អ្នកម៉ៅការមិនបើកប្រាក់ខែ៣-៤ខែ ពួកគាត់ខ្លះចង់ដាច់បាយ
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ក្រុមកម្មករកសាងកំណាត់ផ្លូវជាតិលេខ៥ នៅចំណុចភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុក រលាប្អៀរ ប្រមាណជា៥០នាក់ នៅព្រឹកថ្ងៃទី០២ ខែមិថុនា…
ខេត្តកំពង់ឆ្នាំង ៖ ក្រុមកម្មករកសាងកំណាត់ផ្លូវជាតិលេខ៥ នៅចំណុចភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុក រលាប្អៀរ ប្រមាណជា៥០នាក់ នៅព្រឹកថ្ងៃទី០២ ខែមិថុនា…
ខេត្តកំពង់ឆ្នាំង ៖ ក្រុមកម្មករកសាងកំណាត់ផ្លូវជាតិលេខ៥ នៅចំណុចភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុក រលាប្អៀរ ប្រមាណជា៥០នាក់ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ បានលើកគ្នាមកធ្វើការតវ៉ា នៅខាងមុខមន្ទីការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ខេត្តកំពង់ឆ្នាំង ដោយបានចោទអ្នកអ្នកម៉ៅការ ធ្វើផ្លូវ របស់ក្រុមជប៉ុនថា មិនបើកប្រាក់ខែឲ្យពួកគាត់ តាំងពីខែមេសា រហូតមកដល់នេះ។
ក្រុមកម្មករធ្វើផ្លូវជាតិលេខ៥ បាននិយាយឲ្យដឹងថា ពួកគាត់បានលើកគ្នាមកតវ៉ានៅមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត នៅពេលនេះ គឺបំណងសុំឱ្យអ្នកម៉ៅការសាងសង់ផ្លូវជាតិលេខ ៥ពីចំណុចបាញ់ឆ្គោល ស្រុករលាប្អៀរ ទៅស្រុកបរិបូរណ៍ មេត្តាជួយបើកប្រាក់ខែឲ្យពួកគាត់ផង ខណៈដែលពួកគាត់ជាកម្មករទាំងអស់ មិនបានបើកប្រាក់ខែ ខ្លះពីខែមេសា ឧសភា និងមិថុនា ដោយអ្នកម៉ៅការសាងសង់ផ្លូវ បានសន្យាថាបើកថ្ងៃនេះ ថ្ងៃនោះរហូត តែមិនឃើញបើកប្រាក់ខែឱ្យសោះ។
តំណាងកម្មករទាំងនោះ បានបញ្ជាក់ថា៖ ដោយសារការអាក់ខានមិនបានបើកប្រាក់ខែឱ្យ ដល់ពួកគាត់ បែបនេះហើយ ទើបខ្លះបានឈប់ធ្វើការ ពីខែមេសា ខ្លះឈប់ខែឧសភា។ ប៉ុន្តែខ្លះនៅតស៊ូធ្វើរហូត ដល់ពេលនេះ នៅតែមិនបានបើកប្រាក់ខែដែរ។ កន្លងមកពួកគាត់ធ្លាប់ផ្តិតមេដៃ ដាក់ជូនមន្ទីរការងារ ដើម្បីឱ្យជួយដោះស្រាយ ប៉ុន្តែនៅមិនបានលទ្ធផល។ មិនត្រឹមប៉ុណ្ណឹងមេការបានចោទថា ក្រុមកម្មករផ្តិតមេដៃបំផុសបំផុល ដោយមេដៃខ្លះជាមេដៃក្លែងក្លាយ ។ ពួកគាត់បញ្ជាក់ថា៖ ធម្មតាផ្ទះនៅឆ្ងាយៗគ្នា មិនបានធ្វើការជាកម្មករ ក៏ឆ្លៀតទៅធ្វើស្រែ។
លុះពេលធ្វើពាក្យសុំអន្តរាគមន៍ពីសាមីមន្ទីរ ពួកគាត់ខ្លះនៅឆ្ងាយក៏ចេះតែទូរស័ព្ទឱ្យគេផ្តិតជំនួសទៅ តែមិនច្រើនទេ ៤-៥នាក់ប៉ុណ្ណោះ។ វាមិនសំខាន់រឿងមេដៃនោះទេ សំខាន់សុំតែបើកប្រាក់ខែឲ្យគ្រប់ចំនួន គឺចប់ហើយ ព្រោះផ្តិតមេដៃមិនមែនប្តឹងទេ គឺសុំមន្ទីរអន្តរាគមន៍ដោះស្រាយប្រាក់ខែតែប៉ុណ្ណោះ។ ពួកគាត់ខ្លះស្ទើរដាច់បាយហើយ ធ្វើការរំពឹងប្រាក់ខែ ចុះបើអត់បើក ៣-៤ខែចឹងគិតម៉េចវិញ។
ជុំវិញបញ្ហានេះ អ្នកម៉ៅការធ្វើផ្លូវ ភ្នាក់ងារយើងមិនអាចសុំការបំភ្លឺបានទេ។ ប៉ុន្តែនៅព្រឹកនោះលោក ពៅ ស៊ីថា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា៖ កន្លងមកខាងលោក បានធ្វើការសម្របសម្រួលរវាងកម្មករធ្វើផ្លូវ និងអ្នកម៉ៅការសាងសង់ផ្លូវរួចម្តងហើយ ។ តែលើកនេះខាងអ្នកម៉ៅការ ដែលមិនបានបើកលុយឲ្យនោះ គេនិយាយថា កម្មករដើរផ្ដិតមេដៃប្ដឹងគេ ដែលខ្លះជាមេដៃក្លែងក្លាយ ដែលស្មើនឹងការក្លែងឯកសារសាធារណៈ។
យ៉ាងនេះក្តីលោក នឹងព្យាយាមហៅអ្នកម៉ៅការ មកសម្របសម្រួលម្ដងទៀត ចៀសវាងបង្ករឿងដែលធ្វើឲ្យ រាំងស្ទះ ដល់ការស្ថាបនាផ្លូវជាតិ។ ជុំវិញបញ្ហានេះ គួរតែមន្ទីរការងារ ខេត្តកំពង់ឆ្នាំង ដោះស្រាយឱ្យបានឆាប់ និងមិនលម្អៀង សូមអាណិតដល់កម្មករ ខំធ្វើការហាលភ្លៀងហាលថ្ងៃ គឺដើម្បីតែក្រពះប៉ុណ្ណោះ៕ ដោយ ៖ ពៅ សុខហ៊ាន
ចែករំលែកព័តមាននេះ