរក្រោយមកទៀតអ្នកស្រុកបានហៅក្លាយទៅជា វត្តទេពប្រណម្យវិញ ស្ថិតនៅក្នុងភូមិទេពប្រណម្យ ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល សព្វថ្ងៃនេះ ។

ប្រសិនបើលោកអ្នកធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកាន់ខេត្តកំពង់ឆ្នាំងជិតដល់ផ្សារឧដុង្គនោះលោកអ្នកនិងបានឃើញវត្តនេះស្ថិតនៅខាងស្ដាំដៃ ហើយបើតាមអ្នកស្រុកប្រាប់ថា វត្តនេះមិនសូវមានកេរដំណែលចាស់បន្សល់ទុកឡើយ ។មិនតែប៉ុណ្ណោះ ថ្វីដ្បិតតែជាទីឋានបុរាណមែន ប៉ុន្តែហាក់មិនសូវមានអ្នកទៅលេងកំសាន្តនោះទឡើយ មានតែអ្នកទៅវត្តយកចង្ហាន់ទៅប្រគេនព្រះសង្ឃធម្មតាៗប៉ុណ្ណោះ ហើយពួកគាត់ក៏មិនសូវដឹងពីបញ្ហានេះដែរ ។ ទោះបីជាបែបណា ពួកគាត់ចង់ឲ្យក្រសួងមន្ទីរពាក់ព័ន្ធរៀបចំវត្តបុរាណមួយនេះ ឲ្យក្លាយទៅជាតំបន់ទាក់ទាញមួយសម្រាប់ឲ្យភ្ញៀវទៅលេងកំសាន្ដឲ្យសក្ដិសមជាទីកន្លែងប្រវត្តិសាស្ត្រ ៕










ចែករំលែកព័តមាននេះ