បរទេស៖ តារាចម្រៀងរបស់កូរ៉េ ដែលទទួលបានប្រជាប្រិយភាពខ្លាំងនៅក្នុងឆ្នាំ ២០១០ Park Bom បានធ្វើអោយអ្នកគាំទ្រមានការព្រួយបារម្ភជាខ្លាំង បន្ទាប់ពីនាងមានរូបរាងខុសប្លែកខុសពីមុនដាច់ស្រឡះនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់កូរ៉េ « Grand Bell Awards» លើកទី៥៦។

នាង Park Bom កាលពីថ្ងៃទី៣ ខែមិថុនា កន្លងទៅនេះ បានចូលរួមជាតារាកិត្តិយសមួយរូបនៅក្នុងកម្មវិធីមួយនេះ សម្រាប់ការសម្តែង ប៉ុន្តែអ្វីដែលធ្វើអោយអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងនោះទៅរូបរាងធាត់ខ្លាំងជាងមុន ជាមួយនឹងទម្រង់មុខប្លែកមើលលែងសឹងស្គាល់ បង្កអោយអ្នកគាំទ្រសង្ស័យថា នាងបានវះកាត់កែសម្ផស្សទៀតហើយ ទើបបានជាប្រែរូបរាងបែបនេះ។
ការចែកចាយរូបភាពដែលមហាជនយល់ថា ជារូបរាងកែសម្ផស្សរបស់អតីតក្រុម 2NE1 មិនបានប៉ុន្មានផង ស្រាប់តែនៅថ្ងៃទី ៤ ខែមិថុនា កន្លងទៅនេះ ក្រុមហ៊ុន D-Nation ផលិតកម្មថ្មីរបស់ Park Bom បានធ្វើការបកស្រាយ អំពីព័ត៌មាននោះ និងបានបដិសេធថា « Park Bom មិនបានវះកាត់កែសម្ផស្សនោះទេ ពីព្រោះមានការរវល់ច្រើន ទទួលរងភាពតានតឹងច្រើនខ្លាំងពេក នៅអំឡុងពេលផលិតបទចម្រៀង ទើបធ្វើអោយរូបរាងឡើងទម្ងន់ជាងមុនបន្តិច។

ទោះជាយ៉ាងណា ក្រុមហ៊ុន D-Nation បានបន្ថែមថា តារាចម្រៀងស្រីរូបនេះនឹងមានរូបរាងស្អាតឡើងវិញ បន្ទាប់ពីនាងចេញបទចម្រៀងក្នុងពេលឆាប់ៗខាងមុននេះ។ នេះបើយាងតាមការផ្សាយរបស់ Soompi របស់កូរ៉េ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយនោះទេ ដែល អតីតសមាជិក 2NE1 រូបនេះទទួលបានការរិះគន់ពីមហាជនអំពីការកែសម្ផស្សរបស់នាង ៕ ដកស្រង់ចេញពីវេបសាយ ៖ soompi (កែសម្រួលដោយ ៖ បុប្ផា)







ចែករំលែកព័តមាននេះ