រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌដង្កោឃាត់ខ្លួននាំទៅសាកសួរនិងកសាងសំណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីជនទាំង២នាក់នេះធ្វើសកម្មភាពឆក់កាបូបពីស្ត្រីចំណាស់ម្នាក់ដែលកំពុងជិះម៉ូតូជាមួយកូនស្រីនិងចៅស្រីតូចម្នាក់ទៀត ឌុបគ្នាចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះ ប៉ុន្តែសកម្មភាពឆក់នោះមិនបានសម្រេចឡើយ ដោយស្ត្រីចំណាស់ខាងលើឱបកាបូបរបស់គាត់ជាប់មិនលែង។ នេះក៏ចាត់ទុកថា ជាសំណាងខ្លាំងណាស់សម្រាប់ជនរងគ្រោះដែលមិនដួលម៉ូតូបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតឬរងរបួសនោះ ចំណែកជនសង្ស័យក្រោយនគរបាលឃាត់ខ្លួនក៏បានសារភាពថា ពួកខ្លួនពិតជាបានឆក់កាបូបស្ត្រីខាងលើនោះមែន។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង៥០ម៉ែត្រ ត្រង់ចំណុចខាងមុខបុរីប៉េងហូត ស្ថិតនៅក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់ខាងលើនេះ ក្នុងនោះម្នាក់ឈ្មោះ អេង ដារ៉ូ ហៅ តែន អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល និងម្នាក់ទៀតឈ្មោះ ស៊ឹម សិរីបុត្រ អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកស្ត្រីរងគ្រោះឈ្មោះ ប៊ុន ចាន់សោភា អាយុ៥៦ឆ្នាំ ត្រូវជាម្ដាយ រីឯកូនស្រីឈ្មោះជា ស្រីមាឃ អាយុ១៦ឆ្នាំ ជាអ្នកបើកបរម៉ូតូ១គ្រឿង ម៉ាកSUZUKI ADRESS-V125 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1GK-6854 និងក្មេងស្រីម្នាក់ទៀតឈ្មោះ ង៉ែត ដាលីស អាយុ៨ឆ្នាំ អ្នកទាំង៣មានទីលំនៅក្នុងភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯកជឹម សុីថា អធិការនគរបាលខណ្ឌដង្កោបានប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ម្ដាយ ព្រមទាំងកូនស្រី និងចៅស្រី បានជិះម៉ូតូមួយគ្រឿងឌុបគ្នាធ្វើដំណើរចេញពីមន្ទីរពេទ្យជ័យជំនះ នៅឯក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីត្រឡប់ទៅផ្ទះដោយកូនស្រីជាអ្នកឌុបហើយចៅស្រីជិះកណ្ដាល រីឯស្ត្រីចំណាស់រូបនេះអង្គុយខាងក្រោយ ហើយគាត់បានស្ពាយកាបូបមួយផងដែរ ដោយបានធ្វើដំណើរតាមផ្លូវបេតុង៥០ម៉ែត្រ ក្នុងទិសដៅពីកើតទៅលិច លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យទាំង២នាក់ខាងលើជិះម៉ូតូ១គ្រឿងដេញតាមពីក្រោយ។
លោកអធិការបានបន្តថា នៅពេលជនសង្ស័យជិះម៉ូតូទៅទន្ទឹមនឹងជនរងគ្រោះ ស្រាប់តែជនសង្ស័យឈ្មោះ អេងដារ៉ូ ហៅ តែម ដែលជាអ្នកបើកបរម៉ូតូបានអែបទៅជិត រួចហើយជនសង្ស័យឈ្មោះ ស៊ឹម សិរីបុត្រ ជាអ្នកធ្វើសកម្មភាពឆក់យកកាបូបលុយទាំងកម្រោល ប៉ុន្តែយកពុំបានឡើយ ដោយសារស្ត្រីរងគ្រោះឱបកាបូបជាប់ ។ ស្របពេលនោះកម្លាំងនគរបាលខណ្ឌដង្កោដែលកំពុងដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍ នៅជិតនោះប្រទះឃើញ ក៏បានចេញជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើបានភ្លាមៗតែម្ដង រួចបាននាំទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ