ខេត្តសៀមរាប ៖ កុមារី២នាក់បានលង់ទឹកស្រះក្រោយផ្ទះចំងាយ១៥ម៉ែត្រ បណ្តាលឱ្យបាត់បង់ជីវិតទាំង២នាក់គួរឱ្យសង្វេគ និងខ្លោចចិត្ត ខណៈម្តាយឪពុករវល់លក់ដូរនៅខាងមុខផ្ទះ លុះមានគេមកប្រាប់ ទើបម្តាយឪពុកដឹង តែបានត្រឹមស្រែកទ្រហោយំ ទួញសោកបោកខ្លួនតែប៉ុណ្ណោះ ព្រោះតែអាល័យជីវិតកូនស្រី ដែលបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ។
ហេតុការណ៍គួរឱ្យសង្វេគលើកុមារីលង់ទឹកទាំង២នាក់នោះ បានកើតឡើងនៅវេលាម៉ោង១៧និង៣០នាទីល្ងាច ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅភូមិក្បាលដំរី ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ។
បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែងបានប្រាប់ថា កុមារីជនរងគ្រោះ ទី១-ឈ្មោះ ឈឿន សំណាង អាយុ៦ឆ្នាំ និងកុមារីជនរងគ្រោះទី២-ឈ្មោះ ឈឿន សុដា អាយុ៣ឆ្នាំ ។ ដែលមានឪពុកឈ្មោះ ឈុត ឈឿន អាយុ២៧ឆ្នាំ នៅភូមិក្បាលដំរី និងម្តាយឈ្មោះ គួន អាយុ២៥ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។
លោកអធិការបន្តថា ចំពោះមូលហេតុនៃការលង់ទឹកនេះ គឺមុនពេលកើតហេតុ ខណៈកុមារីទាំង២នាក់បានដើរទៅលេងនៅមាត់ស្រះ ក៏ស្រាប់តែរអិលជើងធ្លាក់ចូលទឹកហើយក៏លង់ បណ្តាលឱ្យបាត់បង់ជីវិតតែម្តង ខណៈពេលដែលឪពុកម្តាយកំពុងជាប់រវល់នៅតូបលក់ដូរខាងមុខផ្ទះ ។
បច្ចុប្បន្ន សពកុមារីរងគ្រោះទាំង២នាក់ ត្រូវបានកម្លាំងជំនាញធ្វើការប្រគល់ឱ្យឪពុកម្តាយវិញ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីរួចរាល់ហើយ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ