រាជធានីភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០២០ ក្រសួងបរិស្ថាន បានសម្តែងការសោកស្តាយចំពោះក្រុមជនមួយចំនួនតូច ដែលចេញមកសម្តែង ធ្វើជាអ្នកការពារបរិស្ថាន ដោយបានធ្វើសកម្មភាពទាមទារឱ្យមានការសង្គ្រោះតំបន់កោះកុងក្រៅ នៃខេត្តកោះកុង ឱ្យដាក់ជាតំបន់ការពារ ។ នេះគ្រាន់តែជាលេស ដើម្បីបិទបាំងនូ វឧបាយកលនយោបាយទុច្ចរិត ដែលស្ថិតក្រោមការរៀបចំមួយដ៏ច្បាស់លាស់ប៉ុណ្ណោះ ។
សូមជម្រាបដែរថា នៅក្នុងយុទ្ធនាការជិះកង់ថ្ងៃទី២ នៃក្រុមយុវជនចលនាមាតាធម្មជាតិ ក្នុងគោលបំណងដាក់ញត្តិជូនសម្តេចតេជោ ហ៊ុន សែន ឲ្យដាក់កោះកុងក្រៅ ទៅជាតំបន់ការពារដោយច្បាប់ ប៉ុន្ដែត្រូវបានអាជ្ញាធររារាំង នៅក្នុងឃុំត្រពាំងរូង ស្រុកកោះកុង ខេត្ដកោះកុង នៅម៉ោង៦:៣០នាទីព្រឹក ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ។
យោងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ទោះបីជាគ្មានយុទ្ធនាការ ឬការទាមទារណាមួយក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្ពស់លើការងារការពារនិងអភិរក្សតំបន់កោះកុងក្រៅនេះ ដោយបានបញ្ជូនក្រុមមន្ត្រីជំនាញ បានធ្វើការសិក្សាស្រាវជ្រាវ រៀបចំឯកសារ និងទិន្នន័យផ្សេងៗ ទាក់ទងនឹងតំបន់កោះកុងក្រៅនេះ តាំងពីឆ្នាំ២០១៦ មកម្ល៉េះ ដើម្បីដាក់តំបន់នេះ ជា«ឧទ្យានជាតិសមុទ្រ» ព្រោះតំបន់នេះសម្បូណ៍ដោយសក្តានុពលផ្នែកធនធានធម្មជាតិ និងជីវៈចម្រុះ និងមានឆ្នេរខ្សាច់ល្អ ស្រស់ស្អាត ដែលត្រូវការពារនិងអភិរក្ស ។ នៅក្នុងគម្រោងផែនការ ក្រសួង បរិស្ថាន រំពឹងថា នឹងអាចប្រកាសតំបន់កោះកុងក្រៅនេះជា«ឧទ្យានជាតិសមុទ្រ» អំឡុងឆ្នាំ២០២១ ខាងមុខនេះ ក្រោយការបញ្ចប់ការសិក្សារួចរាល់ ។
ក្រសួងបរិស្ថាន សង្ឃឹមថា ក្រុមជនមួយចំនួនតូចនេះ នឹងយល់ដឹងកាន់តែច្បាស់ ហើយខិតខំរៀនធ្វើការរួមគ្នាប្រកបដោយភាពស្មោះត្រង់ជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីបុព្វហេតុបរិស្ថាន និងធនធាន ធម្មជាតិ ហើយជៀសវាងការបង្កើតឆាកល្ខោនសម្តែង និងធ្វើអាជីវកម្ម ដើម្បីកេងចំណេញនយោបាយ ៕
សេចក្តីប្រកាសរបស់ក្រសួងបរិស្ថាន មានដូចខាងក្រោមនេះ ៖
ចែករំលែកព័តមាននេះ