ខេត្តប៉ៃលិន ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានសន្យាជាមួយសមាគមផ្លែមៀនប៉ៃលិន ក្នុងការជួយស្វែងរកដំណោះស្រាយលើបញ្ហាទីផ្សារ ដែលសហគមន៍បានកំពុងជួបប្រទះ ជាពិសេសទីផ្សារក្រៅប្រទេស ប៉ុន្តែកសិករយើងត្រូវខិតខំផលិតផ្លែមៀនប្រកបដោយគុណភាព ស្របតាមស្តង់ដាប្រទេសដែលបញ្ជាទិញ ។
លោកបានមានប្រសាសន៍លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយបងប្អូនសមាជិកសមាជិកាសមាគមផ្លែមៀនប៉ៃលិន ប្រមាណ១៥០នាក់ ស្ថិតនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ លោក ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនផងដែរ។ លោកវេង សាខុន បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោកអភិបាលខេត្តប៉ៃលិន និងមន្ត្រីជំនាញ ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍទឹកដីខេត្តប៉ៃលិន ធ្វើឱ្យខេត្តនេះមានការវិវឌ្ឍន៍រីក ចម្រើនគួរជាទីមោទន ដោយជាក់ស្តែង ដំណាំកសិ-ឧស្សាហកម្ម ផ្ទៃដី និងទិន្នផលមានការកើនឡើងជាបន្តបន្ទាប់ រហូតឈានទៅផលិតលើសពីសេចក្តីត្រូវការក្នុងស្រុក និងទាមទារធ្វើការនាំចេញ ហើយទីផ្សារនាំចេញនេះហើយ គឺជាប្រធានបទដែលត្រូវលើកយកមកពិភាក្សាគ្នា ធ្វើយ៉ាងណាដោះស្រាយបញ្ហាកកស្ទះកសិផលរបស់បងប្អូនដែលកំពុងប្រឈមនាពេលនេះ។
ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា៖ បច្ចុប្បន្នក្រសួង ដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការ គឺកំពុងខិតខំពុះពារ ជំរុញ និងចរចារជាមួយភាគីចិន ដោយយកចិត្តទុកដាក់ និងស៊ីជម្រៅទាំងការងារបច្ចេកទេស និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សំខាន់ៗដែលភាគីនាំចេញ (កម្ពុជា) ត្រូវបំពេញឱ្យខាងតែបាន ។
ហើយថ្មីៗនេះ ក្រសួងបានទទួលចម្លើយបឋមពីភាគីចិនថាករណីសំណើនាំចេញមៀនប៉ៃលិន ភាគីចិនបាននិងកំពុងពិនិត្យលើឯកសារសំណើនេះតាំងពីខែមិថុនា ឆ្នាំ២០១៩ ហើយសង្ឃឹមថាឯកសារសំណើនេះនឹងត្រូវបានអនុម័តក្រោយពេលពិធីសារនាំចេញស្វាយស្រស់កម្ពុជា ដែលបានផ្លាស់ប្តូររវាងភាគីទាំងពីរកាលពីសប្តាហ៍មុនអនុវត្តន៍បានរលូនជាមុនសិន។
នៅក្នុងឱកាសនោះ លោក វេង សាខុន បានមានប្រសាសន៍ផ្តាំផ្ញើដល់សមាគមផ្លែមៀនប៉ៃលិន ត្រូវខិតខំផលិតផ្លែមៀន ឱ្យមានគុណភាពល្អ តាមក្បួនខ្នាតបច្ចេកទេស រួមមាន៖ ការងារដាំដុះ ថែរក្សា ការពារសត្វចង្រៃ ការប្រើជី និងថ្នាំពុលកសិកម្មសម្រាប់កម្ចាត់សត្វល្អិត បច្ចេកទេសក្រោយពេលប្រមូលផល ជាពិសេសការអនុវត្តកសិកម្មល្អ (Good Agricultural Practices, GAP) នៅនឹងចម្ការផ្ទាល់ និងការអនុវត្តកន្លែងកែច្នៃល្អ (Good Manufacturing Practices, GMP) តែម្តង ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនាំចេញ។
ចែករំលែកព័តមាននេះ