រាជធានីភ្នំពេញ ៖ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រទះឃើញយុវជនម្នាក់ដេកបាត់បង់ជីវិតក្នុងកុដិលេខ១៩ នៅវត្តលង្ការ ។ ពាក់ព័ន្ធនឹងករណីនេះត្រូវបានសមត្ថកិច្ចថា ជនរងគ្រោះបាត់បង់ជីវិតដោយសារខ្យល់គ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤០នាទីព្រឹកថ្ងៃទី៣ កក្កដា ឆ្នាំ២០២០ នៅចំណុចកុដិលេខ១៩ ជាន់ទី១ ក្នុងវត្តលង្ការ តាមបណ្តោយផ្លូវព្រះសីហនុ ក្រុម៤៨ ភូមិ៥ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ មឿន កែវ ភេទប្រុស អាយុ១៩ឆ្នាំ ជាសិស្ស ស្នាក់នៅវត្តលង្ការ កុដិលេខ១៩ និងមានស្រុកកំណើតនៅភូមិទួលស្វាយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។

តាមប្រភពពីព្រះតេជគុណ អៀម សម្បត្តិ ជាព្រះគ្រូមេកុដិលេខ១៩ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានមកស្នាក់នៅរៀនសូត្រក្នុងវត្តលង្ការអស់រយៈពេលមួយឆ្នាំមកហើយ តែប៉ុន្មានថ្ងៃមកនេះ ជនរងគ្រោះបានទូរស័ព្ទប្រាប់ម្តាយថា ចេះតែចុកដើមទ្រូង រហូតដល់ថ្ងៃកើតហេតុ ពុំឃើញជនរងគ្រោះចុះមកយកម៉ូតូចេញពីកុដិនោះទេ ទើបព្រះតេជគុណឡើងទៅដាស់ជនរងគ្រោះ ទើបដឹងថា ជនរងគ្រោះបាត់បង់ជីវិតបាត់ទៅហើយ ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចឱ្យចុះមកពិនិត្យ។

តាមការសន្និដ្ឋានរបស់ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្ររាជធានីភ្នំពេញ ត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ បានឲ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតដោយសារគាំងបេះដូង ដែលអាចបណ្តាលមកពីជំងឺបេះដូង។ បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះឱ្យបងបង្កើតដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ