ចំពោះ​មុខ​អាយុជីវិត​សំខាន់ ឬ​ការ​ជួបជុំ​សំខាន់​ជាង?


រាជធានី​ភ្នំពេញ​ ៖ ខណៈ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​គឺ​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី ១៣ ខែមេសា ស្អែក​នេះ​ហើយ​នោះ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ជា​ថ្មី​ម្តងទៀត​បាន​ក្រើនរម្លឹក​ដល់​ប្រជា ពល​រដ្ឋ​ខ្មែរ​ឲ្យ​យកចិត្តទុកដាក់​ខ្ពស់​លើ​អាយុជីវិត​របស់​ខ្លួន ដូច្នេះ​ចាំបាច់​ត្រូវ​អនុវត្ត​តាម​ការ​ណែ​នាំ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី ១២ ខែមេសា​នេះ​បាន​បង្ហោះ​សារ ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ​គឺ​នឹង​មក​ដល់​នៅ​ថ្ងៃ​ទី ១៣-១៦ មេ​សា ស្អែក​នេះ​។ បងប្អូន​ប្រជា​ពល​រដ្ឋ​អាច​ប្រារព្ធ​ពិធី​សែន​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នៅ​តាម​គេហដ្ឋាន​រៀង​ៗ​ខ្លួន​។

សម្តេច​តេ​ជោ បាន​ក្រើនរម្លឹក​បងប្អូន ជា​ថ្មី​ថា «​ចំពោះ​ការ​ប្រមូលផ្តុំ​មនុស្ស​ច្រើន​នៅ​តាម​វត្ត​អារាម រួម​ទាំង​កម្មវិធី​កំសាន្ត​សប្បាយ​នានា​នៅ​តាម​ទីធ្លា​សាធារណៈ និង​តាម​បណ្តា​វត្ត​ទូ​ទាំង​ប្រទេស​ គឺ​ត្រូវ​បាន​ផ្អាក​សម្រាប់​ឆ្នាំ​នេះ ដោយសារ​ប្រទេស​យើង​កំពុង​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​កម្ចាត់​មេរោគ​ឆ្លង​កូ​វី​ដ​-១៩ ជាមួយ​ពិ​ភ​លោក​។ ចំពោះ​មុខ គឺ​អាយុជីវិត​របស់​បងប្អូន​ប្រជាពលរដ្ឋ​សំខាន់​ខ្លាំង​បំផុត​»​។

បន្ថែម​ពីលើ​នេះ សម្តេច​ក៏​មិន​ភ្លេច​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ថា ទន្ទឹម​នឹង​នេះ គឺ​មាន​វិធី​ចាំបាច់​ងាយ​ៗ​មួយ​ចំនួន​ដែល​ពលរដ្ឋ​អាច​ធ្វើ​បាន​ដើម្បី​ការពារ​រោគ​ឆ្លង​កូ​វី​ដ​១-៩ គឺ​ត្រូវ​ពាក់​ម៉ាស ឬ​ក្រមា​, ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​, ទឹក​អាល់កុល ឬ​ជិ​ល​សម្លាប់​មេរោគ​និង​បាក់តេរី​, កុំ​នៅ​ផ្តុំ​គ្នា​ច្រើន​, កុំ​ប​ម្លា​ស់​ប្តូរ​ទី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ក្នុង​ពេល​ដែល​មានការ​រីក​រាលដាល​ឆ្លង​ដែល​យើង​មើល​មិនឃើញ ដែល​អាច​នាំ​មេរោគ​ពី​យើង​ទៅ​គេ ឬ​ពី​គេ​មក​យើង​ទាំង​ក្នុង​ពេល​ធ្វើ​ដំណើរ និង​ក្នុង​ពេល​ស្នាក់​អាស្រ័យ​នៅ​ជាដើម​។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា «​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ នេះ​ងាយ​ឆ្លង​លឿន​សាហាវ​ពេក ទើប​​រាជរដ្ឋាភិបាល​សម្រេច​ដាក់​បម្រាម​ហាម​មិន​អោយ​ពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​កាន់​ខេត្ត​មួយ និង​បាន​លើក​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​២០២០ ទៅ​ពេល​ក្រោយ​ដែល​នឹង​សង​ជូន​ថ្ងៃ​ឈប់​សម្រាក (៥) ថ្ងៃ​មក​វិញ នៅ​ពេល​ណា​ដែល​ប្រទេស​ជាតិ​វិល​ត្រឡប់​មក​កាន់​ស្ថានភាព​ធម្មតា​គ្មាន​ជំងឺ​កូ​វី​ដ​-១៩» ។

ព្រម​ជាមួយ​គ្នា​នោះ​ថ្នាក់ដឹកនាំ​កំពូល​ក៏​បាន​អរគុណ​មន្ត្រីរាជការ ក្រុមហ៊ុន​ឯកជន និង​ក្មួយ​ៗ​កម្​មករ​ដែល​ចូលរួម​ប្រ​យុ​ទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​កូ​វី​ដ​១៩ ដោយ​បន្ត​ធ្វើ​ការងារ​ជា​ធម្មតា​នៅ​ក្នុង​កំឡុង​ពេល​ចូល​ឆ្នាំ​នេះ​។ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​ទាំងអស់​ជួប​តែ​សេចក្តីសុខ និង​សំណាងល្អ​នៅ​ក្នុង​ឱកាស​នៃ​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ ២០២០៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ