ទូច ស៊ុន​និ​ច ទទូច​សុំ​កុំ​យល់​ច្រឡំ​រឿង​បាញ់ប្រហារ​នាង​ជា​រឿង​ស្នេហា​ត្រី​កោណ


ជា​ថ្មី​ម្តងទៀត​អតីត​តារាចម្រៀង​ដ៏​ល្បីល្បាញ​នាង ទូច ស៊ុន​និ​ច បាន​ទទូច​ស្នើ​សុំ​ដល់​មហាជន​មួយ​ចំនួន​បញ្ឈប់​ការ​យល់​ច្រឡំ​ពី​ការ​បាញ់ប្រហារ​មក​លើ​រូប​នាង​ថា ជា​រឿង​ស្នេហា​ត្រីកោណ តទៅ​ទៀត​។ ទូច ស៊ុន​និ​ច ក៏​បាន​ស្នើ​សុំ​ឱ្យ​បញ្ឈប់​យក​បញ្ហា​របស់​នាង​មក​ផ្សព្វផ្សាយ ហើយ​មក​ភ្ជាប់​ស្នេហា​ត្រីកោណ ត្បិត​នាង​មិន​បាន​ធ្វើ​រឿងរ៉ាវ​មួយ​នេះ​ឡើយ​។

ទូច ស៊ុន​និ​ច បាន​អះអាង​តាម​រយៈ​យូ​ធូប​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០២០ នេះ​ថា ជា​ថ្មី​ម្តងទៀត នាង​សុំ​ស្នើ​ឱ្យ​មហាជន​មួយ​ចំនួន​ដែល​នៅ​តែ​យល់​ច្រឡំ​ពី​ការ​បាញ់ប្រហារ​មក​លើ​រូប​នាង​ថា «​ជា​រឿង​ស្នេហា​ត្រីកោណ​» ឱ្យ​បញ្ឈប់​ការ​យល់​ច្រឡំ​នេះ​ទៀត​ទៅ​។

នាង​បាន​បញ្ជាក់​ថា ក្នុង​នាម​ជា​តារាចម្រៀង និង​ជា​សាស្ត្រាចារ្យ​អក្សរសាស្ត្រ​ខ្មែរ​មួយ​រូប នាង​មិន​លក់​ឧត្តមគតិ​ខ្លួន ដើម្បី​បម្រើ​អ្នក​ណា​ម្នាក់​ឡើយ​។ នាង​ថា នាង និង​ឪពុក​ម្តាយ​មិន​ដែល​ក្បត់ និង​លក់​ឧត្តមគតិ និង​លក់​កូន​ទៅ​ឱ្យ​ម​ប្រើ​អ្នក​ណា​ឡើយ ខណៈ​ពេល​ដែល​ក៏​បាន​ធ្វើ​រឿងរ៉ាវ​ណាមួយ​ពាក់ព័ន្ធ​ស្នេហា​ត្រីកោណ​នោះ​ដែរ​។

បើ​តាម​នាង ទូច ស៊ុន​និ​ច បន្ត​ថា ព្រឹត្តិការណ៍​នៃ​ការ​បាញ់ប្រហារ​យ៉ាង​សាហាវ​មក​លើ​រូប​នាង និង​ម្តាយ​កាលពី​ឆ្នាំ​២០០៣​នោះ បាន​ធ្វើ​ឱ្យ​ម្តាយ​របស់​នាង​បាត់បង់​ជីវិត​យ៉ាង​អាណោច​អា​ធ​ម ចំណែក​នាង​វិញ​បាន​ធ្លាក់ខ្លួន​ពិការ​រហូត​មក​ទល់​សព្វ​ថ្ងៃនេះ​។ យ៉ាងណា បើ​ទោះបីជា​វា​បាន​រំលង​​ផុត​ទៅ​ជាង​១០​ឆ្នាំ​មក​ហើយ ក៏​នាង​នៅ​មិន​ទាន់​បាន​ទទួល​នូវ​ពន្លឺ​យុ​ត្ត​ធម៌​ក៏​ដោយ ប៉ុន្តែ​នាង​ឃើញ​មហាជន​ខ្មែរ​យល់​ច្រឡំ​ថា ហេតុការណ៍​នេះ គឺ​កើតឡើង​ដោយសារ​ស្នេហា​ត្រីកោណ​នោះ​ដែរ​។

ដោយឡែក​ពាក់ព័ន្ធ​បញ្ហា​សុខភាព​វិញ នាង ទូច ស៊ុន​និ​ច បាន​អះអាង​ថា នាង​មាន​សុខភាព​ល្អ​ធម្មតា គ្រាន់តែ​នាង​នៅ​មិន​ទាន់​អាច​កម្រើក​ដៃជើង​បាន​នៅឡើយ ហើយ​នាង​មាន​ទម្ងន់​ប្រមាណ​ត្រឹម​៤០​គីឡូ​ប៉ុណ្ណោះ ពោល​គឺ​មិនមែន​៨០​គីឡូ​ដូច​ការ​ចុះ​ផ្សាយ​តាម​បណ្តាញសារព័ត៌មាន​កន្លង​មក​នោះ​ឡើយ​។

ទូច ស៊ុន​និ​ច ក៏​បាន​ថ្លែងអំណរគុណ​ដល់​បណ្តា​ទស្សនិកជន​ខ្មែរ​ទូ​ទាំង​ពិភពលោក ដែល​តែងតែ​សួរសុខទុក្ខ​ពី​សុខភាព​របស់​នាង និង​នៅ​បន្ត​គាំទ្រ​បទ​ចម្រៀង​របស់​នាង​ដែល​បាន​បង្ហោះ​តាម​យូធូប​​ជា​បន្តបន្ទាប់​មកនេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

សិល្បៈ​និងវប្ប​​​ធម៌

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ