រាជធានីភ្នំពេញ ៖ ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់បានបាត់បង់ជីវិតក្នុងមន្ទីរពេទ្យ ក្រោយក្រុមគ្រូពេទ្យធ្វើការវះកាត់យកចេញបាន២ថ្ងៃ បន្ទាប់ពីរូបនាងពិបាកសម្រាលកូនតាមធម្មតា បង្កអោយមានការភ្ញាក់ផ្អើលជាខ្លាំងនៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២៩ ឧសភា ឆ្នាំ២០២០ នៅក្នុងមន្ទីរសម្រាកព្យាបាល និងសម្ភពអុីលីត ដែលមានទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ7C ជាប់នឹង «ផ្សារសឡា» ក្នុងភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រេាះមានឈ្មេាះ លី រដ្ឋា អាយុ៣៤ឆ្នាំ ជាកម្មការនីរោចក្រ ស្នាក់នៅផ្ទះជួលក្បែរមន្ទីរពេទ្យកើតហេតុ មានស្រុកកំណើតនៅខេត្តព្រៃវែង ។ បច្ចុប្បន្ន នាងរស់នៅជាមួយប្តី និងកូនប្រុសម្នាក់នៅចំណុចផ្ទះជួលខាងលើ ហើយកូនក្រោយដែលទើបនឹងកើតមកក្រោយការវះកាត់នេាះ គឺជាកូនស្រី ។ យោងតាម ប្រភពព័ត៌មានអោយដឹងថា ស្ត្រីខាងលើបានចូលទៅសម្រាកនៅមន្ទីរពេទ្យខាងលើអស់រយះពេល៣ថ្ងៃកន្លងមកហើយ ដោយរូបនាងមានផ្ទៃពេាះគ្រប់ខែ ដល់ថ្ងៃត្រូវសម្រាល ។

ប្រភពបន្តថា លុះដល់ពេលសម្រាល នាងមានអាការៈឈឺចាប់ខ្លាំង ហើយសម្រាលកូនមិនចេញសេាះ ម្យ៉ាងវិញទៀតនាង ក៏មានអាការៈខ្សោយខ្លាំងបំផុតផងដែរ ។ ដោយមើលឃើញនូវការឈឺចាប់បំផុតនេាះ បងប្អូនសាច់ញាតិរបស់នាង បានសម្រេចស្នើរអោយក្រុមគ្រូពេទ្យធ្វើការវះកាត់ ដើម្បីយកកូនចេះតែម្តងទៅ ។ បន្ទាប់ពីមានការស្នើរពីបងប្អូនសាច់ញាតិរបស់ស្ត្រីរងគ្រេាះហើយនេាះ ក្រុមគ្រូពេទ្យ បានសម្រេចធ្វើការវះកាត់ស្ត្រីរងគ្រេាះដើម្បីយកកូនចេញតែម្តង ។ ការវះកាត់ស្ត្រីខាងលើធ្វើឡើង កាលពីវេលាថ្ងៃទី ២៨ ម្សិលមិញ វះកាត់ដោយជោគជ័យ ដោយពំុមានការប៉ះពាល់ដល់អាយុជីវិតម្តាយ ឬកូននេាះឡើយ ។

លុះរហូតដល់វេលាព្រឹកថ្ងៃទី២៩ ឧសភា ស្ត្រីខាងលើបានចុះពីលើគ្រែ ដើម្បីចូលបន្ទប់ទឹកបត់ជើង ក៏ស្រាប់តែដួលស្លាប់មុខបន្ទប់ទឹកតែម្តងទៅ ។ ក្រោយកើតហេតុ កម្លាំងនគរបាលមូលដ្ឋាន បានចុះអន្តរាគមន៍ ដើម្បីសាកសួរនាំ និងពិនិត្យនៅទីតាំងកើតហេតុ ។ ជំុវិញរឿងរ៉ាវខាងលើនេះ នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ លោកម៉ៅ សាវឿន បញ្ជាក់ថា រឿងនេះភាគីខាងស្ត្រីរងគ្រេាះមិនបានប្តឹងប្តល់ទៅខាងភាគីមន្ទីរពេទ្យឡើយ ដោយភាគីទាំង២សម្រេចបញ្ចប់រឿង ដោយសម្របសម្រួលជួយចេញថ្លៃធ្វើបុណ្យ អោយជនរងគ្រេាះ និងផ្តល់ប្រាក់កាសមួយចំនួនផងដែរ ដោយការសម្រេចបញ្ចប់រឿងដោយបែបនេះ ក៏មានការសម្រេចឯកភាពពីបុរសជាប្តីស្ត្រីរងគ្រេាះ និងម្តាយបង្កើតរបស់នាងផងដែរ ។

ក្រោយការសម្របសម្រួលគ្នាហើយនេាះ សពត្រូវដឹកតាមរថយន្តសាម៉ុយ ដឹកយកទៅស្រុកកំណើតនៅឯខេត្តព្រៃវៃង ដើម្បីធ្វើបុណ្យតាមប្រពៃណី ។ ជំុវិញករណីខាងលើនេះ មជ្ឈដ្ឋានទូទៅមានការងឿងឆ្ងល់ថា មុនកើតមានរឿងហេតុ តើខាងមន្ទីរពេទ្យទុកអោយស្ត្រីរងគ្រេាះនៅក្នុងបន្ទប់ តែ២នាក់ទារិការដែលទើបកើត តែ២នាក់ឬយ៉ាងណា បានជាស្ត្រីរងគ្រេាះអាចដើរចូលទៅក្នុងបន្ទប់ទឹកដោយខ្លួនឯង ទាំងគ្មានអ្នកជួយគ្រា បណ្តាលអោយស្លាប់បែបនេះ ។

សូមបញ្ជាក់ថា ក្នុងករណីនេះ កេាះសន្តិភាព មិនអាចសំុការបំភ្លឺពីខាងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យខាងលើបានឡើយ អំពីមូលហេតុ និងអាការៈច្បាស់លាស់ នៃជនរងគ្រេាះដែលស្លាប់បានឡើយ ៕






ចែករំលែកព័តមាននេះ