ខេត្តបន្ទាយមានជ័យ ៖ កាសែតក្នុងស្រុកថៃមួយបានផ្សាយថា ពលករខ្មែរចំនួន១៤នាក់ ត្រូវបានតម្រួត
ថៃចាប់នៅចំណុចផ្លូវ៣៣៩៥ រវាងស្រុកវ៉ាថាណាណាក់ខន និងស្រុកតាប់ប្រាយ៉ា ខេត្តស្រះកែវ កាលពីរសៀលថ្ងៃទី១៦ មិថុនា ខណៈកំពុងជិះក្នុងរថយន្តថៃ១គ្រឿង ។ពលករទាំងអស់គេមិនទាន់ស្គាល់អត្តសញ្ញាណទេ គឺមានប្រុស១៣នាក់ (ស្រី្តម្នាក់) ហើយក៏មិនដឹងថា ពួកគេលួចឆ្លងដែនតាមប្រហោងច្រករបៀងណានោះទេ ។
រថយន្ដដែលដឹកពលករខ្មែរ និងអ្នកបើកបរត្រូវសមត្ថកិច្ចថៃ ឃាត់និងចាប់ខ្លួនផងដែរ ។ ករណីពលករលួចឆ្លងដែនខុសច្បាប់តាមច្រករបៀងនេះ គឺកើតមានជាញឹកញាប់មកហើយ បើទោះជាព្រំដែនត្រូវបានភាគីថៃបិទ ដើម្បីបង្កាទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ ហើយប្រមុខក្រសួងមហាផ្ទៃបានដាក់បទបញ្ជាឲ្យកម្លាំងជួរមុខរួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែនខុសច្បាប់ក៏ដោយ ។
គេគិតថាបើក្រុមការងារប្រចាំនៅទីតាំងទទូលពលករដែលបញ្ជូនពីថៃតាមកិច្ចព្រមព្រៀងរវាងខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ(ច្រករបៀងអូរបីជាន់) សាកសួរលម្អិតពលករដែលថៃបញ្ជូនត្រឡប់មកវិញ អាចនឹងដឹងថាពួកគេឆ្លងព្រំដែនតាមច្រកណា ឬចំណុចណា ឬអាចឈានទៅចាប់បានទាំងអ្នកពាក់ព័ន្ធ(មេខ្យល់) ផងដែរជាក់ជាមិនខាន ព្រោះក្រុមពលករមិនអាចលួចចូលទៅដល់ដីថៃដោយខ្លួនពួកគេផ្ទាល់យ៉ាងរលូននោះទេ ។ គេសង្ស័យថាអាចចោរក្នុងដៃ ទើបចោរក្រៅហ៊ានចូល ។
ពលករកម្ពុជាជិត១០ម៉ឺននាក់បានត្រឡប់មកស្រុកកំណើតវិញនិងនៅប្រទេសថៃជាង១លាននាក់
ពលករកម្ពុជាត្រូវបានគេដឹងថា ជិត១០ម៉ឺននាក់ បានត្រឡប់មកស្រុកកំណើតវិញ និងកំពុងស្ថិតនៅប្រទេសថៃជាង១លាននាក់ ខណៈពេលប្រទេសថៃបិទច្រកទ្វារព្រំដែន ។ លោកជំទាវ ជូ ប៊ុនអេង លើកឡើងពីតួលេខនេះក្នុងកិច្ចប្រជុំនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។
ក្នុងកិច្ចប្រជុំមានការចូលរួមពីមន្ត្រីក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងមន្ត្រីកម្លាំងស្ថាប័នខេត្តជាប់ព្រំដែនបានចូលរួមជាច្រើនរូប។ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានរាយការណ៍ថា តាមការណែនាំពីរាជរដ្ឋាភិបាលពង្រឹងវិធានការទប់ស្កាត់ និងការគ្រប់គ្រងការឆ្លងដែន ដោយខុសច្បាប់របស់ពលករកម្ពុជា នៅពេលដែលប្រទេសថៃបិទច្រកទ្វារព្រំដែនកម្ពុជា-ថៃ ។
ខេត្តបន្ទាយមានជ័យពលករខ្មែរដែលត្រឡប់ពីប្រទេសថៃមកវិញគឹតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ មានចំនួន២៦.៣៩៦នាក់ (ស្រី្ត១២.០២៥នាក់) ដោយធ្វើការត្រួតពិនិត្យសុខភាព១០០% និងបានធ្វើតេស្តសំណាកមានចំនួន១.៦៣១នាក់ អវិជ្ជមាន១.៦២៦នាក់ វិជ្ជមាន៥នាក់ តែបានព្យាបាលជាសះស្បើយអស់ហើយ ។ឯកឧត្តមបានបញ្ជាក់ថា ប្រជាពលរដ្ឋក្រៅពីខេត្តបន្ទាយមានជ័យវិលត្រឡប់ពីប្រទេសថៃ គឺត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ មានចំនួន៨.៣៥៩នាក់ ស្រី៣.៥០២នាក់ ។
ក្នុងនោះមានចូលតាមច្រកអូរបីជាន់ស្រុកអូរជ្រៅមានចំនួន៨.៣៤៧នាក់ (ស្រី្ត៣.៤៩៧នាក់)ចូលតាមច្រកបឹងបេងស្រុកម៉ាឡៃមានចំនួន១២នាក់ (ស្រី្ត៥នាក់) ហើយក្រសួងការពារជាតិនៃកងពលលេខ៩០ បានជួយរថយន្តដឹកពលករទៅតាមមូលដ្ឋានមានចំនួន៥០គ្រឿង ។លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការនិងជាអនុប្រធានអចិន្ត្រៃយ៍នៃ គ.ជ.ប.ជ មានប្រសាសន៍ថា ក្នុងឱកាសដែលភាគីថៃបិទច្រកទ្វារព្រំដែនកម្ពុជា-ថៃដើម្បីទប់ស្កាត់កូវីដ១៩ ហើយពលករកម្ពុជាដែលត្រឡប់មកស្រុកកំណើតវិញសរុបទូទាំងប្រទេសមានប្រមាណជិត១០ម៉ឺននាក់ ។ ចំណែកពលករកម្ពុជានៅក្នុងប្រទេសថៃមានជាង១លាននាក់ ។
លោកជំទាវបានបញ្ជាក់ថា ជាការណែនាំខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជានិងសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់វិធានការដល់អាជ្ញាធរ និងកងកម្លាំងដែលឈជើងតាមបន្ទាត់ព្រំដែន ត្រូវអនុវត្តន៍ផែនការទប់ស្កាត់ និងគ្រប់គ្រងការឆ្លងដែន ដោយខុសច្បាប់របស់ពលរដ្ឋកម្ពុជា ហើយចាត់វិធានការចំពោះមេខ្យល់ដែលបោកប្រាស់ប្រជាពលរដ្ឋចំណាកស្រុកខុសច្បាប់ និងណែនាំដល់ប្រជាពលរដ្ឋបានយល់ដឹង ត្រូវបញ្ឈប់ការធ្វើចំណាកស្រុកដោយខុសច្បាប់ ដើម្បីការពារសុវត្ថិភាពរបស់ខ្លួន ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ