ខេត្តព្រះសីហនុ ៖ សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា សមត្ថកិច្ចក្នុងគណបញ្ជាការ ឯកភាពរដ្ឋបាលខេត្តព្រះសីហនុ មាននគរបាល កងរាជអាវុធហត្ថ និងអជ្ញាធរពាក់ព័ន្ធ នៅព្រឹកថ្ងៃ៥ កក្កដា ២០២០នេះ ធ្វើប្រតិបត្តិការដេញបង្ក្រាបអំពើប្លន់យកប្រាក់ពីពលរដ្ឋអ្នកប្រកបរបរដូរលុយ ក្នុងនោះមានជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានឃាត់ខ្លួនហើយ។

របាយការណ៍បឋម ពីសមត្ថកិច្ចប្រាប់ថា ជនល្មើសមានគ្នា២នាក់ ជាជនជាតិចិន បានធ្វើសកម្មភាពស្ទាក់ប្លន់ ដោយប្រើដំបងវាយទៅលើជនរងគ្រោះ២នាក់ប្តីប្រពន្ធកំពុងជិះម៉ូតូតាមផ្លូវចេញ ចូលម្តុំជិតបុរី ហ៊ីលតុន ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ វេលាម៉ោងជិត៩ព្រឹក ថ្ងៃទី៥ កក្កដានេះ បណ្តាលឲ្យជនរងគ្រោះរងរបួស ក្នុងនោះជនល្មើសប្លន់យកលុយពីជនរងគ្រោះមួយថង់ ប្រមាណ ៣០លានរៀល រួចគេចខ្លួន។

ប៉ុន្តែពេលកើតហេតុការណ៍នេះ ក៏មានអន្តរាគមន៍បឋមពីកងសន្តិសុខ ព័ទ្ធចាប់បានជនសង្ស័យម្នាក់ និងបានប្រគល់ជូនកម្លាំងកងរាជអាវុធហត្ថខេត្តនាំយកទៅសាកសួរបន្ត ។ ចំណែកជនល្មើសម្នាក់ទៀតបានរត់គេចខ្លួនចូលក្នុងព្រៃម្តុំនោះ នាំយកលុយប្លន់បានទៅជាមួយ ដោយបន្សល់ទុកម៉ូតូជិះធ្វើសកម្មភាព បច្ចុប្បន្ននគរបាលជំនាញស្នងការដ្ឋាននគរបាលខេត្ត នាំយកមករក្សាទុក ហើយប្រតិបត្តិការរុករកជនល្មើសដែលរត់គេចខ្លួនកំពុងធ្វើបន្ត៕ ដោយ ៖ ឈុន គឹមហៃ






ចែករំលែកព័តមាននេះ