ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋម្នាក់បានដើរទៅធ្វើចម្ការក៏ ប្រទះឃើញគ្រាប់កាំភ្លើងផ្លោង ប្រភេទធុន៦០មីលីម៉ែត្រ និងគ្រាប់បេ៤១មួយគ្រាប់ដែលផលិតនៅប្រទេសចិនសេសសល់ កាលពីសម័យសង្គ្រាមបានមករាយការណ៍ដល់សមត្ថកិច្ចប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំជើងទៀន កាលពីម៉ោង៩ព្រឹក ថ្ងៃទី២ កក្កដា ២០២០ ស្ថិតនៅចំណុចដីចម្ការចម្ងាយពីភូមិស្រែប្រាំង៣០០ម៉ែត្រ ក្នុងឃុំជើងទៀត ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

ប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំជើងទៀនបានឱ្យដឹងថា ប្រជាពលរដ្ឋដែលទៅចម្ការរបស់ខ្លួនបានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះឈ្មោះ ពេជ្រ ឈី ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើបានមករាយការណ៍ឱ្យសមត្ថកិច្ច ខណៈនោះសមត្ថកិច្ចបានចុះទៅដល់កន្លែងគ្រាប់ដែលប្រជាពលរដ្ឋបានប្រទះឃើញ ហើយសមត្ថកិច្ចបាន យកខ្សែរាយហ៊ុំព័ទ្ធជាសញ្ញាហាមទៅប៉ះពាល់សមត្ថកិច្ចបានទូស័ព្ទ ធ្វើការទំនាក់ទំនងទៅខាង ហេឡូត្រាស មកទទួលយកទៅកម្ទេចចោលក្នុងថ្ងៃដដែល។

គួរំលឹកថា៖ នៅក្នុងខេត្តឧត្តរមានជ័យ ជាខេត្តមួយស្ថិតនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃហើយបានបានបញ្ចប់នូវសង្គ្រាមស៊ីវិលដ៏រ៉ាំរៃក្រោយគេ នៅក្នុងអំឡុងឆ្នាំ១៩៩៨ ខណៈនេះគ្រាប់មីនគ្រប់ប្រភេទ និងគ្រាប់កាំភ្លើង ធុនតូចធុនធំបានកប់នៅក្នុងដី ជាច្រើន ហើយកន្លងមកមនុស្យប្រុសស្រី ចាស់ក្មេងត្រូវបានទទួលរងគ្រោះស្លាប់អស់ជាច្រើននាក់ រួម ទាំងសត្វព្រៃក៏បានផ្ទុះងាប់ផងដែរ។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែល បានប្រទះឃើញគ្រាប់នេះ គឺមិនមែនជាលើកទីមួយនោះទេ ការប្រទះឃើញគ្រាប់គ្រប់ប្រភេទមិនទាន់ផ្ទុះ កន្លងមក ជាញឹកញាប់មកហើយ៕ ដោយ ៖ ឱម សារឿន
ចែករំលែកព័តមាននេះ