កូវីដ-១៩ ៖ យោងទៅតាមឯកសាររបស់រដ្ឋាភិបាលបានបង្ហាញថា សេដ្ឋកិច្ចជាតិនឹងអាចធ្លាក់ដល់-១,៩% នៅឆ្នាំ២០២០ ដោយសារជំងឺកូវីដ-១៩។ នេះជាតួលេខដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ក្រោយការបោះឆ្នោត១៩៩៣ ដែលរៀបចំដោយអ៊ុនតាក់។ វាក៏បានបញ្ចប់នូវការរីកចម្រើននៃសេដ្ឋច្ចកម្ពុជា ប្រមាណជា៧ភាគរយជារៀងរាល់ឆ្នាំ ក្នុងរយៈពេលពីរទស្សវត្សរ៍ដែលបានធ្វើឲ្យមានការភ្ញាក់ផ្អើល ទូទាំងពិភពលោក។
ការរីកចម្រើនសេដ្ឋកិច្ចប្រមាណ៧ភាគរយក្នុងមួយឆ្នាំដ៏គួរកត់សម្គាល់ រយៈពេល ពីរទសវត្សរ៍មកនេះបានធ្វើឲ្យប្រទេសកម្ពុជាប្រែប្រួលមុខមាត់ជាខ្លាំង ហើយប្រជាជនកម្ពុជាក៏កាន់តែមាន ជីវភាពធូរធា។ ប៉ុន្តែកូវីដ-១៩ បានធ្វើឲ្យអ្វីៗទាំងអស់ប្រែជាអាក្រក់ដោយបង្ខំឲ្យទាំងប្រជាជន និងរដ្ឋាភិបាល ត្រូវប្រឈមមុខនឹងការធ្លាក់ចុះសេដ្ឋកិច្ច ហើយត្រូវចាយវាយប្រុងប្រយ័ត្នជាងមុន។ ការធ្លាក់ចុះដ៏អាក្រក់ នៃសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២០នេះ ដោយសារផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ ទៅលើដង្ហើមសេដ្ឋកិច្ចសំខាន់ របស់កម្ពុជា ដូចជាវិស័យទេសចរណ៍ឧស្សាហកម្ម និងកសិកម្ម។
ការធ្លាក់ចុះសេដ្ឋកិច្ចមិនធ្លាប់មាននេះ បានធ្វើឲ្យរដ្ឋាភិបាលកម្ពុជាគ្រោងកាត់បន្ថយការចំណាយជិត៥០% លើវិស័យជាច្រើនក្នុងឆ្នាំ២០២១។ តាមផែនការយុទ្ធសាស្ត្រថវិកាជាតិឆ្នាំ២០២១-២០២៣ រដ្ឋគ្រោងកាត់ចំណាយនានាឲ្យ ទាបជាងឆ្នាំ២០២០ ក្នុងនោះវិស័យរដ្ឋបាលទូទៅកាត់បន្ថយជាង៦%ធៀបចំណាយឆ្នាំ២០២០ វិស័យការពារជាតិកាត់បន្ថយជិត៤% វិស័យសង្គមកិច្ចកាត់បន្ថយជាង១១% ហើយវិស័យសេដ្ឋកិច្ចកាត់បន្ថយជាង៥%។
រដ្ឋាភិបាលក៏មានគម្រោង មិនធ្វើការដំឡើងប្រាក់បៀវត្សឲ្យមន្ត្រីរាជការនៅឆ្នាំ២០២១ខាងមុខនេះឡើយ បន្ថែមលើការប្រាប់ដល់ក្រសួង ទាំងអស់ត្រូវកាត់បន្ថយការចំណាយ។ លោក មាស សុខសេនសាន្ត អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច បានឲ្យដឹងថាការដំឡើងប្រាក់បៀវត្សមន្ត្រីរាជការនៅឆ្នាំ២០២១ ទំនងមិនអាចធ្វើបានទេ ចំណែកឆ្នាំ២០២២ ឬឆ្នាំបន្តទៀតអាស្រ័យលើស្ថានភាពធូស្រាលសេដ្ឋកិច្ចពីជំងឺកូវីដ-១៩។
កម្ពុជាមានមន្ត្រីរាជការស៊ីវិល ប្រមាណ២០ម៉ឺននាក់។ ឆ្នាំ២០២១ក្រៅពីគ្រោងមិនដំឡើងប្រាក់ខែ ហើយការជ្រើសរើសមន្ត្រីថ្មី ក៏មិនត្រូវអនុញ្ញាតដែរ។ ការជ្រើសរើសមន្ត្រីថ្មី អាចធ្វើបានត្រឹមចំនួនមួយទៅជំនួសមន្ត្រីដែលត្រូវចូល និវត្តប៉ុណ្ណោះ។ លោក មាស សុខសាន្ត ថាការចំណាយសម្រាប់ប្រាក់បៀវត្សមន្ត្រីរាជការមានប្រមាណ ៤៩%នៃកាចំណាយសរុបរបស់ជាតិប្រចាំឆ្នាំ។ មន្ត្រីរាជការមានប្រាក់បៀវត្សជាមធ្យម ជាង១លានរៀល៕ ដោយ ៖ ប្រេវីន
ចែករំលែកព័តមាននេះ