ក្នុងសម័យកាលនេះ មនុស្សដែលជោគជ័យភាគច្រើនមិនចូលចិត្តទំនេរចោលគ្មានការងារធ្វើទេ ដែលជាហេតុធ្វើឲ្យមនុស្សកាន់តែច្រើនយកការងារដាក់ខ្លួនរហូតគ្មានពេលសម្រាកដើម្បីរកលុយនិងសម្រេចគោលដៅផ្សេងៗក្នុងជីវិត ។
សម្រាប់ការងារមួយចំនួន ចំនួនម៉ោងដែលអ្នកធ្វើការ និងលទ្ធផលការងាររបស់អ្នកអាចជះឥទ្ធិពលលើគ្នាបានផ្ទាល់ តែសម្រាប់ការងារមួយចំនួនទៀតដែលទាមទារការគិតច្រើន ការធ្វើការមិនឈប់ឈរមិនអាចជួយឲ្យអ្នកបង្កើតបានគំនិតល្អៗនិងថ្មីៗបានទេ ។ ខាងក្រោម គឺជាអត្ថប្រយោជន៍នៃការកាត់បន្ថយម៉ោងធ្វើការ៖
១. វាបង្ខំឲ្យអ្នករៀបចំពេលវេលាឲ្យបានច្បាស់លាស់
ជាក់ស្តែង មិនមែនការងារទាំងអស់ដែលអ្នកមានក្នុងដៃមានសារៈសំខាន់ស្មើៗគ្នាទេ ។ ពេលដែលពេលវេលាមានកំណត់ អ្នកត្រូវតែបង្ខំឲ្យខ្លួនរៀបចំការងារសាជាថ្មី និងផ្តោតស្មារតីតែលើអ្វីដែលសំខាន់សម្រាប់អ្នកប៉ុណ្ណោះខណៈដែលបោះបង់ការងារផ្សេងទៀតដែលខ្ជះខ្ជាយពេលវេលារបស់អ្នក ។
២. អ្នកចាប់ផ្តើមផ្តោតស្មារតីលើលទ្ធផលការងាររបស់អ្នកវិញ
ពេលដែលអ្នកចាប់ផ្តើមបំពេញតែការងារសំខាន់ អ្នកនឹងចាប់ផ្តើមមើលឃើញលទ្ធផលការងាររបស់អ្នកកាន់តែច្បាស់លាស់ដែរ ។ ហើយការធ្វើដូច្នេះជួយឲ្យអ្នកមានភាពងាយស្រួលក្នុងការបដិសេធនឹងការងារដែលអ្នកគិតថាមិនសំខាន់សម្រាប់អ្នក ។
៣. វាបង្ខំឲ្យអ្នកចេះចាត់ចែងការងារបានល្អជាងមុន
ប្រសិនបើអ្នកមានការងារដែលត្រូវការប្រមាណ ១០ម៉ោងតែអ្នកមានតែ ៨ម៉ោងសម្រាប់ធ្វើការនោះ វានឹងបង្ខំឲ្យអ្នកចាប់ផ្តើមបែងចែកការងារមួយចំនួនដើម្បីបង្កើនប្រសិទ្ធិភាពការងាររបស់អ្នកដែរ ។ ការធ្វើដូច្នេះមិនត្រឹមតែបង្កើនប្រសិទ្ធិភាពការងាររបស់អ្នកទេ តែថែមទាំងជួយឲ្យអ្នកដទៃក្នុងក្រុមការងាររបស់អ្នករៀនសូត្របន្ថែមផងដែរ ។
៤. អ្នកនឹងមានភាពច្នៃប្រឌិតជាងមុន
យោងទៅតាមការសិក្សាមួយនៅឆ្នាំ ២០១៤ ដោយសាស្ត្រាចារ្យម្នាក់មកពីសាកលវិទ្យាល័យ University of California បានឲ្យដឹងថា អ្នកនិពន្ធរកឃើញគំនិតថ្មីៗពេលដែលពួកគេមិនធ្វើការ ។ ជាក់ស្តែង ពេលដែលខួរក្បាលមិនគិតពីការងារគ្រប់ពេល វាអនុញ្ញាតឲ្យអ្នកចាប់ផ្តើមគិតឃើញនូវគំនិតថ្មីៗដែលអាចជួយរកលុយឲ្យអ្នកនៅថ្ងៃមុខបាន ។ លើសពីនេះទៅទៀត ការទុកពេលសម្រាប់សកម្មភាពផ្សេងៗក្នុងជីវិតអាចជួយដល់សុខភាពរបស់អ្នក និងធ្វើឲ្យជីវិតអ្នកកាន់តែមានសុភមង្គលផងដែរ ៕
ចែករំលែកព័តមាននេះ