រាជធានីភ្នំពេញ ៖ តារាចម្រៀងស្រីដែលមានទឹកដមសំឡេងផ្អែមធ្ងន់ពីរោះរណ្តំ និងកំពុងល្បីនៅកម្ពុជា អ្នកនាង មាស សុខសោភា ដែលថ្មីៗនេះ បានសម្រេចចិត្តដើរចេញពីផលិតកម្មថោន ហើយត្រូវបានមហាជនគិតថា អ្នកចម្រៀងដែលមានសមត្ថភាពខ្ពស់ ដូចជារូបនាងនឹងចូលទ្រនំថ្មីនោះ គឺផលិតកម្មហង្សមាស ។
ក៏ប៉ុន្តែគ្រប់យ៉ាងហាក់ដើរផ្ទុយពីអ្វីដែលប្រិយមិត្តអ្នកគ្រាំគិត ។ ថ្មីៗនេះ អ្នកនាង មាស សុខសោភា ដែលហាក់សា្ងត់ពីរង្វង់សិល្បៈលែងចេញបទចម្រៀង បន្ទាប់ពីប្រកាសទៅដល់មហាជនថានាងចាកចេញពីផលិតកម្មថោន កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ បានប្រកាសដំណឹងល្អមួយទៀតដល់អ្នកគាំទ្រនិយមបទចម្រៀងរបស់នាងថា នាងនឹងមានបទចម្រៀងជាច្រើន ដែលនឹងត្រៀមបញ្ចេញក្នុងពេលឆាប់ៗខាងមុខនេះ។
មាស សុខសោភា ដែលល្បីល្បាញរឿងការងារការពារបរិស្ថាន និងពូកែថ្នមចិត្តប្តីនោះបានលើកឡើងថា « បទចម្រៀងថ្មីរបស់ខ្ញុំនឹងត្រៀបបង្ហាញទៅដល់មហាជនឆាប់ៗនេះ ដែលតែងតែគាំទ្រស្នាដៃចម្រៀងកន្លងមក និងនៅតែទទឹងរង់ចាំ នូវអ្វីដែលថ្មីប្លែក ហើយបទចម្រៀងប្រមាណជាង១០បទនោះ នឹងត្រៀមចេញនៅក្នុង Channel Youtube របស់នាងខ្ញុំ»។
យ៉ាងណាមិញ Channel Youtube របស់តារាចម្រៀងស្រីសម្លេងផ្អែមរូបនេះ មានឈ្មោះថា CAMTRAX ដែលជាផលិតកម្មមួយរបស់បងប្រុសរបស់នាង នោះគឺ លោក មាស សុខរតនៈ ដែលលោកតែងតែជាបុគ្គលម្នាក់់និពន្ធបទចម្រៀងល្បីរបស់នាងកន្លងមក ។
គួរបញ្ចាក់ផងដែរថា បន្ទាប់ពីចេញពីផលិតកម្មថោន ដែលខ្លួនធ្លាប់ជ្រកកោនរយៈ១០ឆ្នាំកន្លងមក មាស សុខសោភា បានសាងស្នាដៃជាច្រើន និងកេរ្តិ៍ឈ្មោះនៅក្នុងផលិតកម្មមួយនេះ។ ហើយមកទល់ពេលនេះ នាង មិនទាន់ប្រកាសខ្លួនថានឹងចូលផលិតកម្មណាមួយនៅឡើយនោះទេ ។ ក្រៅពីប្រកាសប្រាប់មហាជនថា ខ្លួននឹងបញ្ចេញបទចម្រៀងថ្មីនៅក្នុង Channel ដែលទាំងនេះ អាចបង្ហាញប្រាប់មហាជនថា នាងអាចនឹងមិនចូលផលិតកម្មណាមួយនៅឡើយទេ ៕
ចែករំលែកព័តមាននេះ