ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែជីវិត​ពិត​តារា​កំប្លែង​មាឌ​ល្អិត​នាង​កន្តុម​អ៊ឺត ប្រឡូក​សិល្បៈ​យូរ​ឆ្នាំ​មាន​ទាំង​ចំណុ​ច​ខ្លាំង និង​ចំណុច​ខ្សោយ

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រិ​យ​មិត្ត​ដែល​និយម​គាំទ្រ​ក្រុម​កំប្លែង​នាយ​កុយ ពិតជា​ធ្លាប់​បានឃើញ​ទេព​កោសល្យ​តារា​កំប្លែង​មាន​ល្អិត​នាង​កន្តុម​អ៊ឺត ដែល​តែង​តែ​មាន​វត្តមាន​ឡើង​សម្តែង​នៅ​លើ​វេទិកា​នៃ​កញ្ចក់​ទូរទស្សន៍​ជាមួយ​កាយវិការ​ក្រ​ម៉ិច​ក្រ​មើម​។ ក្នុង​ពេល​ដែល​មាន​ឆក់​ឱកាស​ចូល​សម្តែង​ជាមួយ​ក្រុម​កំប្លែង​ល្បីឈ្មោះ នាង​កន្តុម​អ៊ឺត​បាន​សារភាព​ថា ជីវិត​សិល្បៈ​របស់​នាង​មិន​ទាន់​ជួយ​ជីវភាព​ក្រៅ​ឆាក​ឲ្យ​ប្រសើរ​នោះ​ទេ ខណៈ​ពេល​ដែល​អាជីព​សិល្បៈ​របស់​នាង​មាន​ទាំង​ចំណុច​អន់ និង​ចំណុច​ល្អ​មួយ​ចំនួន​ដែល​រូប​នាង​យល់​ថា នៅ​មាន​កង្វះខាត​។

ក្នុង​ជំ​ហ៊ាន​ឈាន​មក​ដល់​តួនាទី​ជាតា​រា​កំប្លែង​នាង​កន្តុម​អ៊ឺត ដែល​មានឈ្មោះ​ដើម​ថា «​ស៊ឹ​ម ផល្លាន​» បាន​សម្រេចចិត្ត​លាតត្រដាង​នូវ​រឿងរ៉ាវ​ជីវិត​ពិត​ទាំង​មុន​ពេល​ចូល​សិល្បៈ និង​ក្រោយ​ពេល​ចូល​សិល្បៈ ដើម្បី​ឲ្យ​ប្រិ​យ​មិត្ត​បាន​ស្គាល់ និង​ដឹង​ពី​ស្ថានភាព​ពី​មុន និង​សព្វថ្ងៃ ក្នុង​ពេល​ដែល​គេ​មើលឃើញ​តែ​ស្នាមញញឹម សប្បាយ​រីករាយ​លើ​តែ​វេទិកា​សម្តែង​នោះ​។ ខាងក្រោម​នេះ ជា​ដំណើរ​ជីវិត​របស់​នាង​ស៊ឹ​ម ផល្លាន ហៅ​កន្តុម​អ៊ឺត ៖

ជីវិត​កាលពី​នៅ​កុមារភាព ​៖
កន្តុម អ៊ឺត ជា​អ្នកស្រុក​ក្រូចឆ្មា ខេត្ត​ត្បូងឃ្មុំ សព្វថ្ងៃ​នាង​មាន​បងប្អូន​៥​នាក់ ជា​កូន​ទី​៤ ក្នុង​ត្រកូល​គ្រួសារ​ជា​អ្នកស្រែ​ចម្ការ ដែល​ត្រូវ​តស៊ូ​ជាមួយ​អាជីព​ធ្វើស្រែ ដាំ​ដំណាំ មិន​ខុស​ពី​បងប្អូន​ប្រជា​កសិករ​ដែល​លំបាក​ផ្សេង​ទៀត​នោះ​ទេ ។ កន្តុម​អ៊ឺត បាន​ថ្លែង​ថា កាល​នៅ​កុមារ​នាង​អត់​ដឹង​ថា ខ្លួន​ល្អិត​ឆ្មិ​ញ​ទេ ទើបតែ​អាយុ​១០​ឆ្នាំ បានដឹង​ថា ខ្លួន​ប្រហែលជា​មិន​អាច​លូត​កម្ពស់​តទៅ​ទៀត​ដូច​បង​ៗ​ឡើយ ។ គ្រា​នៅ​កុមារ​នាង​អាច​ដឹង​ថា កាលនោះ​ក្រុម​គ្រួសារ​នាង​លំបាក​ខ្លះ​ដែរ មាន​ពេល​មួយ​ម្តាយ​នាង​អត់​មាន​អង្គរ​ដាំបាយ​ទេ រក​លុយ​មិន​បាន ។ ពេល​នោះ​នាង​ធ្លាប់​ដឹក​បន្លែ​តាម​កង់​ក្មេង​ៗ​យក​ទៅ​លក់​តាម​ផ្ទះ តាម​ផ្សារ ដើម្បី​ដោះ​ទាល់​នៅ​ក្នុង​ស្ថានភាព​គ្រួសារ ។  ក្នុង​ពេល​ដែល​គ្រួសារ​អត់​ពេក ការ​រៀនសូត្រ​ក៏​បាន​ឈប់​ត្រឹម​ថ្នាក់​ទី​៦ ដោយសារ​តែ​រៀន​អត់​ចូល ហើយ​មិន​ពូកែ ក៏​មក​នៅផ្ទះ​ជួយ​រកស៊ី​ជាមួយ​ម្តាយ ។ កាល​នៅ​ក្មេង​អត់​ដែល​មានគំនិត​ខ្មាស់​គេ​រឿង​ដើរ​ដឹក​បន្លែ​លក់ ឬ​ធ្វើ​អ្វី​ខ្មាស់​គេ​ទេ ឲ្យ​តែ​បាន​លុយ​ចេះ​តែ​ឈ្មុល​ដើរ​រកស៊ី​រហូត ទោះជា​ល្អិត​ក៏​ដោយ ។

ជីវិត​មុន​ពេល​ចូល​សិល្បៈ ​៖
ក្នុង​កម្ពស់​១​ម៉ែត្រ​១​តឹក កន្តុម​អ៊ឺត បាន​បន្ថែម​ថា មុន​ពេល​បាន​ឆក់​ឱកាស​ចូល​កំប្លែង​ឲ្យ​លោកពូ​កុយ នាង​បាន​ធ្លាប់​ប្រឡង  កម្មវិធី​រក​តារា​កំប្លែង​មាឌ​ល្អិត​ជាងគេ​ជាប់​លេខ​១ នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលនោះ​មិន​បាន​អ្វី​នោះ​ជា​រឿង​ប្រាក់​រង្វាន់ ធ្វើ​ឲ្យ​ម្តាយ​របស់​នាង​ច្រឡោតខឹង​ណាស់ ហៅ​នាង​ឲ្យ​ទៅ​ស្រុក​វិញ​ជា​បន្ទាន់ ព្រោះ​សិល្បៈ​ប្រឡូក​គ្មាន​ចំណេញ​ទេ ។ គាត់​ថា ខំ​ជិះ​ម៉ូតូឌុប​អស់​លុយ​ម៉ា​គ​គោក​ពី​ដំបូង​ដល់​ជាប់​លេខ​១ អត់​បាន​លុយ​១​សេន ទៅ​ចំណេញ​អី បើ​កំពុង​តែ​អត់ ប្រាក់​ក្នុង​ខ្លួន​ផង​នោះ​។ តែ​ចិត្ត​ស្រឡាញ់​ចេះ​តែ​តស៊ូ លួង​ចិត្ត​ម្តាយ ដោយ​មក​ភ្នំពេញ ហើយ​មិន​ចង់ទៅ​ស្រុក​វិញ​ទេ ត្រូវ​តែ​តស៊ូ​រក​ការងារ​ធ្វើ ទោះ​លំបាក​បែប​ណា​ក៏​ខំ​ទៅ​មុខ​ទៀត ។ លុះ​ចាប់ពី​ពេល​នោះ​មក​អ្នក​ស្គាល់​នាង គេ​ឲ្យ​ទាក់ទង​ទៅ​សុំ​ប៉ា​កុយ​សម្តែង ដោយ​ដំបូង​នាង​ដាច់​ចិត្ត​ទូរស័ព្ទ​ទៅ​ប៉ា​កុយ គាត់​មិន​ទាន់​យក​ទេ ព្រោះ​គាត់​ថា ក្រុម​មាន​សមាជិក​គ្រប់គ្រាន់ ។ ប៉ុន្តែ​គាត់​ក៏​បាន​ឲ្យ​ខ្ញុំ​មក​ជួប​ផ្ទាល់ ដើម្បី​ឲ្យ​គាត់​បាន​ពិនិត្យ និង​សម្តែង​ឲ្យ​ឃើញ​សិន ថា ទៅ​រួច ឬ​មិន​រួច​។  ក្រោយមក​នៅ​ពេល​ប៉ា​កុយ ឃើញ​ថា នាង​មាន​រូបរាង​តូច​សម​អាច​ជា​តួកំប្លែង​បាន ទើបបាន​សម្តែង​ជា​សមាជិក​ក្រុម​របស់​គាត់​តាំងពី​ឆ្នាំ​២០០៩ មក​ទស់​ពេល​នេះ​។

ជំ​ហ៊ាន​មក​កាន់​សិល្បៈ ៖
មាន​អាយុ​២៩​ឆ្នាំ អ្នក​កំប្លែង​ជាមួយ​នាយ​កុយ កន្តុបអ៊ឺត បន្ត​ប្រាប់​ថា សព្វ​ថ្ងៃនេះ នាង​បាន​សម្តែង​តាម​ទូរទស្សន៍​គ្រាន់​ជាង​មុន ពី​មុន​មិនសូវ​បាន​សម្តែង​ច្រើន​ឡើយ ។ ការងារ​សម្តែង​របស់​នាង​មាននៅ​ទូរទស្សន៍​ស៊ី​ធី​អិន កម្មវិធី «​មន្ត​ស្នេហ៍​សំនៀង​» ទូរទស្សន៍​បាយ័ន កម្មវិធី «​ប្រជុំ​តារា​តន្ត្រី​» និង​«​តន្ត្រី​ស្រុកស្រែ​» ។  ទោះជា​នាង​បាន​សម្តែង​ច្រើន​មែន តែ​ការ​សម្តែង​របស់​នាង​នៅ​មិន​ទាន់​ជួយ​លូតលាស់​ខាង​ជីវភាព​រស់នៅ​ទេ នៅ​តែ​ខ្វះខាត​នៅឡើយ ។ នាង​សម្តែង​ម្តង​បាន​តែ​ប្រាក់​១០​ដុល្លារ​ទេ តែបើ​ទៅ​ខេត្ត​សម្តែង​វិញ បាន​៣០​ដុល្លារ​ដែរ គ្រាន់​ជាង​មុន​។ ពេល​នេះ ការ​សម្តែង​ដូច​ជា​ប្រសើរ​ខ្លះ ដោយសារ​តែ​១​ខែ​៤​អាទិត្យ បាន​សម្តែង​នៅ​ស៊ី​ធី​អិន និង​នៅ​បាយ័ន​ជា​ប្រចាំ​បាន​ប្រាក់​ទៀងទាត់ ។ និយាយ​ពី​ការ​ប្រឡូក​សិល្បៈ​នេះ​វិញ កាន់តែ​លំបាក​មួយ​ផ្នែក​ដែរ ព្រោះថា នាង​អត់​មាន​ម៉ូតូ​ជិះ​ផ្ទាល់ខ្លួន​នោះ​ទេ ជិះ​តែ​ម៉ូតូឌុប​ទៅ​សម្តែង ពេល​ខ្លះ ចំណាយ​ច្រើន​មិនសូវ​ចំណេញ​ទេ ។ នាង​ដូរ​ផ្ទះ​ជួល​ញឹកញាប់​ណា​ក់ ឥឡូវនេះ​នាង​ស្នាក់​នៅផ្ទះ​ជួល​នៅ​ម្តុំ​វត្ត​សន្សំ​កុសល ដោយ​ត្រូវ​ជិះ​ម៉ូតូឌុប​ឆ្ងាយ​ណាស់ ១​ជើង​ជាង​១​ម៉ឺន​រៀល​ឯណោះ នៅ​មិន​ទាន់​ចំណាយ​ជិះ​ត្រឡប់​មក​វិញ ស្រប​ពេល​នាង​សម្តែង​បាន​តែ​១០​ដុល្លារ​ប៉ុណ្ណោះ​។ ជីវិត​សិល្បៈ​របស់​នាង គឺ​តស៊ូ​មិនធម្មតា​ដែរ ព្រោះ​មាន​ពេល​ខ្លះ នាង​ចេញ​ទៅ​សម្តែង​តន្ត្រី​ស្រុកស្រែ​តាម​ខេត្ត​ជិះឡាន​ជាមួយ​ប៉ា​កុយ មក​ដល់​យប់​ជ្រៅ​ៗ ហើយ​មក​ដល់​ភ្នំពេញ ក៏​បន្ត​ជិះ​ម៉ូតូឌុប​ទាំង​យប់ ពេល​ខ្លះ​ភ័យ​តក់ស្លុត​ខ្លាច​ជួប​ចោរ​វាយ​យក​លុយ​ក៏​មាន​។

ចំណែក​រឿង​លេង​កំប្លែង​ជាមួយ​ប៉ា​កុយ​វិញ ទើបតែ​ពេល​នេះ​ទេ នាង​ហ៊ាន​សម្តែង​ឲ្យ​បាន​ល្អ​ជាង​មុន បើ​ពី​មុន​ៗ​វិញ​ខ្មាស​ណាស់ មិន​ហ៊ាន​និយាយ​ពាក្យ​គំ​រួស​គំរើយ​ដូច​ជា​អា​កុយ  អា​ហុងដា ឬ​អា​ក្រិន​ទេ ខ្លាច​គាត់​ៗ​ជា​មនុស្ស​ចាស់​ខឹង ។ ប៉ុន្តែ​ប៉ា​កុយ​ចេះ​តែ​ប្រាប់​ថា មិនបាច់​ខ្លាច​ទេ ហៅ​យ៉ាងណា​ក៏​បាន ព្រោះ​ជា​សិល្បៈ ។ ចាប់ពី​ពេល​នោះ​មក​ចេះ​តែ​ហ៊ាន​លេង​ឲ្យ​អស់​លទ្ធភាព​តែ​ម្តង ។ ក្រៅពី​សម្តែង​កំប្លែង​នាង​ធ្លាប់​បាន​ថតកុន ២​រឿង​ដែរ តែ​ជួប​រឿង​សយ​ស្ទើរតែ​អស់​ជីវិត ពេល​ថត​នៅ​រតនៈគិរី​ប៊ិះ​គ្រោះថ្នាក់​ចរាចរ ពេល​ត្រឡប់​មក​ភ្នំពេញ​វិញ ។ លើស​ពី​នោះ​រឿង «​ព្យុះ​ស្នេហ៍​សេ​សាន្ត​» ក៏​បាត់​ដំណឹង អត់​ដឹង​ថា ចាក់​បញ្ចាំង​ពេល​ណា​ទេ ព្រោះ​ថត​ចប់​២​ឆ្នាំ​មក​ហើយ​។
  
បំណង​អនាគត និង​ស្នេហា ​៖
ក្នុង​ពេល​នេះ នាង​អាយុ​២៩​ឆ្នាំ​មក​ហើយ បើ​គិត​ជា​រឿង​ស្នេហា គេ​មាន​គូគាប់​បាត់​ទៅ​ហើយ ។ នាង​ប្រហែលជា​មិន​យក​គ្រួសារ​ទេ ដោយសារ​តែ​គិត​ថា មាន​មាឌ​ល្អិត បើជា​មនុស្ស​ប្រុស​វិញ គេ​អាច​មាន​លុយ គេ​រៀប​ការ​បាន ប៉ុន្តែ​សម្រាប់​នាង​ប្រហែលជា​មិន​យក​ទេ ។  នាង​ខ្លាច​ប៉ះ​ស្វាមី​ចិត្តឃោរឃៅ វាយ​ធ្វើបាប​ប្រពន្ធ​កូន ដូច​ជា​នាង​តូច​ល្អិត​បែប​នេះ បើ​បាន​ស្វាមី​មិនល្អ វាយ​តែ​មួយ​ដៃ​មួយ​ជើង ពិតជា​ខ្ទាត​ដល់​ណា​ណី​មិន​ខាន ទើប​គិត​ៗ​ទៅ​មិន​បណ្តោយ សុខចិត្ត​តាម​កម្ម​វាសនា​ទៅ​ចុះ​។  សម្រាប់​ពេល​នេះ មាន​តែ​ខំ​រក​លុយ​ទុក​ដល់​ចាស់​ទៅ និង​ឆ្លៀតពេល​រកបាន​យក​លុយ​ទៅ​ផ្ញើ​អ្នក​មានគុណ បើ​ស្នេហា​មិន​ដែល​គិត​នោះ​ទេ​៕