សហរដ្ឋអាមេរិក ៖ អនុប្រធានាធិបតីអាមេរិកលោកMIKE PENCEកាលពីថ្ងៃទី២៦មេសា បានបដិសេធមិនពាក់ម៉ាសការពារ ពេលលោកទៅពិនិត្យ ក្នុងមន្ទីរពេទ្យមួយដែលបែបនេះនាំឲ្យមានការរិះគន់ជាច្រើន ខណៈវីរុសCOVID-19កំពុងឆ្លងរាលដាលខ្លាំងពិសេសនៅសហរដ្ឋអាមេរិក។ ពេលលោកចុះទៅកាន់មន្ទីរពេទ្យនោះ មានតែលោកម្នាក់ឯងគត់ដែលមិនពាក់ម៉ាសក្នុងបន្ទប់ពេទ្យដែលមានមនុស្សច្រើន។
យោងតាមបទបញ្ជាផ្ទៃក្នុងរបស់មន្ទីរពេទ្យ MAYO CLINIC ជាមន្ទីរពេទ្យល្បីមួយនៃរដ្ឋមីនីសូតា អ្នកជំងឺ អ្នកទៅសាកសូរសុខទុក្ខនិងសមាជិកបុគ្គលិកទាំងអស់ ត្រូវតែពាក់ម៉ាស ដើម្បីបង្ការចំពោះការឆ្លងវីរុស ។ ក្នុងសេចក្ដីប្រកាសមួយមន្ទីរពេទ្យនេះនិយាយថា ខ្លួនបានប្រាប់ព័ត៌មាននោះដល់ខុន្ទកាល័យអនុប្រធានាធិបតី មុនពេលទស្សនកិច្ចនេះ។
លោកMIKE PENCEជាប្រមុខផ្នែកគ្រប់គ្រងវិបត្តិប្រឆាំងវីរុស បានបញ្ចេញប្រតិកម្មដោយពន្យល់ថា លោកមិនចាំបាច់ពាក់ម៉ាស ព្រោះលោកតែងធ្វើតេស្តទៀងទាត់ ។ លោកថាព្រោះតែខ្ញុំពុំមានផ្ទុកវីរុស ទើបខ្ញុំគិតថានេះជាឱកាសដ៏ល្អសម្រាប់ខ្ញុំដែលមកកាន់ទីនេះ និយាយស្និទ្ធស្នាលជាមួយបណ្ដាអ្នកស្រាវជ្រាវនិងបណ្ដាសមាជិកបុគ្គលិកពេទ្យ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ