រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលតែម្តង នៅពេលដែលគេឃើញអ្នកនាង នៅ ណាវីន តារាសម្តែង និងតារាចម្រៀង ស្រាប់តែប្រកាសឱ្យគេដឹងថា ស្នេហារង្គោះរង្គើ។ ខណៈកន្លងទៅ នាង និងប្តីក្មេងរាងសង្ហារក៏បានសាងភាពផ្អែមល្ហែមជាមួយគ្នា ទៅណាមកណា មើលថែគ្នា សូម្បីតែនាងឈឺក៏តាមថែរ មិនគួរជួបរឿងបែបនេះសោះ។
នេះប្រហែលជាមានភាពអស់និស្ស័យជាគូគាប់ហើយ មិនដឹងថា ដំណើរស្នេហាចាប់ផ្តើមឆក់ល្វែងនេះ ផ្តើមប្រែប្រួលតាំងពីពេលណាឡើយ។ ដោយម្នាក់ៗមានអារម្មណ៍សោកស្តាយនៅពេលឃើញ ណាវីន ដែលខ្លួនឈឺកន្លងមកបានប្តីនៅជិតមើលថែ រំពឹងថា ស្នេហា សមប្រកប។ ប្រហែលអស់ចិត្តរៀងខ្លួនក៏មិនដឹង ទើបឈានដល់រឿងបែកផ្លូវ រហូតបង្ហោះសាជាទូទៅ។
ការបង្ហោះ Status កាលពីយប់ថ្ងៃទី១៤ មិថុនា ឆ្នាំ២០២០ នៅលើហ្វេសប៊ុកផ្លូវការរបស់ តារាសម្ដែង និងតារាចម្រៀង កញ្ញា នៅ ណាវីន បានធ្វើឱ្យម្នាក់ៗជាហ្វេនៗរបស់នាង ជាពិសេសគឺអ្នកសិល្បៈដែលស្គាល់នាង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែនាងបង្ហោះនៅលើហ្វេសប៊ុក ដូចលាតត្រដាងថា នាង និងគូស្នេហ៍ មានរឿងបែកគ្នា។ ការបង្ហោះនេះ គឺស្របគ្នានឹងគេសម្គាល់ថា នាង និងគូស្នេហ៍លែងឃើញទៅណាមកណាជាមួយគ្នា ខណៈដែលនាងក៏តែងបដិសេធនិយាយរឿងលោកទី ដែលជាគូស្នេហ៍ដូចមុន។
Status ដែលបានបង្ហោះឡើងនោះ នាងបានសរសេរថា «ស្នេហាមិនជោគជ័យក៏មិនអី សំខាន់ឱ្យតែការរកស៊ី លក់ផលលិតផលខ្ញុំជោគជ័យទៅបានហើយ»។ ខ្លឹមសារនៃការបង្ហោះនេះ មានន័យយ៉ាងច្បាស់ថា នាងកំពុងទទួលស្គាល់ការពិតពីការបែកបាក់ បន្ទាប់ពីនាង និងលោក Bros Ty ចាប់ផ្ដើមដាច់ឆ្ងាយពីគ្នានាពេលចុងក្រោយ។
ជាមួយនឹងការបង្ហោះគួរឱ្យភ្ញាក់ផ្អើលនេះ អ្នកគាំទ្រមួយចំនួន ក៏បាន Comment សួរផងដែរ ប៉ុន្តែនាងមិនឆ្លើយ ដែលកាន់តែធ្វើឱ្យមានចម្ងល់។ ក្នុងនោះតារាសម្ដែង និងជាតារាចម្រៀង កញ្ញា នៅ ណាវីន ក៏តែងបង្ហោះសកម្មភាព Sad Sad ដែលធ្វើឱ្យគេជឿថា នាង និងគូស្នេហ៍ គឺលោកប្រុសទី ទំនងជាបែកបាក់គ្នា បើទោះជាគ្មានការសារភាពនោះក៏ដោយ។
យ៉ាងណាមិញ ទាំង នៅ ណាវីន និងលោក ប្រុសទី នៅមិនទាន់ចេញមុខបកស្រាយនោះទេ ទើបគេមិនដឹងថា តើការបង្ហោះរបស់នាង គឺគ្រាន់តែដើម្បីឱ្យមានការចាប់អារម្មណ៍ ឬ ពិតជាស្ដែងពីជីវិតបាក់បែក ក្រោយបាត់ភាពផ្អែមល្ហែម។
ហើយនាងនៅតែប្រឈមជាមួយការប្រើប្រាស់ថ្នាំជាប្រចាំ ក្រោយវះកាត់ក្រលៀននៅប្រទេសឥណ្ឌា ដើម្បីបំប៉នសុខភាព ដោយត្រូវចំណាយប្រាក់ច្រើន។ ម្ល៉ោះហើយ មិនសូវពឹងលើសិល្បៈ ណាវីន ឃើញប្រឹងបង្កើតមុខរបរនៅតាមអនឡាញយ៉ាងយកចិត្តទុកដាក់ដើម្បីដោះស្រាយបញ្ហាចំពោះមុខ។ ការងារច្រើន ហើយស្នេហាមានតែរឿងអាចជាការជម្រុះចោលរបស់នាងតែម្តង ដើម្បីស្រឡះខ្លួនកុំឱ្យពិបាកបែងចែក។ ចាំមើលថា តើពេលណាម្ខាងៗដល់គូផ្សេងទៀត? (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ