ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​សាដក​សម្រាប់​រដូវវស្សា

3 ឆ្នាំ មុន

នៅ​ថ្ងៃ​ព្រះសង្ឃ​ចូល​កាន់​វស្សា ទាយក ទាយិកា ឧបាសក ឧបាសិកា​តែង​ដង្ហែ​ទេយ្យទាន​ទាំ​ងឡាយ​មាន​សំពត់​សាដក​ជាដើម​ទៅ​ប្រគេន​ព្រះសង្ឃ​សម្រាប់​ស្រង់ទឹក ដើម្បី​ចៀសវាង​ព្រះសង្ឃ​ស្រង់ទឹក​ទាំង​អាក្រាត​កាយ​ដូច​ជំនាន់​ព្រះពុទ្ធ​ដែល​មិន​ទាន់​មានការ​ទំនុកបម្រុ​ង​​ពី​មហា​ឧបាសិកា​វិសាខា​នោះ ។ រឿង​សំពត់​សាដក​នេះ​មាន​សម្ដែង​នៅ​ក្នុង​វិន័យ​បិដក​ភាគ​៨ ដូច​តទៅ បានឮ​មក​ថា…

នៅ​ថ្ងៃ​ព្រះសង្ឃ​ចូល​កាន់​វស្សា ទាយក ទាយិកា ឧបាសក ឧបាសិកា​តែង​ដង្ហែ​ទេយ្យទាន​ទាំ​ងឡាយ​មាន​សំពត់​សាដក​ជាដើម​ទៅ​ប្រគេន​ព្រះសង្ឃ​សម្រាប់​ស្រង់ទឹក ដើម្បី​ចៀសវាង​ព្រះសង្ឃ​ស្រង់ទឹក​ទាំង​អាក្រាត​កាយ​ដូច​ជំនាន់​ព្រះពុទ្ធ​ដែល​មិន​ទាន់​មានការ​ទំនុកបម្រុ​ង​​ពី​មហា​ឧបាសិកា​វិសាខា​នោះ ។

រឿង​សំពត់​សាដក​នេះ​មាន​សម្ដែង​នៅ​ក្នុង​វិន័យ​បិដក​ភាគ​៨ ដូច​តទៅ បានឮ​មក​ថា កា​ល​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ទៀប​ក្រុង​សាវត្ថី វេលា​នោះ នាងវិសា​ខា​ក្រា​​ប​បង្គំ​ទូល​ព្រះសម្មាសម្ពុទ្ធ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន សូម​ទ្រង់​មេត្តា​ទទួល​ភត្ត​រប​ស់​ខ្ញុំព្រះអង្គ​នៅ​ក្នុង​ថ្ងៃស្អែក​ជាមួយ​និង​ភិក្ខុសង្ឃ​ផង ។ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ទទួល​និមន្ត​ដោ​យ​​តុណ្ហីភាព ហើយ​នាងវិសាខា ក៏​ក្រាបថ្វាយបង្គំ​លា​ព្រះ​សាស្ដា​ចេញ​ទៅ ។

លុះ​រាត្រី​កន្លង​ទៅ​មាន​ភ្លើង​ធំ​ធ្លាក់​ចុះ​សព្វ​ទ្វីប​ទាំង​បួន​រហូត​ទល់​ព្រឹក គ្រានោះ​ពួក​ភិក្ខុ​នាំ​គ្នា​ស្រាត​ងូតទឹក​ភ្លៀង​ព្រោះ​មិន​មាន​សំពត់​សាដក ។ ជួន​ពេល​នោះ នាងវិសាខា​បាន​ប្រើ​ទាសី​ឲ្យ​ទៅ​និមន្ត​ព្រះពុទ្ធ និង​ភិក្ខុសង្ឃ​ដើម្បី​ទទួល​ភត្ត ។

នាង​ទាសី​ក៏​ធ្វើ​ដំណើរ​ទៅ​ដល់​វត្ត​ជេតពន រក​មើល​មិនឃើញ​ពួក​ភិក្ខុ​សោះ ឃើញ​តែ​មនុស្ស​ប្រុស​ទាំងឡាយ​កំពុង​ងូតទឹក​ដោយ​អាក្រាត​កាយ ក៏​គិត​ថា ក្នុង​អារាម​នេះ​គ្មាន​ពួក​ភិក្ខុ​ទេ មាន​តែ​ពួក​អាជីវក​កំពុង​ងូតទឹក​ជម្រះ​កាយ រួច​ក៏​ត្រលប់​មក​កាន់​សំណាក់​នាងវិសា​ខា​វិញ ហើយ​ជម្រាប​ថា បពិត្រ​អ្នក​ម្ចាស់ ! ក្នុង​អារាម​គ្មាន​ពួក​ភិក្ខុ​ទេ មាន​សុទ្ធតែ​ពួក​អាជីវករ​កំពុង​ងូតទឹក​ជម្រះ​កាយ ។

នាងវិសាខា​ជា​ស្ត្រី​ឈ្លាសវៃ​ក៏​យល់​ភ្លាម​ថា ច្បាស់​ជា​លោក​ម្ចាស់​ទាំងឡាយ​ដោះ​ស្បង់​ចីវរ​ចេញ ហើយ​នាំ​គ្នា​ងូតទឹក​ភ្លៀង​ជម្រះ​កាយ តែ​បែរជា​ទាសី​នេះ​សម្គាល់ថា ពួក​អាជីវក​ទៅ​វិញ ។ លុះដល់​វេលា​ភត្តកាល​ហើយ ព្រះ​បរម​សាស្ដា​ក៏​ទ្រង់​ត្រាស់​ឲ្យ​ពួក​ភិក្ខុ​រៀបចំ​ចេញដំណើរ​ទៅ​ផ្ទះ​នាង វិសាខា​ដើម្បី​ទទួល​ភត្ត​តាម​ការ​និមន្ត ។

បន្ទាប់​ពី​ព្រះ​អង្គ និង​ភិក្ខុសង្ឃ​ឆាន់​រួច​ភ្លាម នាងវិសាខា​ក៏​ក្រាបទូល​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ខ្ញុំព្រះអង្គ​សូមពរ​ប្រាំបី​ប្រការ​អំពី​ព្រះ​អង្គ ។ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា ម្នាលនាង​វិសាខា ចូរ​នាង​និយាយ​មក​ចុះ ។ នាងវិសាខា​ក៏​ក្រប​ទូល​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ខ្ញុំព្រះអង្គ​ចង់​ប្រគេន សំពត់​សម្រាប់​ងូតទឹក​ភ្លៀង​ចំណាំ​វស្សា​, ភត្ត​សម្រាប់​ភិក្ខុ​មក​ដល់​ថ្មី​, ភត្ត​សម្រាប់​ភិក្ខុ​មានដំណើរ​ចេញ​ទៅ​ឆ្ងាយ​, ភត្ត​សម្រាប់​ភិក្ខុ​មាន​ជំងឺ​, ភត្ត​សម្រាប់​ភិក្ខុ​អ្នកបម្រើ​ជំងឺ​, ថ្នាំ​សម្រាប់​ភិក្ខុ​មាន​ជំងឺ​, បបរ​សម្រាប់​ភិក្ខុ​ឆាន់​ជា​និច្ច និង​សំពត់​ងូត​សម្រាប់​ភិក្ខុនី ។

ព្រះ សាស្ដា​ទ្រង់​ត្រាស់​ថា ម្នាលនាង​វិសាខា ល្អ​ហើយ​! ល្អ​ហើយ​! នាង​បាន​សូមពរ​ប្រាំបី​ប្រការ​អំពី​តថាគត ជា​ការ​ប្រពៃ​ពិត​, ម្នាលនាង​វិសាខា បើ​ដូច្នេះ​តថាគត​អនុញ្ញាត​ពរ​ប្រាំបី​ដល់​នាងប្រតិបត្តិតាមការគួរ​ចុះ ។

ព្រោះ​មានដំណើរ​ដើម​ដាន​បែប​នេះ​ហើយ ទើប​ពុទ្ធសាសនិក​ខ្មែរ​និយម​ធ្វើ​សាដក​ប្រគេន​ភិក្ខុសង្ឃ​សម្រាប់​ស្រង់ទឹក ជា​ពិសេស​សាដក​សម្រាប់​រដូវ​ចូល​វស្សា​ជា​រៀង​រហូត​មក ចៀស​វាង​ព្រះសង្ឃ​ស្រង់ទឹក​ទាំង​អាក្រាត​កាយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ