ឧបករណ៍​តេស្ត​កូ​វី​ដ​១៩​នៅ​វៀតណាម ត្រូវ​គេ​ឱ្យ​ដាក់​លក់​នៅ​អឺរ៉ុប


ប្រទេស​វៀតណាម ៖ តាម​ប្រភព​ព័ត៌មាន The Star បានឱ្យ​ដឹង​ថា ឧបករណ៍​ធ្វើតេស្ត​កូ​វី​ដ​១៩ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ហាណូយ ត្រូវ​បាន​ផ្តល់​វិ​ញ្ញាប​ន​ប័ត្រ​អនុញ្ញាត​ឱ្យ​លក់​នៅ​ក្នុង​ទីផ្សារ​អឺរ៉ុប​។

យោង​តាម​សាកលវិទ្យាល័យ​ហាណូយ បានឱ្យ​ដឹង​ថា ឧបករណ៍​តេស្ត​នេះ គឺជា​ឧបករណ៍​ដំបូង​គេ​មួយ​នៅ​លើ​ពិភពលោក ដែល​ប្រើប្រាស់​បច្ចេកវិទ្យា RT-LAMP ដើម្បី​រក​វីរុស SARS-CoV-2 ដែល​បណ្តាល​ឱ្យ​មាន​ជំងឺ​កូ​វី​ដ​១៩​។

ដឹកនាំ​ដោយ​វេជ្ជបណ្ឌិត Le Quang Hao សាស្ត្រាចារ្យ​សាលា​ជីវវិទ្យា​វិទ្យាសាស្ត្រ និង​បច្ចេក​វិទ្យា​ចំណីអាហារ​របស់​សាកលវិទ្យាល័យ និង​វេជ្ជបណ្ឌិត Nguyen Le Thu Ha មក​ពី​ក្រុមហ៊ុន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​អន្តរជាតិ Innogenex International Science and Technology ស្រាវជ្រាវ​បាន​រក​ឃើញ​បច្ចេកវិទ្យា​នេះ ដែល​អាច​ប្រើប្រាស់​រក​វត្តមាន​របស់​វីរុស​ណូ​វែ​ល​កូ​រ៉ូ​ណា​បាន​។

លទ្ធផល​តេស្ត​អាច​ត្រូវ​បាន​គេ​មើលឃើញ​ដោយ​ភ្នែក​ទទេ ដោយសារ​ការ​ផ្លាស់​ប្តូរ​ពណ៌​នៃ​សារ​ធាតុ​គីមី​ដែល​ចង្អុលបង្ហាញ​។ បច្ចេកវិទ្យា RT-LAMP អាច​បង្កើត​លទ្ធផល​ក្នុង​រយៈពេល ៣០​នាទី ខណៈ​ពេល​ដែល​ឧបករណ៍​សាកល្បង RT-PCR ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​ស្រាវ​ជ្រាវ​ជនជាតិ​វៀតណាម​ផ្សេង​ទៀត ត្រូវការ​រយៈពេល​ប្រហែល ១២០​នាទី​។ តេស្ត​នេះ​មិន​មាន​ការ​ច្រ​លំ​ជាមួយនឹង​វត្តមាន​របស់​វីរុស​ផ្សេង​ៗ​ដូច​ជា MERS-CoV, HKU4, HKU1, OC43 ឬ 229E ដែល​បង្ក​ឱ្យ​មាន​ជំងឺ​ផ្សេង​ៗ​ឡើយ​។

លោក​វេជ្ជបណ្ឌិត Hoa បាន​និយាយ​ថា នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​សិក្សា​របស់​ក្រសួងសុខាភិបាល​ប្រទេស​វៀតណាម ក្រុម​របស់​លោក និង​ក្រុមហ៊ុន​ភាគហ៊ុន​សៅ​ថៃ​ឌុ​ង បាន​ផលិត​នូវ​ផលិតផល​ជីវសាស្ត្រ​ចំនួន​ពីរ​ប្រភេទ​នៃ RT-LAMP រក​កូ​វី​ដ​១៩​។

ឧបករណ៍​សាកល្បង​ជំនាន់​ទី​១ ត្រូវ​បាន​អនុញ្ញាតិ​ដោយ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​សម្រាប់​ការ​ធ្វើ​ចរាចរ​បណ្តោះអាសន្ន​។ ដូច្នេះ​វា​អាច​ត្រូវ​បាន​ប្រើ​សម្រាប់​ធ្វើតេស្ត​នៅ​វិទ្យាស្ថាន​អនាម័យ និង​រោគរាតត្បាត​។ ឧបករណ៍​ធ្វើតេស្ត​ដំណើរការ​គ្រប់​ករណី​ទាំងអស់​និង​បង្កើត​លទ្ធផល​ពិតប្រាកដ​។

លោក​វេជ្ជបណ្ឌិត​ហូ​បាន​មាន​ប្រសាសន៍​ថា ជំនាន់​ទី​២ ត្រូវ​បាន​បង្កើត​ឡើង ដោយ​មានការ​ថយ​ចុះ​នូវ​វត្ថុធាតុដើម​នាំ​ចូល និង​ប្រើប្រាស់​ប្រហាក់ប្រហែល​ក្នុងស្រុក​។ លោក​បាន​បន្ថែម​ថា ឧបករណ៍​​ជំនាន់​ទី​២ បាន​ទទួល​វិ​ញ្ញាប​ន​ប័ត្រ CE-IVD ដែល​អនុញ្ញាត​ឱ្យ​ចែកចាយ​ទូ​ទាំង​ទ្វីប​អឺរ៉ុប នៅ​ថ្ងៃ​ទី​២៥ ឧសភា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ thestar (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ