រាជធានីភ្នំពេញ ៖ ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ និង នគរបាលប៉ុស្តិ៍ព្រែកកំពឹសធ្វើការឃាត់ខ្លួនបាន ដោយដកហូតបានគ្រឿងញៀន, ជញ្ជីងអេឡិចត្រូនិច សម្រាប់ថ្លឹងគ្រឿងញៀន និងថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួនទៀតផងដែរ។ ការចាប់ខ្លួននោះបានធ្វើឡើង កាលពីវេលាម៉ោង៤ និង ៥០នាទីល្ងាច ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

នគរបាលបានប្រាប់ថា បុរសជាជនសង្ស័យដែលត្រូវកម្លាំងឃាត់ខ្លួនបាននោះ មានឈ្មោះ ហេង ចាន់ណាក់ អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅក្នុងភូមិតាបេះ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ដោយកម្លាំងនគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌ និងលោកវរសេនីយ៍ទោ សូរ វិសាល អធិការរង ព្រមទាំងលោកវរសេនីយ៍ត្រី លឹម ចេងហេង នាយផ្នែកប្រឆាំងគ្រឿងញៀន។

បានធ្វើការស្រាវជ្រាវរហូតកំណត់បាន មុខសញ្ញាជនសង្ស័យ និងទីកន្លែងដែលជននេះលាក់ខ្លួន បន្ទាប់មកក៏បានចុះទៅធ្វើការបង្ក្រាប និងចាប់ខ្លួនតែម្ដង។ ប្រភពដដែលបានបន្តទៀតថា ក្រោយពេលឃាត់ខ្លួនកម្លាំង បានធ្វើការត្រួតពិនិត្យ និងឆែកឆេររកឃើញ ថ្នាំញៀន ១កញ្ចប់តូច ដាក់នៅលើជញ្ចីងអេឡិចត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀន ព្រមទាំងថង់សម្រាប់ច្រកគ្រឿងញៀន មួយចំនួនទៀត ដែលជនសង្ស័យបានទុកនៅក្នុងបន្ទប់ដេក។

ភ្លាមៗនោះកម្លាំងនគរបាលបានដកហូតយក វត្ថុតាងខាងលើរួចនាំយកទាំងជនសង្ស័យរូបនោះចេញពីកន្លែងស្នាក់នៅទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីសួរនាំ ហើយជននេះក៏បានសារភាពនូវទង្វើរបស់ខ្លួនអស់ហើយដែរ ហើយកម្លាំងបានកសាងសំណុំរឿង ដើម្បីចាត់ការតាមផ្លូវច្បាប់ហើយ៕ ដោយ ៖ យន់ ស៊ីថា
ចែករំលែកព័តមាននេះ