ហ៊ានម៉្លេះ! ស្ត្រីម្នាក់ធ្វើសកម្មភាពលើចៅក្រម ចុងក្រោយអស់ទាំងជីវិត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីបុរសជាចៅក្រមម្នាក់នៅខេត្តកោះកុងត្រូវបានជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់កាបូបយកអស់ប្រមាណជិត១ម៉ឺនដុល្លារ បន្ទាប់មកបុរសជាចៅក្រមរូបនោះបានបើករថយន្តដេញតាមម៉ូតូរបស់ជនសង្ស័យ ហើយក៏បានបុកម៉ូតូរបស់ជនសង្ស័យខ្ទាតផ្លោងទៅលើចិញ្ចើមផ្លូវ បណ្តាលឱ្យជនសង្ស័យបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែករថយន្តរបស់បុរសរូបនោះបានរងការខូចខាតផ្នែកខាងមុខ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី៨ កក្កដា ឆ្នាំ២០២០ តាមបណ្តោយផ្លូវភ្នំពេញហាណូយ ស្ថិតក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមរយៈអត្តសញ្ញាណប័ណ្ណមួយសន្លឹកដែលគេអះអាងថាជារបស់ជនសង្ស័យគឺជាស្ត្រីម្នាក់ ដែលបានកាត់សក់ខ្លីមើលទៅដូចជាមនុស្សប្រុស ហើយក៏ស្រដៀងនឹងជនជាតិចិនដែរនោះ គឺឈ្មោះសាយ គឹមនី ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រីឯម៉ូតូមួយគ្រឿងរបស់ជនសង្ស័យ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១HQ-២៥៤៦។ ចំណែកបុរសជាម្ចាស់កាបូបខាងលើមិនស្គាល់អត្តសញ្ញាណនោះទេ ដោយបុរសរូបនោះអះអាងថាជាចៅក្រមនៅខេត្តកោះកុង និងជាអ្នកបើកបររថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AF-៧០០៦ ។

តាមប្រភពពីបុរសជាម្ចាស់កាបូបដែលអះអាងថាជាចៅក្រមនៅខេត្តកោះកុង បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រទៅកាត់សក់នៅហាងមួយកន្លែងតាមបណ្តោយផ្លូវ១០១១ ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណៈគាត់ដើរចេញពីរថយន្តកំពុងនិយាយទូរស័ព្ទ ស្រាប់តែមានជនសង្ស័យម្នាក់ខាងលើធ្វើសកម្មភាពឆក់កាបូបដែលមានលុយប្រមាណជាជិត១ម៉ឺនដុល្លារបានសម្រេច ហើយជិះម៉ូតូគេចខ្លួន ។

តាមប្រភពដដែលបានបន្តថា ភ្លាមៗនោះ គាត់បានបើករថយន្តដេញតាមតាំងពីសង្កាត់ភ្នំពេញថ្មី រហូតដល់ផ្លូវភ្នំពេញ-ហាណូយ នៅខាងជើងសាលាខណ្ឌសែនសុខ ក៏បានបុកម៉ូតូរបស់ជនសង្ស័យខ្ទាតផ្លោងទៅចិញ្ចើមផ្លូវ បណ្តាលឱ្យជនសង្ស័យបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុតែម្តង ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា)










ចែករំលែកព័តមាននេះ