សិប្បកម្មផលិតសំបកណែមអ្នកភូមិដូនទាវ រាងងើបឡើងវិញហើយ
- បាត់ដំបង
ខេត្តបាត់ដំបង៖ ក្រោយពីដួលសន្លប់មួយដង្ហើមធំជិត២ខែក្រោមកណ្ដាប់ដៃដ៏ធ្ងន់ធ្ងរ«កូវីដ១៩»សិប្បកម្មផលិតសំបកណែមរបស់អ្នកភូមិដូនទាវ បាននិងកំពុងប្រឹងងើបឈរឡើងយ៉ាងត្រដាបត្រដូល ជាបណ្ដើរៗវិញហើយ។ នេះបើតាមការលើកឡើងទាំងគ្រវីក្បាលហួសចិត្តរបស់អ្នកភូមិដែលមានមុខរបរផលិតសំបកណែម នៅឃុំពាមឯក ស្រុកឯកភ្នំ។
អ្នកផលិតសំបកណែមអាជីពម្នាក់ គឺលោក សុត ចាប បានរៀបរាប់ប្រាប់កោះសន្តិភាព នៅព្រឹកថ្ងៃទី០៣ មិថុនា នេះថា នៅក្នុងអំឡុងផ្ទុះជំងឺ«កូវីដ១៩»ថ្មី ស្ទើរគ្រប់ទីតាំងដែលអ្នកភូមិដូនទាវ ប្រកបមុខរបរផលិតសំបកណែមបានផ្អាកដំណើរការ ដែលធ្វើឲ្យគ្រួសារនីមួយៗបាត់បង់ចំណូលម្នាក់ៗជំពាក់ថ្លៃអង្ករម៉ូយគ្រប់ទីកន្លែងស្ទើរវ័ណ្ឌ.ក ។ គាត់និយាយថា អាជីវកម្មរបស់គាត់បានបិទទាំងស្រុង តាំងពីដើមខែមីនានៅក្នុងអំឡុង «កូវីដ១៩»ផ្ទុះខ្លាំងបំផុត រហូតមកដល់ដើមខែឧសភា ទើបគាត់ចាប់ផ្ដើមកម្រើកបើកដំណើរការឡើងវិញជាបណ្ដើរៗ។

មិនទម្លាប់ពាក់អាវ ឬស្លៀកខោវែងទេ គាត់ស្លៀកតែខ្លីជាប់ចង្កេះបែបទំនងក្ដៅស្អុះស្អាប់ពេក បុរសវ័យ៥៩ឆ្នាំ សម្បុរស្រអែមរូបនេះ បានប្រាប់ដូច្នេះថា «គ្រាន់តែបិទអាជីវកម្មធ្វើសំបកណែមរយៈពេល២ខែ ដោយសារកូវីដ១៩ គ្រួសារខ្ញុំជំពាក់ថ្លៃអង្ករគេជាង២តោន ព្រោះគ្មានចំណូលសោះ..! សូម្បីតែដើរចេញក្រៅផ្ទះ ក៏មិនហ៊ានចេញទៅណាមកណាដែរ»។ នៅក្នុងកិច្ចការនេះ គាត់ជាអ្នកលើកសំបកណែមដាក់តំរៀបហាល តែគាត់អាចនិយាយរៀបរាប់អំពីស្ថានភាពមុខរបររបស់គាត់ដែលស្ថិតក្រោមសម្ពាធកូវីដ១៩ ប្រាប់យើងបាន។ គាត់គ្រវីក្បាល ហើយពោលថា «ជំងឺចង្រៃនេះ បានផ្ដាច់ផ្ដិលមុខរបរ និងជីវភាព ស្ទើរគ្រប់គ្រួសារ នៃអ្នកផលិតសំបកណែម នៅក្នុងភូមិដូនទាវ។ ម៉ូយធំៗដែលធ្លាប់ទិញ បានបាត់មុខឈប់កុម្ម៉ង់ទិញ រីឯ
អ្នកធ្លាប់ហូបសំបកណែមក៏មិនត្រូវការ។ ជាពិសេស សិស្សនុសិស្សតែម្ដង ដែលជាទីផ្សារសំបកណែមដ៏ធំបំផុត»។

យ៉ាងនេះក្ដី លោកសុត ចាប បានប្រាប់ថា ពេលនេះ សិប្បកម្មផលិតសំបកណែមរបស់អ្នកភូមិដូនទាវ ហាក់ប្រឹងងើបឡើងវិញជាបណ្ដើរៗហើយ ក្រោយពីជំងឺ «កូវីដ១៩»នេះ ហាក់មានសភាពធូរស្រាលបន្តិច។ គាត់បានបញ្ជាក់ថា កាលមិនទាន់ផ្ទុះជំងឺ «កូវីដ១៩» គាត់ផលិតសំបកណែមក្នុង១ថ្ងៃ អស់អង្ករយ៉ាងតិច២៥គ.ក តែពេលនេះ ក្រោយងើបពីសន្លប់ដោយសារកូវីដ ក្នុង១ថ្ងៃធ្វើអស់អង្ករត្រឹមចន្លោះពី១០ ទៅ១៥គ.កប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណា អាជីវកម្មរបស់លោកបានចាប់ផ្ដើមដំណើរការឡើងវិញជាបណ្ដើរៗហើយ បើទោះជាមិនទាន់បាន១០០%ក្ដី ។

ដោយឡែក អ្នកផលិតសំបកណែមអាជីពមួយរូបទៀត គឺលោករឿត សុខា អាយុ៥៦ឆ្នាំ នៅភូមិដូនទាវ ជាមួយគ្នាដែរ បានផ្ដល់បទសម្ភាសន៍ជាមួយកោះសន្តិភាពថា ខណៈដែលជំងឺ «កូវីដ១៩» ផ្ទុះខ្លាំងពាសពេញពិភពលោក និងនៅក្នុងប្រទេសកម្ពុជា អាជីវកម្មរបស់លោកមិនបានបិតទេ គឺនៅតែដំណើរការដដែល តែតិចទូចបំផុត ។ ព្រោះគ្មានម៉ូយទិញ គ្មានទីផ្សារ តែផលិតសម្រាប់លក់នៅក្នុងមូលដ្ឋានបន្តិច
បន្តួច សម្រាប់អ្នកភូមិទិញហូបខ្លួនឯង ។ លោករឿត សុខា បានបញ្ជាក់ប្រាប់ថា កាលអំឡុងជំងឺកូវីដផ្ទុះខ្លាំង ម៉ូយធំៗជាច្រើនបានទូរស័ព្ទមកប្រាប់គាត់ថា «ផ្អាកទិញសិន» រីឯនៅលើទីផ្សារ ក៏គ្មានអ្នកទិញដែរ នៅពេលគាត់យកទៅលក់ សូម្បីមនុស្សដើរផ្សារក៏គ្មានផង។ ដូច្នេះ ស្ទើរគ្រប់ទំនិញទាំងអស់ត្រូវខាតឡុងចុង មិនមែនមានតែសំបកណែមរបស់អ្នកភូមិដូនទាវមួយមុខទេ។ ប៉ុន្តែបច្ចុប្បន្ន របរធ្វើសំបកណែមរបស់គាត់បានចាប់ផ្ដើម មានម៉ូយកុម្ម៉ង់ទិញវិញដូចគេឯងខ្លះៗហើយ។

ពាក់ព័ន្ធនឹងទីផ្សារសំបកណែមនេះ អ្នកផលិតសំបក ក៏ដូចឈ្មួញកណ្ដាលដែរ សុទ្ធតែបានអះអាងប្រហាក់ប្រហែលគ្នាថា សំបកណែមមួយផ្នែកត្រូវបាននាំចេញក្រៅខេត្ត រីឯមួយផ្នែកលក់នៅតាមទីផ្សារនានាក្នុងខេត្ត។ សម្រាប់ទីផ្សារនៅក្នុងខេត្ត បើតាមឈ្មួញកណ្ដាលបាននិយាយថា អ្នកដែលនិយមហូបសំបកណែមនេះខ្លាំងបំផុត គឺ «សិស្សានុសិស្សនៅតាមបណ្ដាសាលារៀន»។ រីឯអ្នកលក់សំបកណែមនៅតាមបណ្ដាសាលារៀនវិញ បាននិយាយដូចៗគ្នាថា «សិស្សសាលាក្មេងៗ និយមហូបសំបកណែម នេះខ្លាំងបំផុត។ ពួកគេបានទិញសំបកដែលទើបធ្វើថ្មី ជ្រលក់ជាមួយអំបិលម្ទេស ទឹកកាពិ អំបិលមី ឬជាមួយគ្រឿងផ្សំផ្សេងៗទៀត ដែលពួកគេចូលចិត្ត។ ប៉ុន្តែនៅពេលសាលារៀនបិទទ្វារជិតឈឹងបែបនេះ សំបកណែមលក់មិនដាច់ទេ ព្រោះទីផ្សារធំនៅលើសិស្សានុសិស្សនេះហើយ»។

ទោះយ៉ាងណា បើតាមអ្នកភូមិដូនទាវ ដែលមានមុខរបរផលិតសំបកណែម បាននិយាយថា ពិតមែនតែកន្លងទៅនេះ អាជីវកម្មផលិតសំបកណែមបានដួលសន្លប់មួយសង្ហើមធំក្រោមកណ្ដាប់ដៃ «កូវីដ១៩» តែពេលនេះ ហាក់បានប្រឹងងើបឈរឡើងវិញជាបណ្ដើរៗហើយ ។ អ្នកផលិតសំបកណែមបានបញ្ជាក់ថា តំលៃសំបកណែម នៅមានតំលៃប្រហាក់ប្រហែលមុនពេលផ្ទុះ «កូវីដ១៩» តែការផលិតហាក់ទើបនឹងស្ទុះបានត្រឹមចន្លោះពី៥០ ទៅ៧០%ប៉ុណ្ណោះ បើប្រៀបធៀបកាលមិនទាន់ផ្ទុះកូវីដ ព្រោះម៉ូយចាស់ៗមិនទាន់ហ៊ានកុម្ម៉ង់ទិញនៅឡើយ ។ ប៉ុន្តែយ៉ាងណា គេរំពឹងថា «ទីផ្សារសំបកណែមរបស់អ្នកស្រុកឯកភ្នំ និងហក់ឡើងដូចគ្រាមុនវិញនាពេលឆាប់ៗខាងមុខនេះ ក្រោយពេលជំងឺកូវីដចង្រៃនេះរលាយអស់ពីផែនដី»៕















ចែករំលែកព័តមាននេះ