ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិត្តដ៏សប្បុរសរបស់បុរសពិការរូបនេះ សឹងតែរកគ្មានទេលើ​លោក

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ នៅ​លើ​លោក​នេះ​ រក​មនុស្ស​ដែល​មាន​ផ្នត់​គំនិតល្អ​បែប​នេះ​ស្ទើរតែ​គ្មាន ម្ល៉ោះហើយ​គួរ​ឱ្យ​កោតសរសើរ ​ព្រោះតែ​រូប​គាត់ជា​ជន​ពិការ​ដៃ​ទាំង​សងខាង ហើយ​ក៏​ជា​ពលរដ្ឋ​សាមញ្ញ​ធម្មតា ​ដែល​បាន​សន្សំ​ប្រាក់​បន្តិច​ម្តង​ៗ ពី​ការ​សុំទាន​ស្រុក​ថៃ ​និង​នៅ​ម៉ា​ឡេ​ស៊ី​…

ខេត្តឧត្តរមានជ័យ ៖ នៅ​លើ​លោក​នេះ​ រក​មនុស្ស​ដែល​មាន​ផ្នត់​គំនិតល្អ​បែប​នេះ​ស្ទើរតែ​គ្មាន ម្ល៉ោះហើយ​គួរ​ឱ្យ​កោតសរសើរ ​ព្រោះតែ​រូប​គាត់ជា​ជន​ពិការ​ដៃ​ទាំង​សងខាង ហើយ​ក៏​ជា​ពលរដ្ឋ​សាមញ្ញ​ធម្មតា ​ដែល​បាន​សន្សំ​ប្រាក់​បន្តិច​ម្តង​ៗ ពី​ការ​សុំទាន​ស្រុក​ថៃ ​និង​នៅ​ម៉ា​ឡេ​ស៊ី​ យក​មក​ទិញ​ដី​បាន​ប្រមាណ​៥០​ហិ​កតា​ធ្វើការ​អភិវឌ្ឍ​ពុះ​ឡូត៍​ជា​ប្លង់​ចែក​ដល់​ជន​ពិការ និង​គ្រួសារ​ក្រីក្រ​ប្រមាណ​៣០០​គ្រួសារ ​ដោយ​ឥត​គិតថ្លៃ ។ ដី​ដែល​​ជន​ពិការ​បែងចែក​នេះ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ក្រូច ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរ​មាន​​ជ័យ ។

ពលរដ្ឋ​ក្រីក្រ​ និង​ជន​ពិការ​ដែល​បាន​ទទួល​ដី ​សម្រាប់​សាងសង់​លំនៅ​ឋាន​រស់នៅ​ទីនោះ​ ដោយ​ឥត​គិតថ្លៃ ពួក​គាត់​ត្រេកអរ​យ៉ាង​ខ្លាំង ​ចំពោះ​ចិត្ត​សប្បុរសធម៌ ដាក់​ទាន​ដី​ដល់​ពួក​គាត់​ទាំង​៣០០​គ្រួ​សារបាន​រស់នៅ ។ លើស​ពី​នេះ ​ក៏​មានការ​ចែក​គ្រឿង​ឧបភោគ បរិភោគ ជួន​ពួក​គាត់​ផង​ដែរ ។ បុរស​ពិការ​ដៃ​ទាំង​សងខាង​និង​បាន​ក្លាយ​ខ្លួន​ជា​ជន​សប្បុរស​ម្នាក់​នេះ​ឈ្មោះ លឹ​ម ភា អាយុ​៤១ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ធី ណា​រី អាយុ​៣៤​ឆ្នាំ មានកូន​៧​នាក់ ក្នុង​នោះ​ស្រី​៣​នាក់ រស់នៅ​ក្នុងភូមិ​ឃុំ​ខាងលើ ។

លោក​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​រាយ​ការណ៍​ព័ត៌មាន​កោះសន្តិភាព​ថា លោក​ជា​អតីត​យោធា​ខ្មែរក្រហម បាន​ធ្វើ​សមាហរណកម្ម​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៩៨​។ លុះ​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០០៤ លោក​បាន​ដោះ​គ្រាប​មីន​ចេញពី​ក្នុង​ដី​បណ្តាល​ឱ្យ​មីន​ផ្ទុះ​ដាច់​ដៃ​ទាំង​សងខាង និង​ខ្វាក់​ភ្នែក​ខាងឆ្វេង​ផង​ដែរ ធ្វើ​ឱ្យ​រូប​លោក​ក្លាយ​ខ្លួន​ជា​ជន​ពិការ​តែ​ក្នុង​មួយ​ប៉​ព្រិច​ភ្នែក ។លោក លឹ​ម ភា បាន​បន្ត​ថា ក្រោយ​ពី​លោក​បាន​ធ្លាក់ខ្លួន​ជា​ជន​ពិការ​នោះ គឺ​រូប​លោក​បាន​គិត​ពី​អនាគត​របស់​ខ្លួន មិនដឹង​ថា​តើ​ត្រូវ​រស់នៅ​ដោយ​របៀប​ណា ? ទីបំផុត​ លោក​បាន​សម្រេចចិត្ត​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ​ ដើរ​ច្រៀង​សុំទាន​គេ​ក្នុង​អំឡុង​ឆ្នាំ​២០០៥ រហូត​ដល់​ឆ្នាំ​២០១០ អស់​រយៈពេល​៥​ឆ្នាំ សន្សំ​លុយ​បាន​មកយក​ទិញ​ដី​បាន​មួយ​ចំនួន ។

លោក​បន្ត​ថា នៅ​ដើម​ខែមករា២០១១ លោក​បាន​ចាក​ចេញពី​ប្រទេស​ថៃ ​ចូល​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​បន្ត​ទៀត ហើយ​បាន​ផ្លាស់​ប្តូរ​មុខរបរ​ពី​ដើរ​ច្រៀង​សុំទាន គេ​រកស៊ី​លក់​ទឹកឃ្មុំ​វិញ​ម្តង ។ ខណៈនោះ​ក៏​បាន​កម្រៃ​ចំណេញ​គួរសម ក៏​យក​លុយ​មក​ទិញ​ដី​បន្ថែម​ទៀត ​ហើយ​បាន​ចាប់ផ្តើម​រស់នៅ​ក្នុងស្រុក​ធ្វើការ​អភិវឌ្ឍ​លើ​ដី​ដែល​បាន​ទិញ​ដោយ​ជួល​គ្រឿងចក្រ​ឈួ​ស​ឆាយ ចាក់​ដី​ធ្វើ​ផ្លូវ​ចូល​ដល់ទី​តាំង​ដី​បាន​ប្រវែង​២០០០​ម៉ែត្រ ដល់​ចំណុច​ផ្ទៃដី​ទំហំ​៥០​ហិ​កតា ។

លោក​ថា នៅ​អំឡុង​ដើម​ខែមករា​២០២០​នេះ លោក​បាន​ពុះ​ឡូត៍​ជា​ប្លង់​ដី​បាន​ចំនួន​៦០០​ប្លង់ ក្នុង​១​ប្លង់​ៗ​មាន​ទំហំ​៨​ម៉ែត្រ​គុណ​នឹង​១៨​ម៉ែត្រ ទុក​សម្រាប់​បែងចែក​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​និង​ជន​ពិការ ដែល​ពេល​នេះ ប្រជាពលរដ្ឋ​រួម​ទាំង​ជន​ពិការ​៣០០​គ្រួសារ បាន​មក​ទទួលយក​ដី​សាងសង់​លំនៅ​ឋាន​រៀង​ៗ​ខ្លួន​រួច​រាល់​អស់ហើយ​កំពុង​រស់នៅ​ផង​ដែរ ។ លោក លឹ​ម ភា បាន​បញ្ជាក់​ថា ផ្ទៃដី​ដែល​នៅ​សេសសល់​នោះ លោក​បាន​រៀបចំ​ជា​គម្រោង​ពុះ​ជា​ឡូត៍​១០​ម៉ែត្រ​គុណ​នឹង​២០​ម៉ែត្រ សម្រាប់​លក់​ក្នុង​តម្លៃ​២៥០០​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ប្រមូល​ថវិកា​យក​មក​អភិវឌ្ឍន៍​បន្ត​ទៀត​ដើម្បី​ចូលរួម​ចំណែក​ជាមួយ​មូលដ្ឋាន​ឃុំ​-​ស្រុក ជា​ពិសេស​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ។

ទាក់ទិន​នឹង​ការ​អភិវឌ្ឍន៍​របស់​លោក លឹ​ម ភា ជា​ជន​ពិការ​នៅ​លើ​ផ្ទៃដី​៥០​ហិ​កតា​នេះ កាលពី​រសៀល​ថ្ងៃ​ទី​១៨ មេ​សា ២០២០ លោក នៅ សំ​ដា​រ៉ា​រិ​ទ្ធ អភិបាលស្រុក​ត្រពាំង​ប្រាសាទ បាន​មាន​ប្រសាសន៍​ថា លោក លឹ​ម ភា ជា​ជន​ពិការ​បាន​ធ្វើការ​អភិវឌ្ឍ​លើ​ផ្ទៃដី​៥០​ហិ​កតា ដោយ​ស្របច្បាប់ មាន​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​បាន​ទទួលស្គាល់​ត្រឹមត្រូវ ហើយ​លោក​បាន​កោតសរសើរ​ផង​ដែរ ចំពោះ​រូប​គាត់ ជា​ជន​ពិការ ហើយ​មាន​លុយ​យក​មក​អភិវឌ្ឍន៍​ពុះ​ដី​ឡូត៍​បែងចែក​ជូន​ប្រជាពលរដ្ឋ​បែប​នេះ ព្រមទាំង​បាន​ចូលរួម​ជាមួយ​មូលដ្ឋាន​អាជ្ញាធរ​ឃុំ​-​ស្រុក​ផង​ដែរ ៕​

អត្ថបទសរសេរ ដោយ