វត្តអារាម តំណាងអោយសភាវៈល្អ ប្រជាពលរដ្ឋខ្មែរតែងប្រារព្ធធ្វើពិធីតាមប្រពៃណី ជួបជុំពុទ្ធបរិស័ទប្រក បដោយមិត្តភាព សាមគ្គីភាព ភាតរភាព សោមនស្សរីករាយនិងមាន សេចក្តីសង្ឃឹមក្នុងជីវិតរស់នៅ ។
វត្តអារាមមានទំនាក់ទនងយ៉ាងជិតស្និទ្ធជាមួយឧបាសក ឧបាសិកាដែលមានចាស់ទុំ ជាអាចារ្យផ្សារភ្ជាប់ដល់សង្គមគ្រួសារ ។ ចាស់ព្រឹទ្ធាចារ្យបានបន្តប្រពៃណីដ៏សកម្មក្នុងការអប់រំ ផ្តល់ដំបូន្មានប្រកបដោយធម៌ដល់សមាជិកគ្រួសារផ្ទាល់និងអ្នកផ្សេងៗទៀត ។
តាមរយៈវត្តអារាមបានធ្វើឲ្យសង្គមខ្មែរមានឧត្តមគតិស្នេហាជាតិ មាតុភូមិ ស្រឡាញ់ខឿន វប្បធម៌ និងអរិយ ធម៌ជាតិ ។ ការយល់ដឹងពីអំពើល្អ បានធ្វើឲ្យសមាជិកគ្រួសារក្នុងសង្គមខ្មែរ ប្រកាន់យកជានិច្ចនូវសីលធម៌ល្អ ធ្វើអ្វីៗដោយអំណត់ព្យាយាម សុចរិតទៀងត្រង់ សុភាពរាបសាមានសាមគ្គីភាព និងដឹងសុខទុក្ខគ្នា ព្រមទាំងចេះជួយឧបត្ថម្ភគ្នាទៀតផង។ ទាំងនេះបញ្ជាក់ថា តាមរយៈវត្តអារាមបានធ្វើឲ្យពលរដ្ឋក្នុងសង្គមខ្មែរចេះឲ្យតម្លៃជីវិតរស់នៅរបស់មនុស្ស និងមានកាតព្វកិច្ចគោរពសិទ្ធិគ្នាទៅវិញទៅមកយ៉ាងខ្ជាប់ខ្ជួន ។
វត្តអារាមបានបង្កលក្ខណៈឲ្យសង្គមគ្រួសារខ្មែរចេះដឹងខាងវិធីសម្របសម្រួលគ្រួសារ ដោះស្រាយរាល់បញ្ហាលំបាកដោយប្រកាន់នូវធម៌មេត្តា ករុណា សន្តោសប្រណីចេះអប់រំតាម គ្នាតាមផ្លូវធម៌និងច្បាប់ទៀតផង ។ដូច្នេះវត្តអារាមជាប្រភពផ្តល់ចំណេះដឹងខាងផ្លូវធម៌និងផ្លូវសេវាកម្មសង្គម បានសេចក្តីថា រាល់បញ្ហាក្នុងសហគមន៍ គឺមានព្រះសង្ឃ តាអាចារ្យ ឧបាសក ឧបាសិកា ចូលរួមដោះស្រាយផងដែរ ។
ទស្សនទូទៅមួយដែលកំពុងសកម្មយកចិត្តទុកដាក់នោះគឺ វត្តអារាមមានតួនាទីណាស់ក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិដូចជា ការចលនាតាមគ្រប់រូបភាពៈ កសាងវត្តអារាម សាងសង់សាលារៀន ធ្វើមន្ទីរពេទ្យ ស្ពានថ្នល់ជា ដើម ។ ព្រោះនេះជាមធ្យោបាយដ៏សំខាន់សម្រាប់សេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ម្យ៉ាងទៀតវត្តអារាមក៏រួមចំណែកដោះស្រាយការងារសង្គមដែរដូចជា ការទទួលឧបត្ថម្ភកន្លែងស្នាក់អាស្រ័យដើម្បីរៀនសូត្រដល់កុមារកំព្រា កុមារជាកូនគ្រួសារក្រីក្រ ការជួយឧបត្ថម្ភដល់ជនចាស់ជរា រៀនធម៌អាថ៌ដែលអាចធ្វើឲ្យជនទាំងនោះមានសេចក្តីសង្ឃឹមក្នុងជីវិតរស់នៅ ។
ជារួមវត្តអារាមមានតួនាទីដ៏សំខាន់ចូលរួមក្នុងកិច្ចការស្តារ ការពារ និងអភិវឌ្ឍន៍សង្គមជាតិ សង្គមគ្រួសារ ហើយក្រសួងពាក់ព័ន្ធខិតខំថែមទៀតតាមគ្រប់លទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការជាមួយវត្តអារាមដើម្បីសម្របសម្រួលសេវាកម្មជួយដល់ទុរគតជន ដែលបច្ចុប្បន្នកំពុងមានបញ្ហាគួរឲ្យកត់សម្គាល់នៅឡើយ ។ សាន សារិន
ចែករំលែកព័តមាននេះ