ខេត្តតាកែវ៖របាំបើករបងដែលជាប្រពៃណីដ៏សំខាន់ក្នុងពិធីមង្គលការ នៅតែមានវត្តមាននៅឡើយក្នុងខេត្តតាកែវ ព្រោះប្រជាជនយល់ថាទំនៀមទម្លាប់នេះ បានជួយលើកកម្ពស់តម្លៃស្ត្រី និងកូនស្រី ។
លោកជេត ពិសុទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ដតាកែវ បានឱ្យដឹងកាលពីពេល ថ្មីៗកន្លងមកថា កម្មវិធីបើករបងនៅក្នុងពិធីមង្គលការ គឺជាប្រពៃណីមួយដែលមានតាំងពីដូនតាយូរលង់ណាស់មកហើយ ដែលមាន៣របង គឺរបងរមាស របងដំរី និងរបងលោកមេបា ក្នុងការលើកកម្ពស់តម្លៃរបស់កូនស្រី ។ ដោយសារតែកម្មវិធីបើករបងនេះ មានអត្ថន័យជ្រាលជ្រៅក្នុងការលើកកម្ពស់តម្លៃរបស់កូនស្រី ដូច្នេះប្រជាពលរដ្ឋនៅក្នុងខេត្តនេះនៅតែបន្តអនុវត្តតាមព្រៃណីនេះ រហូតមកដល់សព្វថ្ងៃក្នុងពិធីមង្គលការកូនប្រុសកូនស្រីរបស់ខ្លួន ។ នេះបើតាមសម្រង់ការផ្សាយពីវិទ្យុជាតិ ។
លោកប្រធានមន្ទីរវប្បធម៌បានថ្លែងតាមការសម្ភាសពីវិទ្យុជាតិថា «ការបន្តអនុវត្តកម្មវិធីរបាំបើករបងក្នុងកម្មវិធីអាពាហ៍ពិពាហ៍នេះ គឺជាការអភិរក្សតម្លៃទំនៀមទម្លាប់វប្បធម៌ខ្មែរ ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយអនុវត្ដ និងប្រតិបត្ដិតាម កុំឱ្យទំនៀមទម្លាប់នេះបាត់បង់ ខណៈកម្មវិធីបើករបងនេះស្ទើរតែពុំមានលើកយកមកអនុវត្តនៅក្នុងពិធីមង្គលការ របស់ប្រជាពលរដ្ឋនៅតាមរាជធានីខេត្តមួយចំនួនទៀត ដោយយល់ថាខាតពេលវេលា និងខាតបង់ប្រាក់ផង ។

មន្ទីរវប្បធម៌កំពុងតែអភិរក្ស តែត្រូវបន្ថយបទចម្រៀងជាច្រើនឱ្យមកនៅមួយបទ និងកាត់បន្ថយពេលវេលាដែលយើងអភិរក្ស អភិរក្សដែលថែរក្សនូវទម្រង់ដើម ដែលដើមកំណើតចម្រៀងនៅដដែល អ៊ីចឹងយើងមើលទៅលើចម្រៀង គឺឃើញការអភិរក្ស គឺមិនមានកាត់ចោលទេ»។
លោកប៉ាន់ សិរីវុឌ្ឍ អាចារ្យអាពាហ៍ពិពាហ៍ខេត្ដតាកែវ មានប្រសាសន៍ថា «បច្ចុប្បន្នប្រជាពលរដ្ឋក្នុងខេត្ដតាកែវនៅតែគោរពប្រតិបត្ដិនូវទំនៀមទម្លាប់ប្រពៃណីរបាំបើករបងក្នុងពេលរៀបចំអាពាហ៍ពិពាហ៍ ប៉ុន្ដែគ្រាន់តែកាត់ឱ្យវេលាខ្លីជាងមុនតែប៉ុណ្ណោះនោះទេ ដើម្បីយកវេលាដល់កូនប្រុស និងកូនស្រី ។ ការបើករបងបើយើងរៀបរៀងឱ្យកើតថ្មីមកវិញគឺជារឿងល្អហើយ ព្រោះរឿងនេះមានតាំងពីបុរាណ តែវាគ្រាន់តែបាត់ឯកសារដើមទេ ហើយអ្វីដែលនៅសល់គឺចម្រៀង អ៊ីចឹងកន្លែងខ្លះក៏កាត់ចោល កន្លែងខ្លះរក្សាទុក ប៉ុន្ដែវាសំយោគទៅតាមពេលវេលា ។ ឥឡូវនេះយើងការតែ១យប់ពីរថ្ងៃ អ្វីដែលសំខាន់នោះ គឺសំពះវេលា ខ្មែរអស់វេលានៅថ្ងៃត្រង់ ផុតពីថ្ងៃត្រង់ទៅគឺចប់ហើយ ។ បើយើងនៅតែអូសបន្លាយ អត់ទាន់វេលា ដូច្នេះលោកអាចារ្យចាំបាច់ណាស់ដែត្រូវចេះកាត់កង ព្រោះលោកអាចារ្យជាអ្នកទទួលខុសត្រូវវេលា ព្រោះវេលាជាមាស ជាប្រាក់»។
លោកអាចារ្យបានបញ្ជាក់ថា របាំបើករបងនេះ គេនិយមប្រារព្ធឡើងនៅក្នុងពិធីក្រុងពលី ឬមុនពិធីសូត្រមន្តនៃថ្ងៃចូលរោងមង្គលការ។ នៅក្នុងពិធីនេះអ្នកសម្តែងមានគ្នាប្រហែលជាង១០នាក់ គឺមានអ្នកភ្លេង អ្នករាំ និងអ្នកច្រៀង យ៉ាងពីរោះរណ្តំ ដើម្បីសុំបើករបងអាចចូលផ្ទះកូនស្រី ។
លោកប៉ាន់ សិរីវុឌ្ឍ បានជំរុញឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាវប្បធម៌ក្នុងកម្មវិធីអាពាហ៍ពិពាហ៍នេះ បន្ទាប់ពីមានក្រុមមួយចំនួនបានចម្លងវប្បធម៌ពីបរទេសយកមកប្រព្រឹត្ដខុសឆ្គង ដែលមិនមែនជាវប្បធម៌ប្រពៃណីខែ្មរ ។
លោកចាន់ វណ្ណរិទ្ធ ជាយុវជនមួយរូប បានសម្ដែងការគាំទ្រ និងចូលរួមថែរក្សា អភិរក្ស របាំបើករបង ក៏ដូចជាទំនៀមមង្គលការខ្មែរ ដើម្បីទុកជាសម្បត្ដិវប្បធម៌ដ៏មានតម្លៃថ្លៃថ្នូរ និងបង្ហាញដល់បណ្ដាប្រទេសមួយចំនួនកាន់តែបានស្គាល់ច្បាស់ពីវប្បធម៌ខ្មែរដ៏ផូរផង់ ៕ ប្រភពវិទ្យុជាតិ ផ្សាយបន្តតដោយមន្ទីរវប្បធម៌ខេត្ត
ចែករំលែកព័តមាននេះ