ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ដែលឪពុកម្តាយនិងបងប្អូនសាច់ញាតិបានអះអាងថា មានជំងឺសរសៃប្រសាទនោះ បានលង់ទឹកស្រះ បណ្តាលឱ្យបាត់បង់ជីវិត បង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី៦ កក្កដា២០២០ ស្ថិតនៅភូមិឈូកសរ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ជនរងគ្រោះឈ្មោះសេង វិឆាយ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីអ្នកភូមិម្នាក់ឈ្មោះណាក់ ឡែន ភេទស្រី អាយុ៥៧ឆ្នាំ ជាអ្នករស់នៅជិតខាងគ្នាបានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ៥ព្រឹក ពេលគាត់ក្រោកពីដំណេកក៏បានឃើញបុរសរងគ្រោះនៅអង្គុយនឹងមាត់ស្រះដែលមានជម្រៅ៤ម៉ែត្រ លុះនៅព្រឹកថ្ងៃទី៦ កក្កដា ឆ្នាំ២០២០ ឪពុកម្តាយនិងបងប្អូនសាច់ញាតិបានដើររកជនរងគ្រោះ ហើយគាត់បានប្រាប់ថា ឃើញជនរងគ្រោះអង្គុយនៅមាត់ស្រះ លុះពេលបងប្អូនចុះទៅក្នុងស្រះ ក៏ប្រទះឃើញជនរងគ្រោះលង់ទឹកបាត់បង់ជីវិតបាត់ទៅហើយ និងបង្កការភ្ញាក់ផ្អើលកើតឡើងតែម្តង។

តាមប្រភពពីស្ត្រីជាម្តាយបង្កើតរបស់ជនរងគ្រោះឈ្មោះសួង សារុន អាយុ៧២ឆ្នាំ បានឱ្យដឹងថា កូនប្រុសរបស់គាត់កើតរោគសរសៃប្រសាទអស់រយៈពេល១២ឆ្នាំមកហើយ រហូតមកទល់ឆ្នាំ២០២០នេះ គាត់តែងតែដើរ មើលកូន និងយកទៅព្យាបាលដែរ ប៉ុន្តែមិនជាសោះ ថែមទាំងមិនស្គាល់បងប្អូននឹងឪពុកម្តាយទៀតផង ។

តាមប្រភពដដែលបានបន្តថា ជួនកាលកូនរបស់គាត់ដើរអុកឡុកដល់អ្នកភូមិរស់នៅជិតខាងដែរ ប៉ុន្តែអ្នកភូមិដឹងថាកូនរបស់គាត់មានជំងឺសរសៃប្រសាទ ទើបគេមិនប្រកាន់ និងមិនខឹងសម្បានោះទេ ។ លុះនៅព្រឹកថ្ងៃកើតហេតុ គាត់ក៏ដើររកមើលកូនដែលបាត់ពីផ្ទះ និងដើរសួរគេសួរឯង ហើយគេប្រាប់ថា ឃើញកូនរបស់គាត់អង្គុយមាត់ស្រះ ខណៈនោះក៏បានចុះរាវរកស្រាប់តែប្រទះឃើញកូនរបស់គាត់លង់ទឹកស្រះបាត់បង់ជីវិតទៅហើយ បន្ទាប់មកគាត់រាយការណ៍ជូនប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងប្រាសាទចុះមកពិនិត្យ ។
តាមប្រភពពីប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំបានឱ្យដឹងថា ក្រោយពីបានទទួលនូវព័តមានរាយការណ៍ខាងលើរួចមក កំលាំងជំនាញបានសហការជាមួយអាជ្ញាធរមូលរដ្ឋាន រួមជាមួយលោកគ្រូពេទ្យចុះធ្វើការពិនិត្យនៅនឹងកន្លែងកើតហេតុ ។ បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចរួមទាំងអាជ្ញាធរមូលរដ្ឋាន និងលោកគ្រូពេទ្យបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបាត់បង់ជីវិតដោយសារលង់ទឹកស្រះប្រាកដមែន ហើយសមត្ថកិច្ចបានប្រគល់សពជនរងគ្រោះឱ្យក្រុមគ្រួសារសាច់ញាតិដើម្បីយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ