រាធានីភ្នំពេញ ៖ មានករណីប្រទះឃើញបុរសម្នាក់បាត់បង់ជីវិតរហូតសពមានសភាពហើមស្អុយក្នុងគុម្ពត្រែង ក្នុងដីឡូតិ៍មួយកន្លែង បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចដីឡូតិ៍មួយកន្លែង ស្ថិតក្នុងភូមិចំរើនផល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បុរសរងគ្រោះខាងលើពុំត្រូវបានស្គាល់អត្តសញ្ញាណនោះទេ មានអាយុប្រមាណ៣០ឆ្នាំ ដោយជនរងគ្រោះពំុមានស្លៀកសម្លៀកបំពាក់អ្វីទាំងអស់ គឺស្លៀកតែខោលីអូប៉ុណ្ណោះ ។

តាមប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ មានកម្មករចាក់ដីម្នាក់ធ្វើការនៅក្បែរចំណុចកើតហេតុខាងលើ បានដើរទៅបត់ជើងតូចនៅគុម្ពត្រែងខាងលើ លុះរូបគេសម្លឹងមើលពីចំងាយហាក់សង្ស័យថាជាមនុស្សកំពុងដេកបាត់បង់ជីវិតក្នុងព្រៃត្រែង ក៏ដើរចូលទៅជិត ទើបដឹងការពិតថាជាមនុស្សបាត់បង់ជីវិតប្រាកដមែន ក៏ស្ទុះរត់ចេញមកក្រៅវិញ ហើយរាយការណ៍ជូននគរបាលមូលដ្ឋានអោយចុះមកពិនិត្យកន្លែងកើតហេតុ ។ ភ្លាមៗនោះ កម្លាំងនគរបាលមូលដ្ឋាន រួមទាំងសមត្ថកិច្ចជំនាញបានចុះទៅអន្តរាគមន៍ដល់ទីតាំងខាងលើ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច្ច័យ ។

តាមប្រភពព័ត៌មានបានឱ្យដឹងបន្តថា ពេលចុះអន្តរាគមន៍ដល់ទីតាំងខាងលើ សមត្ថកិច្ចបានលើកសពចេញពីក្នុងព្រៃរួចវិចខ្ចប់ក្នុងថង់ផ្លាស្ទិចដាក់ក្នុងរថយន្តសាម៉ុយ រួចបន្តដឹកយកទៅកាន់វត្តសន្សំកុសល ដើម្បីធ្វើកោសល្យវិច្ច័យលើសព ឱ្យដឹងថាតើជាករណីបាត់បង់ជីវិតដោយខ្លួនឯង ឬក៏ជាប់ពាក់ព័ន្ធនឹងករណីអ្វីផ្សេង ។

លោកវរសេនីយ៍ទោ កឹម កល្យាណ អធិការរងនគរបាលខណ្ឌមានជ័យ ទទួលផែនព្រហ្មទណ្ឌ បានឱ្យដឹងថា ក្រោយការពិនិត្យ និងធ្វើវិច្ច័យពីសំណាក់សមត្ថកិច្ចជំនាញយ៉ាងល្អិតល្អន់រួចមក បានបញ្ជាក់ថា ជនរងគ្រោះបាត់បង់ជីវិតដោយសារគាំងបេះដូង និងតាមរយៈការពិនិត្យទឹកនោម ជនរងគ្រោះក៏មានផ្ទុកសារធាតុញៀនផងដែរ ។

លោកអធិការរងបានបន្តថា ផ្អែកតាមការពិនិត្យមើលកាមេរ៉ាសុវត្ថិភាពជំុវិញទីតាំងកើតហេតុ គេឃើញជនរងគ្រោះ រត់ដោយសភាពភ័យស្លន់ស្លោរតែម្នាក់ឯង ពំុមាននរណាដេញតាមវាយពីក្រោយឡើយ រីឯការពិនិត្យលើសពជនរងគ្រោះ គឺនគរបាលជំនាញពំុបានរកឃើញមានស្លាកស្នាមរបួសអ្វីគួរឱ្យកត់សម្គាល់ឡើយ ។ ដូច្នេះហើយជំុវិញករណីខាងលើនេះ គឺជាករណីគាំងបេះដូងបាត់បង់ជីវិតដោយខ្លួនឯងប្រាកដមែន ពំុមានជាប់ពាក់ព័ន្ធនឹងករណីអ្វីផ្សេងឡើយ ។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុកនៅវត្តសន្សំកុសល ដោយទុករយៈពេល៣ថ្ងៃ រង់ចាំក្រែងមានបងប្អូនសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ប្រសិនបើរយៈពេល៣ថ្ងៃមិនមានសាច់ញាតិមកទទួលយកទេនោះ នគរបាលនឹងសម្រេចធ្វើការបូជាតែម្តង ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ