ហាងចូវ ៖ អាជ្ញាធរក្នុងតំបន់ បាននិយាយកាលពីថ្ងៃចន្ទនេះថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះរថក្រោះដឹកប្រេង កាលពីថ្ងៃសៅរ៍ នៅទីក្រុង Wenling ក្នុងខេត្ត Zhejiang ប្រទេសចិន បានកើនឡើងដល់២០នាក់ហើយ នេះបើតាមទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ ។
គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៥ មិថុនានេះ អ្នករបួសជាង ១៧០នាក់ ក្នុងនោះ មានអ្នករងរបួសធ្ងន់២៤នាក់ កំពុងទទួលការព្យាបាល នៅមន្ទីរពេទ្យ ។
អ្នករងរបួសរួមមានក្មេង៧នាក់ ក្នុងនោះ២នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ តែគ្មាននរណាម្នាក់ ប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិតទេ ។
គណៈកម្មការសុខាភិបាលខេត្ត Zhejiang បានបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្រ ចំនួន៦២នាក់ ទៅទីក្រុងវេនលីង ដើម្បីជួយសង្គ្រោះ និងព្យាបាលអ្នកជំងឺ រួមទាំងអ្នកជំនាញវេជ្ជសាស្ត្រ២នាក់ មកពីមន្ទីរពេទ្យកុមារ នៃសាកលវិទ្យាល័យ Zhejiang។
វេជ្ជបណ្ឌិតបាននិយាយថា អ្នកជំងឺកុមារភាគច្រើន បានរងរបួសដោយសារអំបែងកញ្ចក់ ឬវត្ថុរឹង នៃបំណែកផ្ទះ ។ កុមារម្នាក់បានរងរបួសភ្នែកយ៉ាងធ្ងន់ធ្ងរ រីឯម្នាក់ទៀតរងរបួសសួត ដោយសារកម្លាំងខ្យល់នៃការផ្ទុះ ។
គ្រោះថ្នាក់នេះ បានកើតឡើងនៅម៉ោងប្រហែល៤ និង៤០នាទី កាលពីថ្ងៃសៅរ៍ នៅពេលឡានដឹកស៊ីទែនមួយ ផ្ទុកដោយប្រេងឥន្ធនៈពេញ បានផ្ទុះនៅក្បែរភូមិមួយ ក្នុង Wenling នៅលើផ្លូវលឿន ហាយវ៉េ(សេនយ៉ាង-ហៃគូ) ។
ការផ្ទុះលើកទីពីរ បានកើតឡើងភ្លាមៗ បណ្តាលឲ្យអគារលំនៅដ្ឋាន និងរោងសិប្បកម្មនៅក្បែរនោះ ត្រូវដួលរលំ ។
សូមរម្លឹកថា ផ្ទុះរថយន្តស៊ីទែនមួយតាមផ្លូវ ឆក់យកជីវិត១៩នាក់ និងរបួសជាង២០០នាក់ ៕
ចែករំលែកព័តមាននេះ