ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី «​កំពូល​តារា​បង្ហាញ​ម៉ូ​ដ​កម្ពុជា​» ចាក់​ផ្សាយ​នៅ My TV ពី​ថ្ងៃ​ទី​14 វិច្ឆិកា តទៅ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ថានីយទូរទស្សន៍ MyTV រៀបចំ​ការ​ប្រកួត​ជា​អន្តរជាតិ​លើក​ដំបូង​បង្អស់​សម្រាប់​នារី​វ័យក្មេង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ដែល​មាន​ក្ដី​សុបិន​ចង់​ក្លាយជា​កំពូល​តារា​បង្ហាញ​ម៉ូ​ដ ដើម្បី​ប្រកួតប្រជែង​គ្នា​ដណ្ដើម​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​ជា «​កំពូល​តារា​បង្ហាញ​ម៉ូ​ដ​កម្ពុជា​» ។

រាជធានី​ភ្នំពេញ ៖ ស្ថានីយទូរទស្សន៍ MyTV រៀបចំ​ការ​ប្រកួត​ជា​អន្តរជាតិ​លើក​ដំបូង​បង្អស់​សម្រាប់​នារី​វ័យក្មេង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ដែល​មាន​ក្ដី​សុបិន​ចង់​ក្លាយជា​កំពូល​តារា​បង្ហាញ​ម៉ូ​ដ ដើម្បី​ប្រកួតប្រជែង​គ្នា​ដណ្ដើម​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​ជា «​កំពូល​តារា​បង្ហាញ​ម៉ូ​ដ​កម្ពុជា​» ។

បេ​ក្ខ​នារី​រាប់​ពាន់​នាក់​អាយុ​ចន្លោះ​ពី​១៨​ឆ្នាំ ដល់​២៧​ឆ្នាំ និង​កម្ពស់​ចាប់ពី​១,៦៥​ម៉ែត្រ​ឡើង​ទៅ​មក​ពី​ទូ​ទាំង​ប្រទេស​បាន​ដាក់​ពាក្យសុំ​ចូលរួម​ប្រកួត​ពី​ខែកុម្ភៈ ដល់​ខែមិថុនា ២០១៤ ហើយ​ក្នុង​ចំណោម​រាប់រយ​នាក់​នេះ មាន​តែ​បេ​ក្ខ​នារី​មានសំណាង និង​សក្ដានុពល​៣៥​នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ជ្រើសរើស​ប្រកួត​នៅ​វគ្គ​ជម្រុះ​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​១៤-១៥ មិថុនា ២០១៤ នៅ​ឯ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា ដើម្បី​ជ្រើសរើស​យក​តែ​១៥​នាក់​សម្រាប់​ការ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ។ នៅ​ទី​បញ្ចប់​នៃ​ការ​ប្រកួត ជ័យ​លា​ភី​តែ​មួយ​រូប​គត់​ដែល​នឹង​ទទួល​បាន​ពានរង្វាន់ អម​ដោយ​ប្រាក់​រង្វាន់​សរុប​២០.០០០​ដុល្លារ​អា​មេ​រិ​ក និង​ឱកាស​អាជីព​ដ៏​មាន​អនាគត​នៅ​ក្នុង​វិស័យ​បង្ហាញ​ម៉ូ​ដ ។

កម្មវិធី​ប្រឡង​ជ្រើសរើស​កំពូល​តារា​បង្ហាញ​ម៉ូ​ដដែល​រៀបចំ​ដោយ​ស្ថានីយទូរទស្សន៍​ម៉ា​យ​ធី​វី ដែល​មាន​អ្នក​នាង​យុគ ចិន្ដា ជា​ពិធី​ការិនី​ដ៏​ល្បីល្បាញ​របស់​កម្ពុជា តាមដាន​ជីវិត​របស់​បេ​ក្ខ​នារី​ទាំង​១៥​រូប ដែល​រស់នៅ​ក្នុងផ្ទះ​របស់​កម្មវិធី «​កំពូល​តារា​បង្ហាញ​ម៉ូ​ដ​កម្ពុជា​» ក្នុង​រយៈពេល​១៦​ស​ប្ដា​ហ៍ ខណៈ​ដែល​ពួក​គេ​នឹង​ត្រូវ​ប្រែក្លាយ​ខ្លួន​ពី​នារី​ដែល​មាន​រូប​សម្រស់​ស្អាត​ធម្មតា ទៅ​ជា​តារា​បង្ហាញ​ម៉ូ​ដ​អាជីព​តាម​រយៈ​ការ​អនុវត្ត​កិច្ចការ និង​លំ​ហាត់​បង្ហាញ​ម៉ូ​ដ​ជា​ច្រើន ។

កម្មវិធី​នេះ​បង្ហាញ​ជូន​នូវ​ឈុត​នានា​នៃ​ការ​បង្ហាត់បង្រៀន​ការ​ដើរ​បង្ហាញ​ម៉ូ​ដ និង​ជំនាញ​ទាន់សម័យ ដែល​ចែករំលែក​ដោយ​អ្នកជំនាញ និង​តារា​ជើង​ចាស់ ខណៈ​ដែល​តារា​បង្ហាញ​ម៉ូ​ដ​នឹង​ត្រូវធ្វើ​តេស្ត​តាម​រយៈ​លំ​ហាត់​ដ៏ លំបាក​ៗ ដើម្បី​ឈ្នះ​រង្វាន់​ប្រចាំ​ស​ប្ដា​ហ៍ ។ បន្ទាប់​មក បេ​ក្ខ​នារី​ត្រូវ​ថតរូប​ភាព ឬ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ទូរទស្សន៍ ដោយ​ផ្អែក​លើ​ប្រធានបទ និង​គោល​គំនិត​ច្នៃប្រឌិត ប្លែក​ៗ ហើយ​រៀង​រាល់​ស​ប្ដា​ហ៍ នីមួយ​ៗ បេ​ក្ខ​នារី​មួយ​រូប​នឹង​ត្រូវ​ជម្រុះ​ចេញពី​កម្មវិធី ដោយ​អាស្រ័យ​លើ​គុណភាព​រូបថត និង​ការ​អនុវត្ត​ទូទៅ​របស់​ខ្លួន ។

ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​វិស័យ​បង្ហាញ​ម៉ូ​ដ​នៅ​កម្ពុជា និង​លើកកម្ពស់​ចំណេះដឹង និង​ជំនាញ​ទាក់ទង​នឹង​ម៉ូ​ដ​ទាន់សម័យ​របស់​ទាំង​បេ​ក្ខ​នារី និង​ទាំង​អ្នក​ទស្សនា​កម្មវិធី​នេះ​នឹង​ត្រូវ​ថត​នៅ​ទីតាំង ខុស​ៗ​គ្នា​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។ ជាមួយ​គ្នា​នេះ​ដែរ ដើម្បី​ត្រៀមលក្ខណៈ​បេ​ក្ខ​នារី​សម្រាប់​ការ​ដើរ​បង្ហាញ​ម៉ូ​ដ​លើ​ឆាក​អន្តរជាតិ បេ​ក្ខ​នារី​ឆ្នើម​មួយ​ចំនួន​នឹង​មានឱកាស​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​ដើម្បី​បន្ត​ការ​ប្រកួត​បង្ហាញ​ម៉ូ​ដ​ផង​ដែរ ។ កម្មវិធី​នេះ​ចាប់ផ្ដើម​ថត​នៅ​ខែមិថុនា ឆ្នាំ​២០១៤ ហើយនឹង​ត្រូវ​ចាក់​ផ្សាយ​ចាប់ពី​ថ្ងៃ​សុក្រ ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ តទៅ នៅ​លើ​កញ្ចក់​ទូរទស្សន៍ MyTV ។

លោក​លី អុង​ម៉ារ​ឌី សហ​ផលិតករ​នៃ​កម្មវិធី​និយាយ​អំពី​ការ​ប្រឡង​នេះ​ថា មិនមែន​សម្រាប់​តែ​តារា​បង្ហាញ​ម៉ូ​ដ​ប៉ុណ្ណោះ​ទេ ។ បេ​ក្ខ​នារី​ទាំងអស់​នឹង​ទទួល​បាន​អាជីព ផ្សេង​ៗ​ដែល​មាន​សក្ដានុពល​នៅ​ចុងបញ្ចប់​នៃ​កម្មវិធី ។

គណៈមេប្រយោគ​ដែល​រួម​មាន​ពិធី​ការិនី​យុគ ចិន្ដា អ្នក​រចនា​ម៉ូ​ដ​ទាន់សម័យ​អន្តរជាតិ ហ៊ូរ រ៉េ​មី តារា​បង្ហាញ​ម៉ូ​ដ​ដ៏​ល្បី​របស់​កម្ពុជា គួ​យ ច័ន្ទ​ដា​និ​ច និង​អ្នក​ថតរូប​បង្ហាញ​ម៉ូ​ដ ព្រមទាំង​អ្នកដឹកនាំ​ការ​សម្ដែង លោក​ចែ​ម វុ​ឌ្ឍ​សុ​វិន្ទ នឹង​កំណត់​ថា តើ​បេ​ក្ខ​នារី​ណា​ដែល​ត្រូវ​បន្ត​នៅ និង​បេ​ក្ខ​នារី​ណា​ដែល​ត្រូវ​ចាក​ចេញពី​ការ​ប្រឡង ។

លោក​ចែ​ម វុ​ឌ្ឍ​សុ​វិន្ទ មាន​ប្រសាសន៍​ថា «​ការ​ប្រឡង​ជ្រើសរើស​កំពូល​តារា​បង្ហាញ​ម៉ូ​ដ​កម្ពុជា​នេះ នឹង​ផ្ដល់​ឱកាស​ឱ្យ​បេ​ក្ខ​នារី​ប្រឡង​បានឃើញ​ពី​វិស័យ​បង្ហាញ​ម៉ូ​ដដែល​មាន​ស្តង់ដា​ខ្ពស់​ពិតប្រាកដ ហើយ​ខ្ញុំ​ជឿជាក់​ថា បេ​ក្ខ​នារី​យើង​នឹង​មាន​ភាព​ចាស់ទុំ​ក្នុង​អាជីព​បង្ហាញ​ម៉ូ​ដ​នេះ តាម​រយៈ​ការ​បង្ហាត់បង្រៀន​ទាំងឡាយ​ដែល​ពួក​គេ​នឹង​ចូលរួម ហើយ​រូប​ខ្ញុំ​ផ្ទាល់​ដែល​ជា​អ្នក​ថត​រូបការ​បង្ហាញ​ម៉ូ​ដ និង​គណៈមេប្រយោគ​ដទៃ​ទៀត ដែល​មានបទពិសោធន៍​ធ្វើការ​ជាមួយ​តារា​បង្ហាញ​ម៉ូ​ដ​ជាតិ និង​អន្តរជាតិ នឹង​ផ្ដល់​មតិ​រិះគន់​ស្ថាបនា និង​ដំបូន្មាន​ដើម្បី​ធ្វើ​ឱ្យ​បេ​ក្ខ​នារី​ទាំងអស់​ក្លាយជា​តារា​បង្ហាញ​ម៉ូ​ដ​អាជីព​ដែល​មានជោគ​ជ័យ​ទៅ​ថ្ងៃ​មុខ ទោះបី​ពួក​គេ​ឈ្នះ ឬ​មិន​ឈ្នះ​នៅ​ក្នុង​ការ​ប្រឡង​នេះ​ក្ដី​» ។

កម្មវិធី​ប្រឡង​ជ្រើសរើស​កំពូល​តារា​បង្ហាញ​ម៉ូ​ដ​កម្ពុជា យក​លំនាំ​តាម​កម្មវិធី​កំពូល​តារា​បង្ហាញ​ម៉ូ​ដ​អា​មេ​រិ​ក​ដែល​ទទួល​ជោគជ័យ​នៅ​លើ​ពិភពលោក និង​ចាក់​ផ្សាយ​នៅ​ជាង​២០​ប្រទេស​ជុំវិញ​ពិភពលោក ។

កម្មវិធី​កំពូល​តារា​បង្ហាញ​ម៉ូ​ដ​នេះ ផលិត​ដោយ​ពិធី​ការិនី និង​អតីត​កំពូល​តារា​បង្ហាញ​ម៉ូ​ដ​សហរដ្ឋអាមេរិក Tyra Banks ៕