រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាអ្នកបើកបរម៉ូតូបានបាត់បង់ជីវិត ចំណែកនារីម្នាក់ទៀតដែលជាអ្នករួមដំណើរបានរងរបួសស្រាល បន្ទាប់ពីជនរងគ្រោះទាំង២នាក់ជិះម៉ូតូមួយគ្រឿងសង្ស័យបើកបរក្នុងល្បឿនលឿន ហើយគេចពីរថយន្ត ក៏ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហ៊ុយយ៉ាងពេញទំហឹង បណ្តាលឱ្យមានអ្នកបាត់បង់ជីវិត និងអ្នករងរបួសបែបនេះ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅចំណុចគល់ស្ពានអាកាសផ្សារដីហ៊ុយ តាមបណ្ដោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ជនរងគ្រោះដែលបាត់បង់ជីវិតឈ្មោះ ទ្រី សីហា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមេការសំណង់ ស្នាក់នៅស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅស្រុកបវិល ខេត្តបាត់ដំបង ជាអ្នកបើកបរម៉ូតូ ចំណែកនារីម្នាក់ទៀតជាអ្នករួមដំណើរមិនស្គាល់អត្តសញ្ញាណនោះទេ ។ ជនរងគ្រោះទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្គូពី ពណ៌សលាយផ្ទៃមេឃ ពាក់ស្លាកលេខ បាត់ដំបង 1AI-8421 ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជាអ្នកបើកបរម៉ូតូមួយគ្រឿង ដោយមានឌុបនារីម្នាក់ទៀត បានធ្វើដំណើរទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមិនចាំម៉ាកមួយគ្រឿងវ៉ាជែងឡើងស្ពាន ហើយម៉ូតូរបស់ជនរងគ្រោះក៏បានគេចពីរថយន្តនោះក៏ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហ៊ុយយ៉ាងពេញទំហឹង បណ្ដាលឱ្យអ្នកបើកបរម៉ូតូដួលបោកក្បាលបាក់កបាត់បង់ជីវិត ក្រោយពីបញ្ជូនទៅកាន់មន្ទីពេទ្យ ចំណែកនារីជាអ្នករួមដំណើរបានរងរបួសស្រាល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុ និងបានធ្វើកំណត់ហេតុ រួចប្រគល់ឲ្យរថយន្តសាមុយដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំក្រុមគ្រួសារយកឯកសារមកនឹងប្រគល់ជូនវិញ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ