ឆក់យកជីវិត​២នាក់ ក្នុង​ចំណោម​៥នាក់ ក្រោយ​នាំគ្នា​ទៅ​កន្លែងដីពុះឡូតិ៍លក់​


ខេត្តបន្ទាយមានជ័យ ៖ ​កាលពី​វេលា​ម៉ោង៥​ល្ងាច​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២០ មានករណីរន្ទះបាញ់ បណ្តាល​ឱ្យ​​បុរស​២​នាក់​បាន​បាត់បង់ជីវិត​ ចំណែកបុរស​​៣នាក់ផ្សេង​ទៀត​រួចផុតពីគ្រោះថ្នាក់ ខណៈ​​​អ្នកទាំង​​៥កំពុង​ជ្រក​ភ្លៀង​ក្នុង​រោង​កន្លែង​ពុះ​ដី​ឡូ​តិ៍លក់​នៅ​ចំណុច​ខាងក្រោយ​សាលា​សន្ត​វី​យេ ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។​

លោកវរសេនីយ៍ត្រី យ៉ា​ន់ សុវណ្ណ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ទាំង​២​នាក់​ដែល​បាត់បង់​ជីវី​ត​​ខាងលើ ក្នុង​នោះ​ម្នាក់​ឈ្មោះ សៀ​ក ជី​ឆូវ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ និង​​ម្នាក់​ទៀត​ឈ្មោះ យ៉ាង លី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​៤ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ជា​អ្នក​ប្រកប​អាជីវកម្ម​ពុះ​ដី​ឡូត៍​លក់​។ រីឯបុរស​៣នាក់​ផ្សេងទៀត​ដែលមិនមានរងគ្រោះថ្នាក់ មិនស្គាល់អត្ត​សញ្ញាណនោះទេ ។

លោក​វរសេនីយ៍ត្រីបាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ​មុន​​ពេល​កើតហេតុ​ ​មាន​បុរស​​ចំនួន៥​នាក់​បាន​នាំ​គ្នា​ទៅ​កន្លែង​គម្រោង​ពុះ​ដី​ឡូ​តិ៍​លក់​នៅ​ក្នុងភូមិ​ទឹកថ្លា លុះដល់​វេលា​ម៉ោងកើតហេតុ​ ស្រាប់តែ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង លាយឡំ​ដោយ​ខ្យល់​ និង​ផ្គរ​រន្ទះ ​ពេល​នោះ​បុរស​ទាំង​៥​នាក់​បានរ​ត់ទៅ​ជ្រក​ក្នុង​រោង​គម្រោង​ពុះ​ដី​ឡូ​តិ៍លក់ ​ស្រាប់តែ​​មាន​រន្ទះបាញ់​ចំ​រោងនោះ ​បណ្តាល​ឲ្យ​បុរស២​នាក់​បាត់បង់ជីវិត​​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ដោយ​មិន​អាច​ជួយ​សង្គ្រោះ​បាន ​ចំណែក​បុរស​៣​នាក់​ទៀត មិន​មាន​រងគ្រោះថ្នាក់​នោះ​ទេ​។

​ក្រោយ​ពេល​កើត ​សពជនរងគ្រោះទាំង​​២នាក់​​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​មក​ផ្ទះ​​ដើម្បី​ចាត់​តែង​ធ្វើបុណ្យ​តាម​ប្រពៃណី​រៀង​ៗ​ខ្លួន​៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ