ប្រើ​ពូថៅ ប្លន់​ខ្សែ​ ក អ្នក​ភូមិ​ដេញចាប់បានប្រគល់​ឲ្យ​នគរបាល​ក្រុង​សៀមរាប


ខេត្តសៀមរាប ៖ ជនសង្ស័យ​ម្នាក់ ប្រើ​ពូថៅ គំរាម​ប្លន់​យកខ្សែ​ក​ផ្លា​ទី​ន ពី​នារី​រង​គ្រោះ​ម្នាក់ ត្រូវ​បាន​កម្លាំង​ប្រជាពលរដ្ឋប្រដេញ​ចាប់​បាន ប្រគល់​​ឲ្យនគរបាល​ក្រុង​សៀមរាប នៅ​ម៉ោង​១៤​និង​២០​នាទី​ថ្ងៃ​ទី​១៤ ឧសភា ២០២០ ស្ថិត​នៅ​រោង​ចាំ ចំការ​ដាំ​ឈូក​ក្នុងភូមិ ស្វាយព្រៃ សង្កាត់ ស្វាយ​ដង្គំ ក្រុង​-ខេត្តសៀមរាប ។

បើ​តាម​ប្រភព​ពី​លោក​វរសេនីយ៍ឯក ណុ​ប សា​រ៉ា​ក់ អធិការ​នគរបាល​ក្រុង​សៀមរាប បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ រ៉េ​ត សា​រួម ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​សៀមរាប ។

លោក​អធិការ​នគរបាល​ក្រុង​សៀមរាប បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ នារី​រង​គ្រោះ​ឈ្មោះ ស៊ឹង ឡាំង​គឿ អាយុ​២០​ឆ្នាំ កំពុង​នៅ​នឹង​រោង​ជាមួយ​ប្អូនស្រី​ឈ្មោះ វ័​រ រ​ដ្ឋា អាយុ​១៩​ឆ្នាំ ខណៈនោះ​ជនសង្ស័យ រ៉េ​ត សា​រួម បាន​ជិះ​ម៉ូតូ​០១​គ្រឿង ម៉ាក​សង់​ស៊េរី​ចាស់​មក​ឈប់​ពីមុខ​រោង ហើយ​ដើរ​ចូល​សំដៅ​មក​រក​ជន​រង​គ្រោះ និង​ប្អូនស្រី ពេល​នោះ​ជនសង្ស័យ​ប្រទះ​ពូថៅ​របស់​ជន​រង​គ្រោះ​ទុក​នៅ​នឹង​ជណ្ដើរ ក៏​កាន់​យក​មក​គំរាម​ជន​រង​គ្រោះ​ឲ្យ​ដោះ​ខ្សែ​ក​ផ្លា​ទី​ន តម្លៃ​១៥០​ដុល្លារ ប៉ុន្តែ​ដោយសារ​នារី​រង​គ្រោះ​ដោះ​យឺត​ពេក ជនសង្ស័យ​ក៏​កន្ត្រាក់​យក ត្រូវ​បាន​ប្អូនស្រី​របស់​នារី​រង​គ្រោះ​ស្រែក​ឆោឡោ​ឡើង​ថា ចោរ​ៗ ឮ​ដល់​អ្នក​ជិតខាង ផ្អើល​អ្នក​ភូមិ ធ្វើ​ឲ្យ​ជនសង្ស័យ​ភិតភ័យ​រត់ឡើង​ជិះ​ម៉ូតូ​គេចខ្លួន ប៉ុន្តែ​ត្រូវ​អ្នក​ភូមិ​ជិះ​ម៉ូតូ​ដេញ​តាម​បាន​ប្រហែល ៣​គីឡូម៉ែត្រ ជនសង្ស័យ​បាន​គប់​ខ្សែ​ក​នោះ​ចោល​តាម​ផ្លូវ (​បាត់បង់​) ពេល​ជនសង្ស័យ​ជិះ​ដល់​ត្រង់​ចំណុច​មុខ​វត្ត​ចក ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ​ជិះ​តាម​ផ្លូវ នាំ​គ្នា​ជួយ​ចាប់ និង​បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​នៅ​ប៉ុស្ដិ៍​នគរបាល ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ធ្វើការ​ផ្ដន្ទាទោស​តាម​ច្បាប់ ក្រោយ​បាន​ឆ្លើយ​សារភាព រូបគេ​បាន​ប្រព្រឹត្ត​សកម្មភាព​ប្លន់​ពិតប្រាកដ​មែន ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ