រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ស្ត្រីម្នាក់ជាឈ្មួញរកស៊ីទិញ.លក់ដី និងពុះដីឡូត៍លក់ កាលពីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០នេះ ត្រូវបានកម្លាំងសមត្ថកិច្ចផ្នែកអនុវត្តដីកា នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការចាប់ខ្លួននៅក្បែររង្វង់មូលនាងមច្ឆា ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ការចាប់ខ្លួនឈ្មួញរកស៊ីទិញលក់ដីម្នាក់នោះ សមត្ថបានអនុវត្ត ទៅតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ លោកស្រី អ៊ុក រ៉េតគន្ធា អនុប្រធាន និងជាចៅក្រមស៊ើបសួរ នៃសាលាដំបូង រាជធានីភ្នំពេញ ដែលពាក់ព័ន្ធពីបទ.រំលោភលើទំនុកចិត្ត។

យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៥៩៦ ដ.ច.ន ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ បានឲ្យបញ្ជាក់ថា តុលាការបានសម្រេចចោទប្រកាន់លើឈ្មោះ ខេង អូន ភេទស្រី អាយុ៤៥ឆ្នាំ ពីបទ រំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែតុលា ឆ្នាំ២០១៨ តាមបញ្ញាត្តិមាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ។ សូមរំលឹកថា កាលពីអំឡុងខែតុលា ឆ្នាំ២០១៨ ជនត្រូវចោទឈ្មោះ ខេង អូន និងជនរងគ្រោះឈ្មោះ ហ៊ុន ប៊ុនសិទ្ធ ជាដើមបណ្ដឹង បានចូលលុយគ្នាទិញដីចំនួន ២កន្លែងទំហំសរុប ១១ហិកតា ស្ថិតនៅភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្រោយមកនៅ អំឡុងឆ្នាំ២០១៩ ឈ្មោះ ខេង អូន បានលួចធ្វើប្លង់រឹងដោយដាក់ឈ្មោះតែម្នាក់ឯង ដែលមិនបានដាក់ឈ្មោះ ជនរងគ្រោះជាម្ចាស់ភាគហ៊ុនជាម្ចាស់ដីនោះទេ។ ដូច្នេះហើយទើបជនរងគ្រោះសម្រេចដាក់ពាក្យប្ដឹង សុំដីការក្សាការពារ នៅសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីការពារដីនោះជាបណ្ដោះអាសន្ន ប៉ុន្តែឈ្មោះ ខេង អូន បានយកដីដែលជាប់ដីការក្សាការពារទៅពុះជាឡូត៍លក់ ដោយមិនគោរពតាមសេចក្ដីសម្រេចរបស់តុលា ការឡើយ ។
បន្ទាប់មកជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យតុលាការជួយរកយុត្តិធម៌ ដែលយោងតាមពាក្យបណ្តឹងនោះ ទើបតុលាការបានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ច តាមស្វែងរកចាប់ខ្លួនស្ត្រី ជាឈ្មួញទិញលក់ដី និងពុះដីឡូត៍លក់ឲ្យខាងតែបាន ដើម្បីដោះស្រាយចំពោះបណ្តឹងនោះ។ បន្ទាប់ពីចាប់ខ្លួន ឈ្មួញខាងលើ សមត្ថកិច្ចបាន និងកំពុងត្រៀមបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែកក្កដា នេះ៕ ដោយ ៖ ឃឹម ប៊ុនណាក់
ចែករំលែកព័តមាននេះ