ម៉ូតូ​សាក​ថ្ម​គ្រោង​នឹង​នាំ​ចូល​មក​ទីផ្សារ​កម្ពុជា


រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​មួយ​របស់​កូរ៉េ​ថ្មី​ៗ​នេះ​បាន​ទ​ម្លា​យ​​ប្រាប់​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​គ្រោង​នឹង
នាំ​ចូល​ម៉ូតូ​សាក​ថ្ម ឬ​ហៅ​ថា (Electric Vehicle) ដែល​អាច​ប្តូរ​ថ្ម​មាន​សាក​នៅ​តាម​ស្ថានីយ៍ មក​លក់
នៅ​ទីផ្សារ​កម្ពុជា ដោយ​អះអាង​ថា​ម៉ូតូ​ប្រភេទ​នេះ​នឹង​អាច​ជួយ​ដល់​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​ផ្នែក
បរិស្ថាន ។

តំណាង​ក្រុមហ៊ុន​របស់​កូរ៉េ បាន​បង្ហាញ​គម្រោង​នាំ​ចូល និង​ដាក់​ឱ្យ​ដំណើរការ​ម៉ូតូ​សាក​ថ្ម (Electric Vehicle) នេះ​ជា​ឱកាស​ជួប​ប្រជុំ​ជាមួយ​លោក ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន កាលពី​ថ្ងៃ​ទី ៥ ខែមិថុនា កន្លង​ទៅ​នេះ ។

លោក Lee JaeHoo តំណាង​ប្រតិភូ​ក្រុមហ៊ុន​កូរ៉េ បាន​ថ្លែងប្រាប់​លោក​រដ្ឋមន្ត្រី​អំពី​គម្រោង​នាំ​ចូល និង​ដាក់​ឲ្យ​ដំណើរការ ម៉ូតូ​សាក​ថ្ម (Electric Vehicle) ដែល​អាច​ប្តូរ​ថ្ម​មាន​សាក​នៅ​តាម​ស្ថានីយ ហើយ​អាច​ប្រើប្រាស់ សម្រាប់​ធ្វើ​ដំណើរ​បាន​ចម្ងាយ​ប្រមាណ​១០០​គីឡូម៉ែត្រ អាច​កាត់​បន្ថយ​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន និង​មាន​តម្លៃ​ចន្លោះ​ពី​១០០០ ទៅ​១៥០០ ដុល្លារ​សហរដ្ឋអាមេរិក និង​បាន​ស្នើ​សុំ​អនុសាសន៍ និង ការ​គាំទ្រ​ពី​​លោក​​ទេស​រដ្ឋមន្ត្រី​មុន​នឹង​នាំ​ចូល​និង​ដាក់​ឱ្យ​ដំណើរការ​គម្រោង​នេះ​ជា​ផ្លូវការ​។

ជា​ការ​ឆ្លើយ​តប ​លោក ស៊ុន ចាន់​ថុ​ល បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​គម្រោង​នេះ និង​បាន​ស្នើ​ឲ្យ ក្រុមហ៊ុន​ផ្ដោត​ជា​សំខាន់​លើ​ការ​ប្រើប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​នេះ​នៅ​ខេត្តសៀមរាប ដើម្បី​ជួយ​សម្រួល ដល់​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ទេសចរណ៍​នៅ​ក្នុង​តំបន់​ប្រាសាទអង្គរវត្ត និង​ជួយ​កាត់​បន្ថយ​ការ​បំពុល
បរិ​ស្ថាន​​​​ផង​ដែរ​។

ជាមួយ​គ្នា​នោះ​ផង​ដែរ ​លោក​​ទេស​រដ្ឋមន្ត្រី បាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​សិក្សា​លើ​គម្រោង នេះ​ឲ្យ​បាន​ច្បាស់លាស់​មុន​នឹង​នាំ​ចូល​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ ដោយ​សហការ​ជាមួយ​ក្រសួង សាធារណការ និង​ដឹក​ជញ្ជូន និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បី​ធានា​បាន​នូវ​ការ​ប្រកួតប្រជែង​៕

ព្រឹត្តិការណ៍សង្គម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ