រាជធានីភ្នំពេញ ៖ តារាសម្តែងនិងជាពិធីករលោក ជា វណ្ណារិទ្ធ បានសម្តែងក្តីសប្បាយរីករាយ និងមានមោនភាពយ៉ាងខ្លាំង ក្នុងពេលដែលលោកបានមានឱកាសគ្រោងឈុតតួអង្គព្រះរាជាសម័យអង្គរជាលើកដំបូងរបស់ខ្លួន បើទោះបីជាលោកបានឆ្លងកាត់អាជីពសម្តែងអស់ជាច្រើនឆ្នាំមកហើយក៏ដោយ ។
ការគ្រងឈុតជាតួអង្គព្រះរាជាសម័យអង្គររបស់លោកនាពេលនេះ ក៏បានធ្វើឡើងព្រមគ្នាជាមួយនឹងពិធីខួបកំណើតរបស់លោកផងដែរ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ក្នុងនោះ គេក៏បានឃើញការជូនពរពីមិត្តភក្តិក្នុងសិល្បៈមួយចំនួន និងប្រិយមិត្តគាំទ្រជាច្រើនរបស់លោកផងដែរ។ ជាមួយនឹងភាពសប្បាយរីករាយ និងមានមោនភាពចំពោះខ្លួនឯងនេះ លោក ជា វណ្ណារិទ្ធ ក៏បានភ្ជាប់សារជាមួយនឹងភាពជាតួអង្គព្រះរាជាសម័យអង្គរប៉ុន្មានសន្លឹកបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកថា «ឆ្នាំនេះ ខ្ញុំបានសម្រេចចិត្តថតឈុតបុរាណបែបនេះ សម្រាប់ថ្ងៃខួបកំណើតរបស់ខ្ញុំ ហើយនេះជាលើកទី១របស់ខ្ញុំហើយដែលបានគ្រងឈុតបុរាណ (តួអង្គព្រះរាជាសម័យអង្គរ) បានបង្ហាញពីភាពរឹងមាំ អង់អាចក្លាហានរបស់ស្តេចនាយុគសម័យនោះ» ។
លោកបញ្ជាក់ថា ខ្ញុំពិតជាស្រលាញ់ពេញចិត្តក្នុងការគ្រងឈុតនេះណាស់ ម្យ៉ាងគឺដើម្បីលើកស្ទួយវប្បធម៌ខ្មែរ ដ៏រុងរឿងអស្ចារ្យ របស់ខ្មែរតាំងពីបុរាណកាលមក។ បើតាមលោក ជា វណ្ណារិទ្ធ នេះជាឈុតថ្មីដែលលោក Skor Krob បានរៀបចំឡើង (ឈុតព្រះរាជាចេញធ្វើសឹកសង្គ្រាម) ឈុតពេលដែលព្រះរាជាចេញធ្វើសឹកសង្គ្រាម កាពារព្រះនគរពីខ្មាំងសត្រូវ ដោយប្រើកាំបិតផ្គាក់ជាអាវុធ បានបង្ហាញអោយឃើញពីភាពអង់អាច ហានក្លា និង រឹងមាំបំផុត ហើយអ្នកដែលកាន់កាំបិតផ្គាក់សុទ្ធសឹងតែជាមេទ័ពជួរមុខ។ព្រះរាជាក៏មានកាន់ផ្គាក់ដែរដោយព្រះអង្គគង់លើដំរីមានព្រះហស្ថកាន់ផ្គាក់។
មោទនភាពដែលបានកើតជាកូនខ្មែរ ដែលមានវប្បធម៌ អរិយធម៌ដ៏អស្ចារ្យសម្រាប់កូនខ្មែរគ្រប់ៗរូប។
ជាការកត់សម្គាល់ មួយរយះចុងក្រោយនេះ មិនមែនតែតារាសម្តែងលោក ជា វណ្ណារិទ្ធ ម្នាក់ប៉ុណ្ណោះទេ ដែលបានចូលរួមគ្រងសម្លៀកបំពាក់បុរាណខ្មែរ ពោលកន្លងមកក៏មានតារាជាច្រើនទៀតក៏បានធ្វើរឿងនេះដូចគ្នា ដើម្បីចូលរួមផ្សព្វផ្សាយតម្លៃនៃវប្បធម៌ខ្មែរបុរាណ។
គេនៅចាំបានថា កន្លងទៅថ្មីៗនេះមានតារាសម្តែងប្រុសប្រមាណ១៩នាក់បានស្ម័គ្រចិត្តចូលរួមគ្រងឈុតតួអង្គល្ខោនខោល ដើម្បីចូលរួមផ្សព្វផ្សាយពីសិល្បះបុរាណខ្មែរមួយនេះទៅកាន់ប្រជាពលរដ្ឋខ្មែរ និងពិភពលោក ហើយសកម្មភាពនេះក៏ទទួលបានការសាទរ និងគាំទ្រយ៉ាងខ្លាំងខ្លាផងដែរ។
បច្ចុប្បន្ន វិស័យសិល្បះបុរាណខ្មែរហាក់នៅមានគម្លៀតគ្នាច្រើន ជាមួយសិល្បះសម័យ ដោយសារការគាំទ្រសិល្បះបុរាណហាក់នៅមានកម្រិតនៅឡើយ ប៉ុន្តែយ៉ាងណាទាំងក្រសួងវប្បធម៌ ភាគីពាក់ព័ន្ធ និងអង្គការសមាគមដែលកំពុងធ្វើការលើផ្នែកសិល្បះបុរាណនេះ កំពុងខិតខំជម្រុញយ៉ាងខ្លាំង ក្នុងគាំទ្រ និងបង្កើតស្នាដៃសម្តែងថ្មីៗ សំដៅរក្សាបាននូវអត្តសញ្ញាណវប្បធម៌បុរាណខ្មែរ និងចូលរួមផ្សព្វផ្សាយឲ្យយុវជនកម្ពុជាងាកមកគាំទ្រសិល្បះបុរាណខ្មែរឡើងវិញ៕
ចែករំលែកព័តមាននេះ